ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ជុំវិញតំបន់អាស៊ាន រួមគ្នាថែរក្សាសោភណ្ឌភាពរមណីយដ្ឋានអង្គរ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ដោយប្រារព្ធពិធីដាំដើមឈើ នៅមុខប្រាសាទអង្គរវត្ត
30, Oct 2023 , 5:31 pm        
រូបភាព
សៀមរាប៖ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ក្រោមកិច្ចដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីដាំកូនឈើ ក្រោម «យុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក» នៅកសិន្ធខាងត្បូង មុខប្រាសាទអង្គរវត្ត ដែលជាសម្បត្តិវប្បធម៌អច្ឆរិយ ក្នុងខេត្តសៀមរាប។
 
កម្មវិធីដ៏ប្រពៃនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា រួមទាំងប្រធានក្រុមប្រឹក្សាភិបាលរបស់ស៊ីអាយអិមប៊ី គ្រុប ប្រធាននាយកប្រតិបត្តិរបស់ស៊ីអាយអិមប៊ី គ្រុប និងប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស៊ីអាយអិមប៊ី ក្នុងប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជាក្រុមប្រឹក្សាភិបាល របស់ធនាគារ CIMB មកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ាន រួមមានម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើនទៀត ប្រមាណ ៥០០នាក់ផងដែរ។
 
តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យ​ទេស​​ចរណ៍ជាតិ ខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏មានវិសាលភាព ជាមួយនឹងការប្រមូលផ្តុំដោយប្រាង្គប្រាសាទដ៏ធំបំផុតក្នុងលោក ត្រូវបានកែប្រែមុខមាត់កាន់តែស្រស់ស្អាតជាលំដាប់ រួមមានការកែលម្អសួនច្បារ និងផ្លូវចរាចរណ៍ទូទាំងក្រុងសៀមរាប យ៉ាងមានសោភណ្ឌភាព។ ដើម្បីរួមចំណែកគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងលើកស្ទួយវិស័យទេសចរណ៍នេះ ធនាគារ CIMB ដែលជាធនាគារអន្តរជាតិឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា បានរៀបចំព្រិត្តិការណ៍នេះឡើង ស្របតាមចក្ខុវិស័យរបស់ស៊ីអាយអិមប៊ី គ្រុប ផ្នែកបរិស្ថាន ក្នុងការលើកកម្ពស់និរន្តរភាព ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយសោភណ្ឌភាព នៃតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងផ្សព្វផ្សាយវិស័យទេសចរណ៍ទាំងមូល តាមរយៈការដាំដើមឈើចំនួនជិតពីរពាន់ដើម និងស្មៅចំនួនប្រាំពាន់ម៉ែត្រការ៉េ ស្របពេលដែលធនាគារ ស៊ីអាយអិមប៊ី កំពុងរៀបចំព្រឹត្តិការណ៍ប្រជុំប្រចាំឆ្នាំថ្នាក់តំបន់ ក្នុងខេត្តសៀមរាប។
 


ថ្លែងក្នុងពិធីនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា បានចាត់ទុកការចូលរួមរបស់វិស័យឯកជននាពេលនេះ ថាជាការចូលរួមលើកកម្ពស់វិស័យបេតិកភណ្ឌ បរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកជំទាវបន្ថែមថា កាយវិការរបស់វិស័យឯកជន ក្នុងការចូលរួមជាមួយរដ្ឋនៅពេលនេះ ជាកាយវិការដ៏ល្អ ឆ្លុះបញ្ចាំងពីការចូលរួមអភិរក្សប្រាសាទ ហើយការដាំកូនឈើឡើងវិញ ជាផ្នែកមួយដ៏សំខាន់សម្រាប់កិច្ច ការងារអភិរក្សតំបន់បេតិកភណ្ឌរមណីយដ្ឋានអង្គរ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់វិស័យឯកជនដទៃទៀត ចូលរួមជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការងារមួយនេះ ធ្វើយ៉ាងណា ដើម្បីបរិស្ថានតំបន់រមណីយដ្ឋានអង្គរកាន់តែស្រស់ស្អាត ទាក់ទាញទេសចរកាន់តែច្រើនបន្ថែមទៀត។
 
ក្នុងនាមជាក្រុមហ៊ុនឯកជន ដែលបានចូលរួមរៀបចំកម្មវិធីនេះ លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «តាងនាមឲ្យធនាគារ CIMB ទាំងមូល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអនុញ្ញាត និងចូលរួមជាមួយយើងខ្ញុំ ក្នុងការប្រារព្ធពិធីដាំដើមឈើ នាថ្ងៃនេះ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ CIMB មកពីបណ្តាប្រទេស ក្នុងតំបន់អាស៊ាន បានអញ្ជើញចូលរួមកម្មវិធីដ៏មានសារៈសំខាន់នេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការជួយត្រឡប់ ទៅកាន់តែសហគមន៍ តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមជាច្រើនរបស់យើងខ្ញុំ ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ កីឡា បរិស្ថាន សុខុមាលភាព និងអប់រំជាដើម។ លើសពីកិច្ចការងារជួយដល់សង្គមកន្លងមក យើងខ្ញុំនឹងបន្តការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ធនធានមនុស្ស ការលើកស្ទួយ ផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ក៏ដូចជារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលផងដែរ»។
 
សូមបញ្ជាក់ផងដែរថា ធនាគារ CIMB ធ្លាប់បានចូលរួមប្រារព្ធពិធីដាំដើមឈើ ជាមួយអាជ្ញាធរជាតិអប្សរា នៅប្រាសាទបន្ទាយក្តី ដែលស្ថិតក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាបម្តងរួចមកហើយ កាលពីឆ្នាំ២០២០។ ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១០ ហើយបច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤ទីតាំង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសំខាន់ៗ។
 
(អត្ថបទពាណិជ្ជកម្ម)
 









 

© រក្សាសិទ្ធិដោយ thmeythmey.com