សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហាម៉ាស ប្រកាសថា តំបន់កាហ្សានឹងក្លាយជាទីបញ្ចុះសពទាហានអុីស្រាអែល
01, Nov 2023 , 10:09 am        
រូបភាព
លោក Abu Obeida អ្នកនាំពាក្យកងពលតូចក្រុមហាម៉ាស។ រូបភាព ៖ The Times of Israel
លោក Abu Obeida អ្នកនាំពាក្យកងពលតូចក្រុមហាម៉ាស។ រូបភាព ៖ The Times of Israel
ក្រុមហាម៉ាស បានព្រមានថា តំបន់កាហ្សានឹងក្លាយជាកន្លែងបញ្ចុះសពកងទ័ពអ៊ីស្រាអែល ហើយអះអាងថាខ្លួននឹងដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

 
កាហ្សានឹងក្លាយជាទីបញ្ចុះសព និងជាកន្លែងឃុំឃាំងខ្មាំងសត្រូវ ទាហាន យោធា អ្នកដឹកនាំនយោបាយរបស់អ៊ីស្រាអែល។ ​នេះបើតាមលោក Abu Obeida អ្នកនាំពាក្យកងពលតូច Ezzedine al-Qassam Brigades របស់ក្រុមហាម៉ាស
 ថ្លែង​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។
 
លោក Obeida បានបន្ថែមថា ៖ «យើងក៏បានជូនដំណឹងទៅអន្តរការីថា យើងនឹងដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ»។
 
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងដោយលោក Obeida ស្របពេលដែលទាហានថ្មើរជើង និងរថក្រោះរបស់អ៊ីស្រាអែល ផ្លាស់ទីកាន់តែជ្រៅចូលទៅក្នុងតំបន់កាហ្សា និងការប្រយុទ្ធជាមួយខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅក្នុងទីក្រុងធំបំផុតក្នុងតំបន់។
 
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយថា ការប្រយុទ្ធគ្នានៅតំបន់កាហ្សាកាន់តែមានភាពស្មុគស្មាញ ដោយសារទាហាននៅក្នុងប្រទេសនេះ ព្យាយាមជួយសង្គ្រោះចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។
 
លោក Hagari បានលើកឡើងថា ៖« នេះគឺជាការប្រយុទ្ធដ៏ស្មុគស្មាញមួយនៅរយៈចម្ងាយជិត។ នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅថ្ងៃនេះ យើងបានបាត់បង់ទាហាន២នាក់ នៅពេលដែលអង្គភាពស្វែងរកចាប់យកមូលដ្ឋានក្រុមហាម៉ាសនៅតំបន់ Jabaliya»។
 
IDF ប៉ាន់ប្រមាណថា ក្រុមហាម៉ាសកំពុងចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់នៅក្នុងតំបន់កាហ្សា ដោយមិនរាប់បញ្ចូលមនុស្ស ៤នាក់ដែលត្រូវបានដោះលែង និងសាជីវកម្ម Ori Megidish ដែលត្រូវបានជួយសង្គ្រោះដោយកងទ័ពអ៊ីស្រាអែល ក្នុងការវាយឆ្មក់កាលពីយប់ថ្ងៃទី ២៩ខែតុលា។ អ្នកនាំពាក្យ IDF លោក Daniel Hagari បានកត់សម្គាល់ថា នេះមិនមែនជាចំនួនចុងក្រោយនោះទេ។
 
ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងបរិបទដែលសហគមន៍អន្តរជាតិ បង្កើនការព្រមានទាក់ទងនឹងការប្រយុទ្ធគ្នានៅតំបន់កាហ្សា និងវិបត្តិមនុស្សធម៌ក្នុងតំបន់។ អ៊ីស្រាអែលបានរារាំង និងវាយឆ្មក់ចូលតំបន់កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារភ្លាមៗរបស់ក្រុមហាម៉ាស លើភាគខាងត្បូងនៃប្រទេស ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន។
 
អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងកាតាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ការវាយឆ្មក់របស់អ៊ីស្រាអែលលើតំបន់ Jabaliya ។ ក្រសួងការបរទេសកាតាបានព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងអាចប៉ះពាល់ដល់ដំណើរការចរចាសង្គ្រោះចំណាប់ខ្មាំង៕
 

Tag:
 អ៊ីស្រាអែល
  កាហ្សា
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com