ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជោគជ័យលើការនាំចេញអង្ករទៅឥណ្ឌូណេស៊ី បន្ទាប់ពីចរចាកាលពីខែសីហា
02, Nov 2023 , 3:17 pm        
រូបភាព
អង្ករសកម្ពុជា៣
អង្ករសកម្ពុជា៣
ភ្នំពេញ៖ អង្ករសកម្ពុជា​ប្រមាណ ៣,៥តោន ត្រូវបានដឹកទៅដល់កំពង់ផែឥណ្ឌូណេស៊ីហើយ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ។ នេះជាការនាំចេញជើងដំបូងរបស់កម្ពុជា បន្ទាប់ពីជោគជ័យលើការចរចាបើកទីផ្សារកាលពីខែសីហា។



ផ្លែផ្កានៅពេលនេះ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ​ព្រមទាំងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ រដ្ឋាករកម្ពុជា ក៏ដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា។  
 
កញ្ញា អ៊ឹម រចនា​ អ្នកនាំពាក្យក្រសួងកសិកម្ម ក៏បង្ហាញក្ដីសាទរចំពោះការនាំចេញអង្ករទៅកាន់ឥណ្ឌូណេស៊ីនៅពេលនេះ។ សមិទ្ធផលនេះ កញ្ញាថាបានមកពីកិច្ចខិតខំរួមគ្នា ដែលមានគោលផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាកសិករឲ្យស័ក្តិសមទៅនឹងការហត់នឿយរបស់ពួកគេ។ 
 
កញ្ញា សរសេរតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា៖« អ្វីៗទាំងអស់ដែលយើងប្រឹងប្រែងរួមគ្នាធ្វើនាពេលនេះ មានគោលដៅសំខាន់ចុងក្រោយបំផុត គឺផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់បងប្អូនពូមីងដែលជាប្រជាកសិករឲ្យស័ក្តិសមទៅនឹងការហត់នឿយរបស់ពួកគាត់។ ការឈានទៅមុខនៃវិស័យកសិកម្មកម្ពុជា ក៏ដូចជាជោគជ័យនៃកិច្ចសហការរួមគ្នារវាងវិស័យរដ្ឋនិងឯកជន ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា»។ 
 
កិច្ចការងារនេះដែរ ធ្វើឡើងស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលវាផ្ដល់ការគាំទ្រយ៉ាងច្រើនដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែម ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពពលរដ្ឋនៅទីជនបទ។
 
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង បានបញ្ជាក់ខ្លីថា ការនាំចេញអង្ករសរបស់កម្ពុជាទៅឥណ្ឌូណេស៊ីជើងទី១មានចំនួន៣,៥ពាន់តោន និងបន្តដឹកជញ្ជូន២ជើងបន្ថែមទៀតសរុប១ម៉ឺនតោន។
 
គួររំឭកថា  ក្នុងជំនួបរវាង​ លោក ឌិត ទីណា និងលោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឥណ្ឌូណេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះក្នុងនោះអង្ករសបរិមាណ១០០ ០០០តោន ​ និងបរិមាណ ២៥ ០០០តោន​ ជាប្រភេទអង្ករប្រណិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។ មន្រ្តីឥណ្ឌូណេស៊ីរូបនេះ បញ្ជាក់ថា អង្ករកម្ពុជាមានគុណភាពល្អ។ លើសពីនេះ វត្តមានអង្ករកម្ពុជានៅលើទីផ្សារខ្លួន នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មល្អរវាងប្រទេសទាំងពីរ។ 
 
នៅចុងឆ្នាំនេះ ឥណ្ឌូណេស៊ី សម្រេចនាំចូលអង្ករសរុបចំនួន ២លានតោនពីប្រទេសដៃគូ ហើយនឹងទទួលបានការនាំចូលប្រមាណ ៦០០ពាន់តោនបន្ថែមទៀត។ ការនាំចូលយ៉ាងច្រើននេះ ដោយសារពួកគេបារម្ភ​ពីកង្វះ​ខាតការផ្គត់ផ្គង់អង្ករ ដែលបណ្ដាលមកពី​បាតុភូត​ El Nino។
 
សូមបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករជាង៤៥ម៉ឺនតោន ទៅកាន់ប្រទេស គោលដៅចំនួន៥៧នៅលើពិភពលោក ដោយទទួលបានចំណូល៣២៧លានដុល្លារ។ បរិមាណ៤៥ ម៉ឺន តោននេះ គឺស្មើ៦៥ភាគរយ នៃផែនការនាំចេញសរុប៧០ម៉ឺនតោន៕ 
 

Tag:
 សហព័ន្ធស្រូវអង្ករកម្ពុជា
  អង្ករ
  ឥណ្ឌូណេស៊ី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com