សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រជាជនអុីស្រាអែល​អំពាវនាវ​​ឲ្យជួយកុមារ​ ៣០នាក់ ដែល​ក្រុមហាម៉ាសចាប់ជា​ចំណាប់ខ្មាំង
31, Oct 2023 , 7:39 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ប្រជាជនអ៊ីស្រាអែលបានដាក់តុក្កតាខ្លាឃ្មុំចំនួន ៣០ក្បាលនៅទីលាន Dizengoff នៅទីក្រុង Tel Aviv ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះកុមារ ៣០នាក់ ត្រូវបានចាប់នាំទៅកាន់តំបន់កាហ្សា អំឡុងពេលជម្លោះរវាងក្រុមអ៊ីស្រាអែល-ហាម៉ាស ។

 
ខ្លាឃ្មុំតុក្កតានីមួយៗមានពាក់បូពណ៌ខ្មៅ និងដាក់ឈ្មោះ រូបថតក្មេងៗ ដែលត្រូវបានឃុំខ្លួននៅកាហ្សា ត្រូវបានដាក់នៅជាប់នឹងប្រភពទឹកក្នុងទីលាន Dizengoff ដែលជាកន្លែងសាធារណៈដ៏ល្បីបំផុតមួយរបស់ប្រទេសក្នុងទីក្រុង Tel Aviv។ ក្នុង​ចំណោម​ក្មេង​ទាំង​៣០​នាក់ ​ដែល​ត្រូវ​ចាប់​ជំរិត មាន​ម្នាក់​អាយុ​៩​ខែ​ប៉ុណ្ណោះ ។
 
លើសពីនេះ ប្រជាពលរដ្ឋក៏បានដាក់កម្រងផ្កា អុជទៀន និងទង់ជាតិ ដើម្បីបួងសួង និងអំពាវនាវឲ្យមានការដោះលែងក្មេងៗ ដើម្បីឱ្យពួកគេបានត្រឡប់ទៅផ្ទះវិញ ក្នុងពេលឆាប់ៗនេះ។
 
លោក Yoav រស់នៅទីក្រុង Tel Aviv តែងតែទៅទីលានជារៀងរាល់ថ្ងៃ ដើម្បីបួងសួងដល់កូនៗ។ លោកនិយាយថា អ៊ីស្រាអែលជាប្រទេសតូចមួយ មនុស្សគ្រប់រូបតែងតែមានសាច់ញាតិ អ្នកជិតខាង ឬមិត្តរួមការងារ ដែលមានសមាជិកគ្រួសារជាជនរងគ្រោះនៃជម្លោះនាពេលបច្ចុប្បន្ន។
 
យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅក្នុងការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា មនុស្សយ៉ាងហោចណាស់ ២៣០នាក់ត្រូវបានចាប់ពង្រត់ និងនាំយកទៅកាន់តំបន់កាហ្សា រួមទាំងស្ត្រី កុមារ និងជនបរទេសរាប់សិបនាក់ទៀត។ 
 
មក​ដល់​ពេល​នេះ​មាន​មនុស្ស​តែ​៤​នាក់​ប៉ុណ្ណោះ ស្ត្រី កុមារ និង​មនុស្ស​ចាស់ត្រូវ​បាន​ដោះលែង ​នៅ​ថ្ងៃ​ទី​២១ និង​ទី​២៣ ខែតុលា ។
 
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមគ្រួសារនៃអ្នកចាប់ជំរិតបានបើកយុទ្ធនាការដោយសរសេរថា «នាំពួកគេត្រឡប់មកផ្ទះ» ដោយមានសកម្មភាពឃោសនា និងអំពាវនាវនៅលើបណ្តាញទំនាក់ទំនងសង្គម ព្យួររូបភាពកុមារនៅតាមទីសាធារណៈ និងរៀបចំការដង្ហែរសុំឱ្យរដ្ឋាភិបាលចាត់វិធានការការពារ និងជួយសង្គ្រោះចំណាប់ខ្មាំង។
 
នៅ​ល្ងាច​ថ្ងៃ​ទី​២៨ តុលា អ៊ីស្រាអែល​បាន​រៀបចំ​ការ​ដង្ហែ​ប្រមាណ​២០​ដង​នៅ​ទូទាំង​ប្រទេស ដើម្បី​ដាក់​សម្ពាធ​រដ្ឋាភិបាល​ឱ្យ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចំណាប់ខ្មាំង។
 
តំណាងគ្រួសារដែលមនុស្សជាទីស្រលាញ់ត្រូវបានចាប់ពង្រត់ បានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសប៉ាឡេស្ទីន ជាថ្នូរនឹងចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅតំបន់កាហ្សា។
 
អ្នកនាំពាក្យ IDF លោក Daniel Hagari និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant បាននិយាយថា កងទ័ពអ៊ីស្រាអែលកំពុងបង្កើនការវាយប្រហារលើដីនៅតំបន់កាហ្សា ដើម្បីដាក់សម្ពាធលើកងកម្លាំងហាម៉ាសឱ្យបើកការវាយប្រហារក្នុងពេលឆាប់ៗនេះ៕

Tag:
 អុីស្រាអែល
  ហាម៉ាស
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com