សង្គមអន្តរជាតិ​
អន្តរជាតិ
អុីស្រាអែល​ប្ដេជ្ញា​មិន​បញ្ឈប់​សង្គ្រាម​ប្រឆាំង​ក្រុម​ហាម៉ាស
31, Oct 2023 , 5:09 pm        
រូបភាព
នាយករដ្ឋមន្រ្តីអុីស្រាអែល ណេតានយ៉ាហ៊ូ ។ រូបភាព ៖ AP
នាយករដ្ឋមន្រ្តីអុីស្រាអែល ណេតានយ៉ាហ៊ូ ។ រូបភាព ៖ AP
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ បានប្រកាសនៅថ្ងៃទី៣០ ខែតុលា ថា អ៊ីស្រាអែលនឹងមិនបញ្ឈប់បទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅតំបន់កាហ្សា ហើយនឹងបន្តផែនការរបស់ខ្លួន ក្នុងការបំផ្លាញក្រុមនេះ។

 
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្កើនការព្រួយបារម្ភដែលអាចរាលដាលពាសពេញមជ្ឍឹមបូព៌ា។ លោក ណេតានយ៉ាហ៊ូ បានលើកឡើងថា រាល់សង្គ្រាមតែងតែមានជនស៊ីវិលស្លាប់ដោយអចេតនា ហើយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់កាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស ជាសង្រ្គាមប្រឆាំងភាពព្រៃផ្សៃ។ លោកអំពាវនាវឱ្យសម្ព័ន្ធមិត្តគាំទ្រអ៊ីស្រាអែលបន្តទៀត។
 
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្រ្តអ៊ីស្រាអែលលោក Ron Dermer បាននិយាយថា ការសម្របសម្រួលរបស់អ៊ីស្រាអែលជាមួយអាម៉េរិកក្នុងសង្គ្រាមជាមួយក្រុមហាម៉ាស គឺមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនោះទេ។ 
 
ទន្ទឹមនេះ​ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បានលើកឡើងថា នៅ​តំបន់ឆ្នេរភាគខាងលិចដែល​កាន់កាប់មាន​តែ​កងទ័ព និង​ប៉ូលិស​អ៊ីស្រាអែល​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​កម្លាំង។
 
អ្នកជំនាញខាងយោធាបានប្រាប់សារព័ត៌មាន​ Reuters ថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើចលនាសន្សឹមៗក្នុងការវាយលុកនៅតំបន់កាហ្សាមួយផ្នែក ដើម្បីបើកលទ្ធភាពទាក់ទាញពួកសកម្មប្រយុទ្ធហាម៉ាស ឱ្យចរចាដោះលែងចំណាប់ខ្មាំងជាង ២០០នាក់ ដែលកំពុងចាប់ខ្លួន។
 
នាយករដ្ឋមន្ត្រី ណេតានយ៉ាហ៊ូ បាននិយាយកាលពីសប្តាហ៍មុនថា ការជួយសង្គ្រោះចំណាប់ខ្មាំង គឺជាផ្នែកមួយសំខាន់នៃគោលដៅរបស់យោធាអ៊ីស្រាអែល នៅកាហ្សា។
 
ក្រុមហាម៉ាស់ ដែលជាក្រុមអ៊ីស្លាមប្រដាប់អាវុធគ្រប់គ្រងតំបន់កាហ្សា រហូតមកដល់ពេលនេះ បានដោះលែងជនស៊ីវិល ៤នាក់ ក្នុងចំណោមចំណាប់ខ្មាំង ២៣៩នាក់ ដែលក្រុមហាម៉ាស់បានចាប់ខ្លួន។ អ្នកទាំងនេះ​ភាគច្រើន​ ស្ថិតនៅក្នុង​បណ្តាញ​ផ្លូវ​រូងក្រោមដី​របស់​ក្រុម​ហាម៉ាស ​ដែលមាន​ជម្រៅ​ជ្រៅ។
 
ជុំវិញការព្រួយបារម្ភការឡើងកម្តៅជម្លោះតំបន់កាហ្សា បានជំរុញឱ្យប្រទេសមហាអំណាច កាលពីសប្តាហ៍មុន អំពាវនាវឱ្យអ៊ីស្រាអែល មានបទឈប់បាញ់ក្នុងន័យមនុស្សធម៌ ដើម្បីនាំយកជំនួយ និងចាប់ចំណាប់ខ្មាំងចេញ។
 
ដោយលើកហេតុផលថា បទឈប់បាញ់ណាមួយនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស  អ៊ីស្រាអែល បានច្រានចោលការអំពាវនាវនេះ។ រដ្ឋមន្ត្រីការពារជាតិ Yoav Gallant បាននិយាយថា សង្រ្គាមនឹងមានរយៈពេលយូរ ហើយអ៊ីស្រាអែលកំពុងវាយលុកក្រុមហាម៉ាសគ្រប់ច្រកទាំងអស់ មិនថា ពីលើ និងក្រោមដី  ពីលើអាកាស លើគោក និងតាមសមុទ្រឡើយ៕ 
 

Tag:
 អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com