កីឡាជាតិ
ជាតិ
សាប៊ូន វិនតា៖ ដឹងពីទម្រង់លេងភ្នំពេញក្រោន និងការអភិវឌ្ឍកីឡាករ ធ្វើឲ្យគិរីវង់ ស្គាល់ជ័យជម្នះដំបូង
31, Oct 2023 , 6:59 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
លោក សាប៊ូន វែនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ និយាយថាការយល់ពីទម្រង់ប្រកួតរបស់ភ្នំពេញក្រោន និងការអភិវឌ្ឍកីឡាកររបស់ខ្លួនបានជួយគិរីវង់សុខសែនជ័យអាចយកឈ្នះម្ចាស់ការពារជើងឯកលីគកំពូលកម្ពុជាបាន។​ គ្រូបង្វឹករូបនេះ បន្ថែមទៀតថា ជ័យជម្នះលើក្រុម ដ៏ខ្លាំងមួយនេះ មិនមែនជាការងាយស្រួលទេ ប៉ុន្ដែ នេះ ជាសមិទ្ធផល របស់កូនក្រុមខ្លួន តាមរយៈការប្រឹងប្រែងហ្វឹកហាត់ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍។

 
គិរីវង់សុខសែនជ័យ បានឈ្នះ ភ្នំពេញក្រោន លទ្ធផល ១-០ ក្នុងការប្រកួត Cambodian Premier League សប្ដាហ៍ទី៩ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋានគិរីវង់។ នេះជាជ័យជម្នះលើកដំបូងក្នុងលីគ ខណៈជាបរាជ័យទី២របស់ភ្នំពេញក្រោន ក្រោយជោគជ័យលើការប្រកួត AFC Cup ក្នុងពូល F ដោយឈ្នះ ៣ប្រកួត និងមិនធ្លាយគ្រាប់បាល់សោះ។ 
 
លោក សាប៊ូន វិនតា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា មិនងាយស្រួលទេ ក្នុងការយកឈ្នះ ក្រុមកម្រិត AFC Cup ប៉ុន្ដែ ការប្រកួតដ៏ញឹកញាប់ របស់ភ្នំពេញក្រោន ទាំងក្នុងលីគ និងការប្រកួត AFC Cup ធ្វើឲ្យរូបលោក បានសិក្សាច្បាស់ពីទម្រង់របស់គូប្រជែង ដើម្បីត្រៀមលក្ខណៈប្រកួត។ 
 
គ្រូបង្វឹករូបនេះ ក៏បានបន្ថែមទៀត កីឡាករគិរីវង់សុខសែនជ័យ បានប្រឹងអភិវឌ្ឍខ្លួន ពីមួយប្រកួត ទៅមួយប្រកួត ហើយជ័យជម្នះនេះ គឺជាលទ្ធផល នៃការប្រឹងប្រែងរបស់ពួកគេ។ 
 
«ក្រុមយើង មានការរៀបចំ និងអភិវឌ្ឍរបៀបលេង ពីមួយប្រកួត ទៅមួយប្រកួត បានល្អ ទៅតាមផែនការលេងរបស់ក្រុម។ កីឡាកររបស់យើង មានការខិតខំប្រឹងប្រែង មានវិន័យ នៃការលេងជាប្រយុទ្ធ និងការលេងការពារជាក្រុម បានល្អ ទៅតាមផែនការរបស់ក្រុម។ យើង មានកត្ដាមួយចំនួនទៀត ដែលយើងមានផលចំណេញ ពីគូប្រកួតរបស់យើង ដោយសារតែយើង មានពេលវេលា សិក្សាពីរបៀបលេងរបស់ភ្នំពេញក្រោន បានច្រើនទាំងក្នុងស្រុក និងការប្រកួត ក្នុង AFC Cup។ ពួកគេ គឺជាក្រុមបង្ហាញទម្រង់លេងល្អ ហើយមានការប្រកួតមមាញឹក ដែលធ្វើឲ្យយើងមានឱកាសសិក្សាការប្រកួតរបស់គេ ពីមួយប្រកួតទៅមួយប្រកួត ដែលធ្វើឲ្យយើង បានរៀបចំលេង ទៅតាមអ្វី ដែលយើង មើលឃើញពីចំណុចខ្លាំង និងខ្សោយរបស់គូប្រកួត។»។ លោក សាប៊ូន វិនតា បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៩ ព្រះខ័នរាជ ស្វាយរៀង បន្ដឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន ២៧ពិន្ទុ។ ចំណាត់ថ្នាក់លេខ ២ ភ្នំពេញក្រោន មាន ២១ពិន្ទុ តាមពីក្រោយដោយ វិសាខា មាន ១៨ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ ៤ បឹងកេត មាន ១៣ពិន្ទុ ស្មើគ្នាជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ឈរនៅចំណាត់ថ្នាក់លេខ ៥។ រីឯកងយោធពលខេមរភូមិន្ទ លេខ៦ និងព្រៃវែង លេង៧ មាន១០ពិន្ទុ ដូចគ្នា។ ណាហ្គាវើលដ៍ មាន ៩ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៨ តាមពីក្រោយដោយគិរីវង់សុខសែនជ័យ លេខ៩ មាន ៥ពិន្ទុ។ ដោយឡែក អង្គរថាយហ្គឺរ ត្រូវធ្លាក់មកលេខ១០ មាន៤ពិន្ទុ៕
 

Tag:
 Cambodian Premier League
  សាប៊ូន វែនតា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com