សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុនគ្រោងវិនិយោគជាង ១៣ពាន់លានដុល្លារ នៅបណ្តាប្រទេសភាគខាងត្បូងពិភពលោក
31, Oct 2023 , 9:09 am        
រូបភាព
រូបភាព ៖  AFP
រូបភាព ៖ AFP
ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន បណ្តាក្រុមហ៊ុននានាគ្រោងវិនិយោគប្រហែល ២ទ្រីលានយ៉េន (១៣,៣ពាន់លានដុល្លារ) នៅប្រទេសនានាភាគខាងត្បូងពិភពលោក។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei ។

 
ជប៉ុនគ្រោងវិនិយោគជាង ១៣ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ប្រទេសនានាភាគ​ខាង​ត្បូង​ពិភពលោក (Global South) ដែលជាវិធានការមួយក្នុងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងសេដ្ឋកិច្ចដែលសម្បូរធនធាន។
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Yasutoshi Nishimura បានលើកឡើងថា ជប៉ុននឹងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការគាំទ្រ និងការវិនិយោគ ដើម្បីស្វែងរកដំណោះស្រាយចំពោះសង្គម ដែលកំពុងប្រឈមមុខនឹងទីផ្សារ ដែលកំពុងរីកចម្រើន ដូចជាការកាត់បន្ថយការបំភាយកាបូន និងការលើកកម្ពស់ការជំរុញឌីជីថលនីយកម្ម។
 
លើសពីនេះ ជប៉ុននឹងពង្រីកកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការរុករករ៉ែនៅក្នុងទីក្រុង ការកែច្នៃឡើងវិញនូវសារធាតុរ៉ែសំខាន់ៗពីគ្រឿងអេឡិចត្រូនិក ដែលបោះបង់ចោល និងការផ្តល់សេវាសុខភាព និងការអប់រំដោយប្រើបច្ចេកវិទ្យាឌីជីថល។
 
ការវិនិយោគទាំងនេះ មានគោលបំណងលើកទឹកចិត្តដល់អាជីវកម្មថ្មីរបស់ជប៉ុន ឱ្យចូលទៅក្នុងបណ្តាប្រទេស Global South នៅតំបន់អាស៊ី អាហ្វ្រិក អាម៉េរិកឡាទីន និងអូសេអានី។
 
បច្ចុប្បន្ននេះ ជប៉ុនបានបង្កើតក្រុមប្រឹក្សាមួយស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលកំពុងរៀបចំគោលនយោបាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំក្រោយ។
 
ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ជប៉ុនបានអញ្ជើញបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ឥណ្ឌូណេស៊ី កេនយ៉ា និងស៊ីលី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសឧស្សាហកម្ម (Group of Trade Ministers G7) នៅទីក្រុង Sakai នាថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែតុលា៕
 
 

Tag:
 ជប៉ុន
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com