សង្គមអន្តរជាតិ​
អន្តរជាតិ
ថៃកាត់បន្ថយថ្លៃទិដ្ឋាការ និងស្នាក់នៅសម្រាប់ពលករកម្ពុជា​
31, Oct 2023 , 12:02 pm        
រូបភាព
ពលករ​ចំណាក​ស្រុក​ខ្មែរ​ដើរ​ឆ្លង​កាត់​ព្រំដែន​អារញ្ញ​ក្នុង​ខេត្ត​ស្រះកែវ ។ រូបភាព ៖  Reuters
ពលករ​ចំណាក​ស្រុក​ខ្មែរ​ដើរ​ឆ្លង​កាត់​ព្រំដែន​អារញ្ញ​ក្នុង​ខេត្ត​ស្រះកែវ ។ រូបភាព ៖ Reuters
យោងតាមសេចក្តីសម្រេចរបស់ថៃ តម្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសវៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានកាត់បន្ថយមកត្រឹម ៥០០បាត (១៣,៨៥ដុល្លារ) ខណៈតម្លៃស្នាក់នៅបណ្តោះអាសន្នក៏ត្រូវបានកាត់បន្ថយមកត្រឹម ៥០០បាតផងដែរ។

 
ក្រសួងការងារថៃទើបតែបានចេញប្រកាសពីតម្លៃថ្មីសម្រាប់ការធ្វើតេស្ត និងចេញប័ណ្ណការងារសម្រាប់ពលករបរទេសមកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ជាពិសេស តម្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសទាំងបួននេះ ត្រូវបានកាត់បន្ថយពីបច្ចុប្បន្ន ២០០០បាតមក ៥០០បាត ហើយតម្លៃស្នាក់នៅបណ្តោះអាសន្ន (ថ្លៃបន្តទិដ្ឋាការជារៀងរាល់ឆ្នាំ) ក៏ត្រូវបានកាត់បន្ថយពី ១៩០០បាតទៅ ៥០០បាតផងដែរ។
 
ប្រកាសនេះមានសុពលភាពរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអនុវត្តចំពោះពលករបរទេសមកពីប្រទេសទាំង៤ នេះ ដែលចូលមកថៃ ដើម្បីធ្វើការដោយឈរលើមូលដ្ឋានកិច្ចសន្យាការងារ ឬអនុស្សរណៈនៃការយោគយល់គ្នា (MoU) ទាក់ទងនឹងការជ្រើសរើសការងារ។
 
ក្រសួងការងារថៃ បានសង្កត់ធ្ងន់ថា ប្រកាសនេះ ស្របទៅនឹងវិធីសាស្រ្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង ការជ្រើសរើសពលករបរទេស ដើម្បីបង្កើនភាពប្រកួតរបស់ប្រទេស និងគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាលដាលជំងឺកូវីដ-១៩។
 
ការកាត់បន្ថយថ្លៃសេវារួមចំណែកកាត់បន្ថយបន្ទុកហិរញ្ញវត្ថុទាំងនិយោជិត និងនិយោជក លើកកម្ពស់ការងារស្របច្បាប់ និងដោះស្រាយបញ្ហាពលករបរទេស ដែលចូលមកថៃសម្រាប់គោលបំណងការងារ។
 
បើតាមព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងការងារបរទេសថៃ ក្នុងខែកញ្ញា ថៃមានពលករបរទេសសរុបចំនួន ២ ៥៩៣ ៤៣៩នាក់ ហើយនៅមានកម្មករប្រមាណ១ លាននាក់ទៀត កំពុងដំណើរការស្នើសុំប័ណ្ណការងារ។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣៕ 
 

Tag:
 ថៃ
  ពលករ
  កម្ពុជា​ វៀតណាម
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com