កីឡាជាតិ
ជាតិ
សមិទ្ធផល លោក Satoshi Saito ជានាយកប្រតិបត្តិក្រុមហ៊ុនលីគកម្ពុជា
31, Oct 2023 , 5:39 pm        
រូបភាព
លោក Satoshi Saito រូបពី Cambodian Premier League
លោក Satoshi Saito រូបពី Cambodian Premier League
អំឡុងពេលលោក Satoshi Saito បំពេញតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុនលីគកម្ពុជា (Cambodia Premier League ឬ CPL) លីគកម្ពុជា បានជំរុញការអភិវឌ្ឍជាខ្លាំងទាំងហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការប្រកួតប្រជែង។ ជាក់ស្ដែង ការជួយជំរុញ របស់ CEO រូបនេះ រួមជាមួយការប្រឹងប្រែងរបស់ក្លិប បានបង្កើនសមិទ្ធផលដូចជា កំណើនអ្នកគាំទ្រក្លិប, ហេដ្ឋារចនាសម្ព័ន្ធ និងស្ដង់ដារក្លិបជាដើម។



ការអភិវឌ្ឍក្លិប គុណភាពកីឡាករ និងមន្ដ្រីបច្ចេកទេស គឺជារឿង ដែលក្លិបបាល់ទាត់អាជីពនីមួយៗ ត្រូវធ្វើ និងមិនអាចជៀសផុត ដើម្បីប្រកួតប្រជែងក្នុងលីគ និងជាមួយក្លិបបរទេសផ្សេងៗ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ។ ចុងឆ្នាំ២០២១ រហូតដល់ពេលនេះ ពោល គឺអំឡុងពេល លោក Satoshi Saito ជានាយកប្រតិបត្តិលីគ ក្លិបរបស់កម្ពុជាទាំងអស់ មានសកម្មភាពយ៉ាងខ្លាំង ក្នុងការធ្វើឲ្យត្រូវតាមស្ដង់ដារអន្ដរជាតិ។ ស្ដង់ដារទាំងនោះ មានដូចជា៖ ពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស, នាំយកគ្រូបង្វឹកមានអាជ្ញាប័ណ្ណខ្ពស់, នាំយកកីឡាករបរទេសមានគុណភាពខ្ពស់, ពង្រឹងធនធានកីឡាជាតិ ក្នុងក្លិប, ពង្រឹងគុណភាពថ្នាល់ សាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡាខ្លួន (ស្មៅធម្មជាតិ, អំពូលភ្លើង, កៅអី....)។
 
សកម្មភាពក្លិប ជាមួយនិងការប្រកួត ដ៏ជក់ចិត្ត ធ្វើឲ្យអ្នកគាំទ្រ ជាច្រើនតាមដានបាល់ទាត់កម្ពុជា។ រយៈពេល ២ឆ្នាំជា នាយកប្រតិបត្តិក្រុមហ៊ុនលីគកម្ពុជា លោក Satoshi Saito បានពន្លឿន និងជំរុញ ការអភិវឌ្ឍទាំងនេះ។ ជាក់ស្ដែងការប្រកួតលីគ ជិត២រដូវកាលនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែកម្រិតនៃការប្រកួតប្រជែងរវាងក្រុមនីមួយ ដែលមានខ្ពស់ ឬខុសឆ្ងាយពីគ្នាខ្លាំង។ ជារៀងរាលសប្ដាហ៍ អ្នកគាំទ្រ នៅកីឡដ្ឋានទាំងអស់ មិនតិចជាង ១ម៉ឺនអ្នកនោះទេ ដែលបានមកទស្សនាផ្ទាល់ ហើយក៏មានអ្នកទស្សនា ប្រមាណជាង ១០ម៉ឺននាក់ តាមបណ្ដាញសង្គម ជារឿងរាល់សប្ដាហ៍ផងដែរ។ 
 
គួរបញ្ជាក់ផងដែរថា លោក Satoshi Saito អ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍ជាអន្តរជាតិ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តែងតាំងឱ្យកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian League Football Company) កាលពីទី១៤ ខែតុលា ឆ្នាំ២០២១ ហើយបានចាប់ផ្ដើមសម័យកាលកីឡាបាល់ទាត់កម្ពុជាថ្មីមួយ ឈ្មោះថា Cambodian Premier League  បន្ទាប់ Metofne Cambodian League ឬ C-League បានបញ្ចប់សម័យកាល។ ដោយឡែក នាយកប្រតិបត្តិរូបនេះ នឹងត្រូវចែកផ្លូវ ជាមួយ CPL ដោយគិតចាប់ពី៣១ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  Satoshi Saito
© រក្សាសិទ្ធិដោយ thmeythmey.com