កិច្ចសន្យា២ឆ្នាំរបស់លោក Satoshi Saito ជាមួយក្រុមហ៊ុនខេមបូឌានព្រីមៀលីគ (CPL) បានឈានដល់ទីបញ្ចប់ ហើយក៏មិនមានការបន្តថ្មីនោះដែរ។ CPL បានបញ្ជាក់យ៉ាងដូច្នេះក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែតុលា ខណៈកិច្ចសន្យារបស់នាយកប្រតិបត្តិជនជាតិជប៉ុនរូបនេះ មានសុពលភាពរហូតដល់ចុងឆ្នាំ។
ក្លិបជាសមាជិកនឹងក្លាយជាម្ចាស់ភាគហ៊ុនច្រើនរបស់ក្រុមហ៊ុន
«ក្រុមហ៊ុនខេមបូឌានមៀរលីគ នឹងធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន ឱ្យមានក្លិបដែលជាសមាជិកក្លាយជាម្ចាស់ភាគហ៊ុនភាគច្រើនរបស់ក្រុមហ៊ុន»។ នេះជាការបញ្ជាក់របស់ CPL ជាមួយនឹងការប្រកាសមិនបន្តកិច្ចសន្យាជាមួយលោក Satoshi Saito។
ក្រុមហ៊ុនដែលទទួលបន្ទុកគ្រប់គ្រងក្របខណ្ឌ Cambodian Premier League, Cambodian League 2 និង E-Cambodian Premier League បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កំណែទម្រង់នេះគឺធ្វើឡើងដើម្បីឱ្យក្លិបជាសមាជិកមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនក្នុងការសម្រេចចិត្ត និងគ្រប់គ្រងសកម្មភាព ដំណើរការអភិវឌ្ឍលីគ។
ក្រោយការចាកចេញរបស់លោក Satoshi Saito ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ន ទុកភារកិច្ចក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី ក៏ដូចជាសមាសភាពបុគ្គលិក (នាយកប្រតិបត្តិ នាយកទីផ្សារ នាយកបច្ចេកទេស…..) ឱ្យទៅក្រុមប្រឹក្សាភិបាលថ្មី បន្ទាប់ពីធ្វើកំណែទម្រង់។
CPL បានបញ្ជាក់បន្ថែមថា៖ «ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងផ្តល់ការគាំទ្រផ្នែកដឹកនាំប្រតិបត្តិដល់ការប្រកួតលីគ រហូតដល់ការរៀបចំរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរួចរាល់»។
រូបភាព៖-CPL
ផ្លូវបើកជានិច្ចសម្រាប់លោក Satoshi Saito
តាមពិតទៅ កិច្ចសន្យារបស់អ្នកជំនាញរដ្ឋបាលកីឡាជប៉ុនរូបនេះ នឹងត្រូវបញ្ចប់នៅខែធ្នូ ប៉ុន្តែក្រុមប្រឹក្សាភិបាល CPL បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនមុនពីរខែ។ ហេតុផលមួយក្នុងចំណោមការសម្រេចចិត្តនេះ គឺ CPL ចង់ឱ្យ លោក Saito មានពេលវេលាគ្រប់គ្រាន់ដោះស្រាយបញ្ហាគ្រួសារនៅអេស្ប៉ាញ។ លោក សុខា រ៉ានាថ តំណាងក្រុមប្រឹក្សាភិបាល CPL បានអះអាងយ៉ាងដូច្នេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកត្តាចម្បងនោះ គឺក្រុមហ៊ុនមានគម្រោងរុះរើ និងកំណែទម្រង់លីគជាថ្មី ដោយជ្រើសរើស CEO ថ្មីដើម្បីកាន់តំណែងរយៈពេលយូរ។
យ៉ាងណាក៏ដោយ លោក Satoshi នៅតែមានឱកាសធ្វើការក្នុងក្រុមហ៊ុន CPL ដដែល ក្នុងតំណែងណាមួយ ប្រសិនបើ CEO ថ្មីចង់បាន។ តំណាងក្រុមប្រឹក្សា CPL បានបញ្ជាក់ថា៖ «យើងត្រូវការកំណែទម្រង់ថ្មី។ ប្រសិនជាអ្នកចូលមកថ្មីកាន់តំណែង CEO គេយក លោក Saito មកធ្វើការជារឿងរបស់គេ ប៉ុន្ដែពេលនេះ យើងបញ្ចប់កុងត្រាជាមួយគាត់។ យើង ត្រូវបញ្ចប់ជាមួយគាត់សិន ដើម្បីឲ្យអ្នកថ្មីចូលមក អាចសម្រេចចិត្តធ្វើការតាមការងាររបស់គេ»។
ជាមួយគ្នានេះ លោក សុខា រ៉ានាថ បន្ថែមថា បើទោះបីជាលោក Saito លែងមានតួនាទីជា CEO ក៏ដោយ ក៏គាត់នៅអាចធ្វើជាភ្នាក់ងារឯករាជ្យ (Free Agent) ដើម្បីស្វែងរកដៃគូឧបត្ថម្ភសម្រាប់ក្របខណ្ឌបាល់ទាត់កម្ពុជា ដោយទទួលយកភាគលាភពីការងាររបស់ខ្លួន។
ពី Barcelona មកកម្ពុជា
លោក Satoshi Saito អ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍ជាអន្តរជាតិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងឱ្យកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian League Football Company) កាលពីទី១៤ ខែតុលា ឆ្នាំ២០២១ ហើយបានចាប់ផ្ដើមសម័យកាលកីឡាបាល់ទាត់កម្ពុជាថ្មីមួយ ឈ្មោះថា Cambodian Premier League បន្ទាប់ Metofne Cambodian League ឬ C-League បានបញ្ចប់សម័យកាល។
CLFC ជាគំនិតផ្តួចផ្តើមឡើងដោយ FFC ដើម្បីធានាដល់ការអភិវឌ្ឍបាល់ទាត់កម្ពុជា ជាពិសេសគោលដៅសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកន្លងទៅ។ ក្រៅពីបង្កើតក្របខណ្ឌ Cambodian Premier League ក្រុម CPL ក៏បានរៀបចំ Cambodian League 2 និងក្របខណ្ឌកីឡាអេឡិចត្រូនិក E-Cambodian Premier League ជាបន្តបន្ទាប់ផងដែរ។
មុនឡើងមកកាន់តំណែងនេះ លោក Saito មានបទពិសោធន៍ជាង៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) ក្នុងតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ជាមន្ត្រីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។
លោក Saito ដែលមានសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Keio University ប្រទេសជប៉ុន និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសេដ្ឋកិច្ចពីសាលា ESADE Business School ក្នុងប្រទេសអេស្ប៉ាញ ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិរបស់ក្លិបកំពូលអេស្ប៉ាញ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ បន្ទាប់មកជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ។
«ខ្ញុំមកទីនេះដើម្បីជួយលីគកម្ពុជា»។ អ្នកជំនាញរដ្ឋបាលកីឡាជប៉ុន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយសារព័ត៌មានឌីជីថលថ្មីៗ ដោយលោកមានមហិច្ឆតានាំឱ្យក្របខណ្ឌបាល់ទាត់កម្ពុជាក្លាយជាលីគ ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ាន បើទោះត្រូវប្រជែងខ្លាំងជាមួយលីគដែលកំពុងអភិវឌ្ឍលឿនក៏ដោយ។
លោក Satoshi Saito តែងតែសម្លឹងឃើញចំណុចវិជ្ជមានរបស់កីឡាករកម្ពុជា បើទោះជាជាក់ស្ដែង កីឡាករទាំងនោះមានចំណុចខ្វះខាតខ្លះក៏ដោយ។ លោកបានប្រៀបធៀបថា៖ «វាងាយស្រួលណាស់ក្នុងការប្រៀបធៀប ជាមួយជប៉ុន, កូរ៉េខាងត្បូង, ឬមួយក៏ចិន ហើយអ្នកនឹងឃើញអ្វីមួយ ដែលកម្ពុជាមិនមាន។ ខ្ញុំមិនមើលទៅលើអ្វីដែលកម្ពុជា មិនមានទេ ប៉ុន្ដែខ្ញុំមើលទៅលើអ្វីដែលកម្ពុជាកំពុងមានក្នុងដៃ។ យើង មានរឿងវិជ្ជមានជាច្រើន»៕