ជាតិ
សេដ្ឋកិច្ច
បរិវត្តកម្មឌីជីថល! ក្រសួងព័ត៌មាន និងទេសចរណ៍ ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​
31, Oct 2023 , 8:19 pm        
រូបភាព
(រាប់ពីឆ្វេង) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
(រាប់ពីឆ្វេង) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ក្រសួងប្រៃសណីយ៍
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សម្រេចប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh តាមរយៈQR Code ​ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ ការប្រើប្រាស់ថ្នាលឌីជីថលរបស់ក្រសួងទាំងពីរនេះ ទទួលបានការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។

 
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ នាព្រឹកថ្ងៃទី៣១តុលា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ កិច្ចសហប្រតិបត្តិការនេះ នឹងជួយគាំទ្រដល់ក្រសួងទាំងពីរក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង។ 
 
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍ នឹងដាក់QR Codeស្តង់ដា លើឯកសាររបស់ក្រសួងព័ត៌មាន និងទេសចរណ៍ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល Verify.gov.kh​។ លើសពីនេះ ក្រសួងប្រៃសណីយ នឹងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង និងការកំណត់តម្រូវការនៃប្រើប្រាស់កុំព្យូទ័រ ឬ ឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរ ដែលមានអាជ្ញាបណ្ណក្នុងការងារ​ប្រចាំថ្ងៃ។
 


ជាមួយគ្នានេះ​ ក្រសួងប្រៃសណីយ៍ ក៏ដាក់កម្មវិធីកំណត់មុខសញ្ញាមន្ត្រីជំនាញដែលត្រូវទទួលបានការបណ្តុះបណ្តាល និងពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមទាំងគិតគូរពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃដល់មន្ត្រីរបស់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ផងដែរ។ 
 
កិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នេះ គឺជាលើកទី៦ហើយ ដែលក្រសួងប្រៃសណីយ៍ បានដាក់ឱ្យប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា។  ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh គឺជាថ្នាលរបស់រដ្ឋាភិបាល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ​ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
 
ក្រសួងប្រៃសណីយ៍ បានអះអាងថា ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh​ ត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ទន្ទឹមនេះ ការប្រើប្រាស់ឯកសារដែលមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕  



Tag:
 បដិវត្តកម្មឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com