ជាតិ
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត​ អះអាងពីកំណើន​ភ្ញៀវ​បរទេសជិតស្មើចំនួនមុន​ផ្ទុះកូវីដ
01, Nov 2023 , 8:39 am        
រូបភាព
រហូតដល់ដំណាច់ឆ្នាំ២០២៣​ ខេត្តកំពត​ អាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៨ម៉ឺននាក់ ខណៈបច្ចុប្បន្នខេត្ត​គោលដៅទេសចរណ៍ធម្មជាតិមួយនេះ ទទួលបានទេសចរអន្តរជាតិជាង៦ម៉ឺននាក់ហើយ។  លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ចំនួននេះ គឺស្មើនឹងជាង៨០ភាគរយ នៃភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅខេត្តកំពត មុនពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩។

 
«ពីមុនកូវីដ-១៩(ឆ្នាំ២០១៩) ខេត្តយើងទទួលបានទេសចរអន្តរជាតិជិត១០ម៉ឺននាក់។ ឥឡូវ! ទេសចរទាំងនោះបានវិលមកជិតចំនួនដូចដើមវិញហើយ»។ លោក សយ ស៊ីណុល ថ្លែងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាននាអំឡុងពេលធ្វើទស្សនៈកិច្ចគោលដៅទេសចរណ៍ខេត្តកំពត នាថ្ងៃទី២៨តុលា។ លោកបានបន្ថែមថា ពលរដ្ឋប្រកបអាជីវកម្ម ឬ ធ្វើការងារក្នុងវិស័យឧស្សាហកម្មទេសចរណ៍ដែលផ្តោតលើភ្ញៀវទេសចរអន្តរជាតិ គឺលែងមានបញ្ហាជាវិបត្តិទៀតហើយ។ 
 
សូមទស្សនាវីដេអូដែលលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នារមណីយដ្ឋាន «ម្លេច » នាថ្ងៃទី២៨តុលា ដូចតទៅ៖ 

 
ប្រធានប្រធានមន្ទីរទេសចរណ៍រូបនេះ ទេសចរបរទេសដែលមកនៅខេត្តកំពត ភាគច្រើនទៅលេងកម្សាន្តនៅរមណីយដ្ឋានប្រាសាទភ្នំឈ្ងោក, សហគមត្រពាំងសង្កែ​, ភ្នំបូកគោ និងទៅកម្សាន្តនៅ LAPLATATIONជាកន្លែងកសិ-ទេសចរណ៍ម្រេច។  ជាទូទៅ ទេសចរបរទេស​ស្នាក់នៅខេត្តកំពត ពី២ទៅ៣យប់ ដោយម្នាក់ចំណាយថវិកា​អស់២០០ដុល្លារ​ក្នុងមួយថ្ងៃ។
 
ខេត្តកំពត  ជាគោលដៅទេសចរណ៍ដែលមានរហូតដល់៣៦កន្លែង រាប់ទាំងរមណីយដ្ឋានកែច្នៃ វប្បធម៌ វប្បធម៌ប្រវត្តិសាស្ត្រ ជាពិសេសរមណីយដ្ឋានធម្មជាតិ និងកសិ-ទេសចរណ៍។ លើសពីផលិតផលទេសចរណ៍ទាំងនេះ ខេត្តកំពត មានកំណើនខ្លាំងគួរកត់សម្គាល់នូវសេវាកម្មស្នាក់នៅសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ។ បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត មុនវិបត្តិកូវីដ-១៩ សេវាកម្មស្នាក់នៅក្នុងខេត្តកំពតមានត្រឹម២០០០បន្ទប់ ប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្ន សេវាកម្មស្នាក់នៅនេះបានកើនរហូតដល់ជាង៥០០០បន្ទប់៕
 
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នៅរមណីយដ្ឋាន «ម្លេច» នាថ្ងៃទី២៨តុលា ឆ្នាំ២០២៣


Tag:
 ទេសចរណ៍
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com