សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គ្មានជម្រើស ស្រីលង្កាដំឡើងពន្ធលើតម្លៃបន្ថែមដល់ ១៨ភាគរយ
01, Nov 2023 , 7:59 am        
រូបភាព
ផ្សារមួយកន្លែងនៅស្រីលង្កា ។ រូបភាព ៖ AFP
ផ្សារមួយកន្លែងនៅស្រីលង្កា ។ រូបភាព ៖ AFP
គណៈរដ្ឋមន្ត្រីរបស់ស្រីលង្កាបានអនុម័តដំឡើងពន្ធលើតម្លៃបន្ថែម (VAT) រហូតដល់ ១៨ភាគរយ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។  នេះបើតាមរដ្ឋមន្ត្រីក្រសួងប្រព័ន្ធផ្សព្វផ្សាយមហាជន Bandula Gunawardana។

 
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់គណៈរដ្ឋមន្ត្រីស្រីលង្កា បានលើកឡើងថា ប្រាក់ចំណូលពន្ធរបស់រដ្ឋក្នុងរយៈពេល ៩ខែឆ្នាំនេះ បានកើនឡើង ៥១ភាគរយ បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ប៉ុន្តែគោលដៅប្រមូលពន្ធ ដែលបានព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ មិនទាន់សម្រេចនៅឡើយទេ។
 
លោក Gunawardana សង្កត់ធ្ងន់ថា៖ «យើងដឹងថាសាធារណជនកំពុងជួបការលំបាក ដូច្នេះទោះបីជាយើងមានការស្ទាក់ស្ទើរ ក៏យើងគ្មានជម្រើសអ្វីក្រៅពីការដំឡើងពន្ធ»។
 
សំណើពន្ធថ្មីលើតម្លៃបន្ថែម (VAT) ១៨ភាគរយនឹងចូលជាធរមានចាប់ពីឆ្នាំ ២០២៤ រួមទាំងការដាក់ពន្ធលើទំនិញ និងសេវាកម្មទាំងអស់ ដែលអាករលើតម្លៃបន្ថែមមិនទាន់អាចអនុវត្តបាន។
 
ប្រាក់ចំណូលសាធារណៈបានកើនឡើងដល់ ១,៧ពាន់ពាន់លានរូពី (៥,១៩ពាន់លានដុល្លារ) ក្នុងរយៈពេល ៩ខែបើប្រៀបធៀបទៅនឹងឆ្នាំមុន ប៉ុន្តែចំនួននេះគឺស្ទើរតែគ្រប់គ្រាន់ដើម្បីផ្តល់ប្រាក់ខែក្នុងវិស័យសាធារណៈ ការបង់ប្រាក់សុខុមាលភាព និងការចំណាយកើនឡើងនាពេលថ្មីៗ ។  នេះបើតាមការបញ្ជាក់របស់លោក Gunawardana ។
 
គួរបញ្ជាក់ថា ការយកពន្ធលើតម្លៃបន្ថែមនៅបណ្តាប្រទេសមួយចំនួនគឺមានភាពខុសគ្នា​ តួយ៉ាងដូចជាកម្ពុជា ១០ភាគរយ វៀតណាម ៨ភាគរយ ថៃនិងសិង្ហបុរី ៧ភាគរយ ខណៈចិន ១៣ភាគរយ និងឥណ្ឌា ១៨ភាគរយ ៕  
 

Tag:
 ស្រីលង្កា
  ពន្ធតម្លែបន្ថែម
  VAT
© រក្សាសិទ្ធិដោយ thmeythmey.com