ជាតិ
៩ខែ មានមនុស្ស៤នាក់ស្លាប់ និង២៣នាក់​របួស ដោយសារមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​
02, Nov 2023 , 6:59 pm        
រូបភាព
រូបភាព៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
រូបភាព៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស៤នាក់បានស្លាប់ និង២៣នាក់រងរបួស ដោយសារតែ​គ្រា​ប់​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ​។ ក្នុងរយៈពេល​ដូចគ្នា​នេះ ដែរមន្ត្រីជំនាញ ក៏បាន​រកឃើញ និងដោះបានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជិត៩ម៉ឺន​គ្រាប់​ផងដែរ។លោក​ ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​​កម្ពុជា​ បានបង្ហោះខ្លឹមសារ​នេះ តាម​រយៈទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១វិច្ឆិកា។
 
លោក ហេង រតនា បានបញ្ជាក់ទៀតថារយៈពេល៩ខែមកនេះ មន្រ្តីជំនាញ រំដោះមីនបាន​៦៨ ៣៥០គ្រាប់ ស្មើ២២៣ ៨៦០ ៥០៧ ម៉ែត្រក្រឡា ក្នុងនោះ ផ្ទៃដីចម្ការមីន​ចំនួន១៨១​៤០១​៦៥ ៨ ម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់ មានទំហំ៤២ ៤៥៨. ៨៤៩ ម៉ែត្រក្រឡា។ លទ្ធផលនេះ សម្រេចបាន៨៣ភាគរយ នៃផែនការឆ្នាំ២០២៣ ដែលដាក់ចេញ ២៦៨ ០៥០ ០៩៩គីឡូម៉ែត្រក្រឡា។
 
ក្រៅពីនេះ ស៊ីម៉ាក់ ក៏បានចុះពិនិត្យទីតាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ដល់​ទីតាំង​ពលរដ្ឋរាយការណ៍ និងបានកម្ទេចចោល​គ្រាប់មីន AP ចំនួន១ ៤៣៩គ្រាប់  មីនATចំនួន ២៥គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ១២​ ៤៧៦គ្រាប់ និងអាវុធធុនស្រាល ៧៤០​គីឡូ​ក្រាម។ ​កិច្ចប្រតិបត្តិការនេះ បានផ្ដល់ប្រយោជន៍​ដល់ពលរដ្ឋប្រមាណ ៤០​ម៉ឺន​គ្រួសារ​។ 
 
គិតមកទល់ពេលនេះ មាន១៣ខេត្តហើយ ដែលត្រូវបានប្រកាសថាអស់មីនទាំងស្រុង ដែល​រួមមាន ស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ កំពត និងចុងក្រោយខេត្តកំពង់ស្ពឺ៕
 

Tag:
 មីន
  ស៊ីម៉ាក់
  ហេង រតនា
  អាជ្ញាធរមីន
© រក្សាសិទ្ធិដោយ thmeythmey.com