សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
World Bank៖តម្លៃប្រេងអាចហក់ដល់១៥៧ដុល្លារ​ក្នុងមួយប៉ារែល បើ​ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់
31, Oct 2023 , 11:34 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ធនាគារពិភពលោក បានព្យាករណ៍ដោយផ្អែកតាមប្រវត្តិសាស្រ្តនៃសង្គ្រាមថា ប្រសិនជម្លោះអ៊ីស្រាអែល-ហាម៉ាស ស្រដៀងនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ តម្លៃប្រេង នឹងកើនឡើងដល់​១០៩ដុល្លារ ទៅ១២១ដុល្លារក្នុងមួយបារ៉ែល។ ហើយបើអាក្រក់បំផុត អាចឡើងដល់១៤០ដុល្លារ ទៅ១៥៧ដុល្លារក្នុងមួយបារ៉ែល។

 
ធនាគារពិភពលោក (WB) នៅថ្ងៃទី៣០ ខែតុលា បានព្រមានថា ភាពតានតឹងរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស អាចនាំឱ្យមានការភ្ញាក់ផ្អើលចំពោះតម្លៃនៃវត្ថុធាតុដើម ដូចជាប្រេង និងផលិតផលកសិកម្ម ប្រសិនបើជម្លោះកើនឡើង ហើយរាលដាលពាសពេញមជ្ឈិមបូព៌ា។
 
ប្រមុខសេដ្ឋវិទូរបស់ WB លោក Indermit Gill បាននិយាយថា ស្ថានភាពសង្រ្គាមនៅតំបន់កាហ្សា និងភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើឱ្យជម្លោះនេះក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះទីផ្សារទំនិញ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចពិភពលោក ។
 
បើតាមអ្នកជំនាញរូបនេះ អ្នកបង្កើតគោលនយោបាយត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះប្រសិនបើជម្លោះនៅតែបន្តកើនឡើង សេដ្ឋកិច្ចពិភពលោក នឹងប្រឈមមុខការឆក់ថាមពលទ្វេដងជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ទាំងជម្លោះនៅអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា។
 
យោងតាមរបាយការណ៍ទស្សនវិស័យទីផ្សារទំនិញរបស់ធនាគារពិភពលោក តម្លៃប្រេងបានកើនឡើង ៦ភាគរយចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់កាហ្សា ខណៈដែលតម្លៃទំនិញកសិកម្ម លោហៈ និងទំនិញផ្សេងៗទៀត ស្ទើរតែមិនប្រែប្រួល។
 
ដោយផ្អែកលើប្រវត្តិសាស្រ្តនៃជម្លោះក្នុងតំបន់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ របាយការណ៍របស់ធនាគារពិភពលោក បានព្យាករណ៍អំពីសេណារីយ៉ូចំនួន៣ ជាមួយនឹងការកើនឡើងនៃភាពធ្ងន់ធ្ងរ។ នៅក្នុងសេណារីយ៉ូសុទិដ្ឋិនិយម​ ផលប៉ះពាល់ស្រដៀងគ្នាទៅនឹងសង្រ្គាមស៊ីវិលនៅលីប៊ីក្នុងឆ្នាំ ២០១១ តម្លៃប្រេងអាចកើនឡើងពី ៣ភាគរយ ទៅ១៣ភាគរយ គិតជាតម្លៃចន្លោះពី ៩៣ដុល្លារដល់ ១០២ដុល្លារក្នុងមួយធុង។ 
 
ប្រសិនហានិភ័យមធ្យមនៃការរំខានដូចទៅនឹងសង្រ្គាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ តម្លៃប្រេងអាចកើនឡើងចន្លោះ ១០៩ដុល្លារដល់ ១២១ដុល្លារក្នុងមួយធុង។ សេណារីយ៉ូអាក្រក់បំផុត តម្លៃប្រេងអាចហក់ដល់កម្រិត១៤០ដុល្លារទៅ ១៥៧ដុល្លារក្នុងមួយបារ៉ែល ដែលទំនងជាលើសពីកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០០៨។
 
អ្នកជំនាញ WB មួយរូបទៀតលោក Ayhan Kose បានបញ្ជាក់ថា ការកើនឡើងតម្លៃប្រេង រយៈពេលវែង នឹងជំរុញឱ្យតម្លៃអាហារកើនឡើង។ ប្រសិនបើសេណារីយ៉ូអាក្រក់នៃតម្លៃប្រេងធ្ងន់ធ្ងរ ក្លាយជាការពិត អតិផរណាតម្លៃម្ហូបអាហារ ដែលបានកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន នឹងបន្តកើនឡើង៕ 
 

Tag:
 ប្រេង
  អ៊ីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com