ជាតិ
ឯកអគ្គ​រដ្ឋទូត​ថ្មី​ឥណ្ឌូណេស៊ី ចង់​ឱ្យ​ទំនាក់ទំនង​ដ៏យូរអង្វែងរវាងប្រទេសទាំងពីរឈាន​ដល់​កម្រិតកំពូល​
01, Nov 2023 , 9:09 am        
រូបភាព
ដោយ តេង យ៉ាលីរ៉ូហ្ស៊ី
 
កាលពីឆ្នាំ២០១២ លោក Santo Darmosumarto បានចូលរួម​កិច្ច​ប្រជុំកំពូលអាស៊ាន​នៅកម្ពុជាក្នុងនាមជាមន្ត្រីក្រសួងការបរទេស ហើយ​១១​ឆ្នាំក្រោយមក លោក​បាន​វិល​ត្រឡប់​ជាមួយនឹងតួនាទីថ្មី គឺឯកអគ្គ​រដ្ឋទូតឥណ្ឌូណេស៊ី​ប្រចាំកម្ពុជា។ ក្រោយ​ក្រាបបង្គំគាល់ថ្វាយ​សារតាំងព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួចរាល់កាលពីថ្ងៃទី​១៨ ខែតុលា អ្នកការទូត​រូបនេះ បង្ហាញពី​ចក្ខុ​វិស័យច្បាស់លាស់​ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងពង្រឹងសេវាកម្មសម្រាប់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលរស់នៅកម្ពុជា។

 
«ប្រសិន​បើ​​សួរ​ខ្ញុំ​ថា តើ​កិច្ច​សហប្រតិបត្តិការ​នៅ​ពេល​នេះ​​ដល់​កម្រិត​កំពូល​ហើយ​ឬ​នៅ? ខ្ញុំ​នឹង​​និយាយថា ​នៅ​ទេ។ ប៉ុន្តែ ប្រសិនបើយើងសម្លឹងទៅមុខ ខ្ញុំគិតថា នៅមានកន្លែងជាច្រើនសម្រាប់ពួកយើងដើម្បីអភិវឌ្ឍនៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀត»។ លោក Darmosumarto បានកត់សម្គាល់​យ៉ាង​ដូច្នេះក្នុង​បទសម្ភាសជាមួយ​សារព័ត៌មាន Cambodianess។
 
ក្នុង​ចំណង​ការទូត​៦៥​ឆ្នាំ ដែលបង្កើតឡើង​ដោយ​លោកប្រធានាធិបតី ស៊ូកាណូ និង​សម្តេចឪ នរោត្តម សីហនុ ប្រទេស​ទាំងពីរ បាន​ឆ្លងកាត់​ដំណាក់​ប្រវត្តិសាស្ត្រជាច្រើន​រួម​គ្នា។ ឥណ្ឌូណេស៊ី បានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជាដោយដើរតួរធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំក្រៅផ្លូវការលើកទីមួយនៅទីក្រុងបូហ្គោរ និងកិច្ចប្រជុំលើកទីពីរនៅទីក្រុងហ្សាកាតា ព្រមទាំងការបញ្ជូនកងទ័ពមកកាន់កម្ពុជាអំឡុងឆ្នាំ ១៩៩២ និង១៩៩៣ ។
  


លោកបានមានប្រសាសន៍ថា ចាប់តាំងប្រទេសទាំងពីរទទួលបានឯករាជ្យ និងបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាជន។
 
ក្នុងអាណត្តិនេះ លោកឯកអគ្គរដ្ឋទូត Darmosumarto មានបំណងផ្តោតទៅលើចំណុចសំខាន់ គឺរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្តល់សេវាទៅកាន់ប្រជាពលរដ្ឋឥណ្ឌូណេស៊ី។
  
លោកអគ្គរដ្ឋទូតថ្មី​ បានគូស​បញ្ជាក់ថា ប្រទេសឥណ្ឌូណេ​ស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧​នៅក្នុងតំបន់​អាស៊ាន ជាមួយនឹងមហិច្ឆតាចង់ក្លាយជាដៃគូពាណិជ្ជកម្មធំទី៥​ជាមួយកម្ពុជា។ ផ្នែកដ៏សំខាន់​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការឈាន​ដល់កម្រិត​កំពូលនោះ គឺ​ការវិនិយោគ។
 
ក្នុងតួនាទីជាតំណាង​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្រចាំកម្ពុជា លោក Darmosumarto បានបង្ហាញពី​ចក្ខុ​វិស័យ​របស់ខ្លួនថា៖ «ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជំរុញការវិនិយោគពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា និងស្វែងរកសក្តានុពលនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។​ ស្ថាប័នអន្តរជាតិជាច្រើនបានទទួលស្គាល់ពីភាពប្រសើរឡើងនៃសក្តានុពលសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីជំងឺរាតត្បាតរាតត្បាតកូវីត-១៩»។
 
របាយការណ៍​បាន​បង្ហាញថា ពាណិជ្ជកម្មឥណ្ឌូណេស៊ី-កម្ពុជា កាលពីឆ្នាំ២០២២ សម្រេចបាន ៩៤៨លានដុល្លារ ដោយឥណ្ឌូណេស៊ីនាំចូលសរុបមានចំនួន ៩១១លានដុល្លារ ខណៈ​កម្ពុជានាំចូលក្នុងទំហំ ៣៧លានដុល្លារ។
 
កម្ពុជានាំចូលធ្យូងថ្ម ថ្នាំជក់ ត្រាក់ទ័រ គ្រាប់ធញ្ញជាតិ ថ្នាំពេទ្យ គ្រឿងម៉ាស៊ីន ប្រេងសំខាន់ៗ និងក្រាហ្វិចសិប្បនិម្មិត។ ការ​នាំ​ចូល​សំខាន់​របស់​ឥណ្ឌូនេស៊ី​ពី​កម្ពុជា​គឺ​សម្លៀក​បំពាក់ និង​ស្បែក​ជើង។
 


ការពង្រឹងទំនាក់ទំនងរវាង​ប្រជាជន​តាមរយៈការផ្តល់អាហារូបករណ៍ ការពង្រឹង​វិស័យទេសចរណ៍ ការកែលម្អការផ្ដល់សេវាដល់ប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ជា​គន្លឹះ​ដ៏សំខាន់នៃកិច្ច​សហប្រតិបត្តិការ​រវាងប្រទេសអាស៊ានទាំងពីរ​ផងដែរ។
 
លោក​បាន​បន្ថែមថា៖ «យើងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។ ដូច្នេះ​ យុវជន​ជំនាន់​ក្រោយ​ត្រូវតែចងចាំទុកថា ​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​របស់​យើង​រួម​គ្នានេះហើយផ្ដល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅ​កាន់អនាគត»។
 
បើតាម​លោក លោកឯកអគ្គរដ្ឋទូត Darmosumarto ​ពលរដ្ឋ​​ឥណ្ឌូណេស៊ី​ប្រហែល ១៦ ០០០ នាក់ ​កំពុង​រស់​នៅ​​កម្ពុជា ហើយចំនួន​អាច​កើន​ឡើង​ទ្វេដង។ «ប្រសិនបើឡើង​ដល់​៣០ ០០០ នាក់ ឬច្រើនជាងនេះ ស្ថានទូត​យើង​ខ្ញុំ​ត្រូវ​ផ្តល់​សេវាកម្ម​ជាច្រើន​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​ដែល​រស់​នៅ​ទីនេះ»។
 
ក្តីស្រមៃអ្នកជាការទូតរបស់លោក​ Santo Darmosumarto
 
សុបិន​កាលពីក្មេង​របស់​លោក Darmonsumarto បាន​ក្លាយ​ជាការពិត កាលពីប្រមាណ​​២០ឆ្នាំមុន។ លោក​​រៀន​ចប់អនុបណ្ឌិតផ្នែក​វិទ្យាសាស្ត្រនយោបាយ​នៅ​សាកលវិទ្យាល័យ University of Victoria ប្រទេស​កាណាដា នា​ឆ្នាំ១៩៩៩ និង​ចប់បណ្ឌិតផ្នែក​ទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Monash University ប្រទេសអូស្ត្រាលី​ឆ្នាំ​២០០៤។
 
ក្រោយបម្រើ​ការនៅក្រសួងការបរទេស លោក Darmonsumarto ត្រូវបាន​តែងតាំងជា​លេខាទីពីរ​ទូតឥណ្ឌូណេស៊ី​ប្រចាំក្រុង​ប៉េកាំង ប្រទេសចិន ពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ​២០០៩ ក្រោយមក​ជា​ជំនួយការពិសេស​ផ្នែក​កិច្ចការអន្តរជាតិ​នៃខុទ្ទកាល័យ​ប្រធានាធិបតី, ជាទីប្រឹក្សាទូតឥណ្ឌូណេស៊ី​ប្រចាំក្រុ​ងប៉េកាំង, ជាប្រធាន​នាយក​ដ្ឋាន​កិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយ​ចុងក្រោយជា​ប្រធាននាយកដ្ឋាន​អាស៊ីបូព៌ា មុននឹងទទួលបាន​ការតែងតាំងជាឯកអគ្គ​រដ្ឋទូតឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា។
 
ក្នុង​បេសកកម្ម​ការទូត លោកបាន​ធ្វើកិច្ច​ការយ៉ាង​ច្រើន​ពាក់ព័ន្ធនឹង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក ដោយ​លោក​ធ្លាប់មាន​មិត្តភក្តិ និងសហការីពីកម្ពុជា​ផងដែរ។«ខ្ញុំតែងតែចង់មានឱកាសទៅទស្សនា ក៏ដូចជារស់នៅក្នុងផ្នែកផ្សេងៗនៃពិភពលោកនេះ ជាពិសេសនៅអាស៊ីបូព៌ា ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ ដូច្នេះ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​មក​កាន់​​កម្ពុជា»។
 
លោក​អះអាងថា៖ «កម្ពុជា​មិន​មែន​ថ្មី​សម្រាប់​ខ្ញុំ​ទេ។ ប៉ុន្តែ​ប្រាកដ​ណាស់​ថា​ឥឡូវ​នេះ​ ​ខ្ញុំ​ត្រូវរស់នៅកម្ពុជារយៈ​ពេលយូរ ខ្ញុំកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងចំពោះកិច្ចប្រឹងប្រែង​បន្ត​ផលប្រយោជន៍​របស់​ខ្ញុំ​ចំពោះ​ប្រជាជន​កម្ពុជា និង​ប្រជាជនឥណ្ឌូណេស៊ី​»៕

© រក្សាសិទ្ធិដោយ thmeythmey.com