សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រជាជនតំបន់កាហ្សាបានសម្រុកចូលឃ្លាំងស្បៀងអង្គការសហប្រជាជាតិ ដោយសារខ្វះអាហារធ្ងន់ធ្ងរ
30, Oct 2023 , 8:59 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ប្រជាជនដែលរស់នៅតំបន់កាហ្សារាប់ពាន់នាក់បានសម្រុកចូលទៅក្នុងឃ្លាំង និងមជ្ឈមណ្ឌលចែកចាយជំនួយរបស់អង្គការសហប្រជាជាតិ ដើម្បីស្វែងរកស្បៀងអាហារ និងសម្ភារៈចាំបាច់ នៅថ្ងៃទី២៩ ខែតុលា ។

 
វិបត្តិខ្វះខាតស្បៀងអាហារនៅតំបន់កាហ្សាកាន់តែអាក្រក់ទៅៗ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ស្រូវសាលី ម្សៅ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀត ត្រូវបានលួចចេញពីឃ្លាំងមួយចំនួន។
 
មន្ត្រី UNRWA លោក Thomas White បានលើកឡើងថា ៖« នេះជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយដែលសណ្តាប់ធ្នាប់ស៊ីវិលកំពុងចាប់ផ្តើមដួលរលំបន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលបីសប្តាហ៍ និងការបិទផ្លូវតំបន់កាហ្សា»។
 
ឃ្លាំងមួយក្នុងចំណោមឃ្លាំងដែលមានទីតាំងនៅ Deir al-Balah ភាគកណ្តាលតំបន់កាហ្សា ជាកន្លែងដែល UNRWA រក្សាទុកការផ្គត់ផ្គង់ស្បៀងរបស់ក្បួនរថយន្តមនុស្សធម៌ ដែលជាច្រកចូលពីអេហ្ស៊ីប។
 
ការផ្គត់ផ្គង់ស្បៀងត្រូវបានអស់ ខណៈពេលដែលជំនួយមនុស្សធម៌ទៅដល់កាហ្សា ដោយឡានដឹកទំនិញពីអេហ្ស៊ីបមិនគ្រប់គ្រាន់នោះទេ។ តម្រូវការរបស់សហគមន៍មានទំហំធំ ស្របពេលជំនួយដែលទទួលបាន គឺតិចតួច និងមិនទៀងទាត់។
 
បើតាម ​​UNRWA សមត្ថភាពក្នុងការជួយប្រជាជននៅតំបន់កាហ្សាមានកម្រិត ដោយសារតែការវាយឆ្មក់ ដែលបានសម្លាប់បុគ្គលិករបស់ខ្លួនជាង ៥០នាក់ និងធ្វើឱ្យមានការលំបាកក្នុងការដឹកជញ្ជូនការផ្គត់ផ្គង់។
 
ការផ្គត់ផ្គង់ជំនួយដល់កាហ្សាបានជាប់គាំង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដែលធ្វើឲ្យជីវិតរស់នៅតំបន់នោះមានការលំបាកខ្លាំង។ អ៊ីស្រាអែល​បាន​បិទ​តំបន់កាហ្សា​ទាំង​ស្រុង ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​តុលា។ 
 
យ៉ាងណា ក្បួនរថយន្តជំនួយត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់តំបន់កាហ្សា តាមច្រកព្រំដែនជាមួយអេហ្ស៊ីប ចាប់តាំងពីថ្ងៃទី២១ ខែតុលា ។ ប៉ុន្តែចំនួននេះមានកម្រិតនៅឡើយ ។ តំបន់នេះកំពុងខ្វះខាតអាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ មនុស្សជាង ៨ពាន់នាក់នៅទីនេះបានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង៕ 
 

Tag:
 កាហ្សា
  ស្បៀងអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com