RFI
អន្តរជាតិ
កាណាដាហាមឃាត់ការប្រើបណ្តាញសង្គមចិន Wechat និងរុស្ស៊ី Kaspersky 
កាណាដាសម្រេចហាមឃាត់មន្ត្រីមិនឱ្យប្រើបណ្តាញសង្គមWechat REUTERS - DADO RUVIC
×![]()
ដោយ៖អៀង សុខម៉ិញ/RFI
ប្រទេសកាណាដាបានប្រកាសនៅថ្ងៃចន្ទទី ៣០តុលា២០២៣ ហាមឃាត់មិនឱ្យមន្ត្រីរដ្ឋការ ប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមរបស់ចិន WeChat និងបណ្តាញសង្គមរុស្ស៊ី Kaspersky នៅលើទូរស័ព្ទដៃរបស់រដ្ឋទេ។
កាណាដាបានសម្រេចហាមឃាត់ ដោយលុបនិងបិទខ្ទប់កម្មវិធីរបស់ចិន WeChat និងរុស្ស៊ីKaspersky ដើម្បីធានាសុវត្ថិភាពនិងការពារបណ្តាញនិងទិន្នន័យរដ្ឋកាណាដា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សារតនាគារ ដែលជាអាជ្ញាធរទទួលបន្ទុកចាត់ចែងហិរញ្ញវត្ថុសាធារណៈ។
តាំងពីថ្ងៃចន្ទមក កម្មវិធីដ៏ពេញនិយមទាំងពីរ លែងមាននៅក្នុងទូរស័ព្ទដៃរបស់រដ្ឋាភិបាលកាណាដាទៀតហើយ។ ហើយបុគ្គលិករដ្ឋនិងមន្ត្រីរដ្ឋការទាំងអស់ ក៏លែងអាចបញ្ចូលកម្មវិធីទាំងពីរនេះឡើងវិញក្នុងទូរស័ព្ទដែរ ព្រោះកម្មវិធីទាំងពីរមានផ្ទុកហានិភ័យដល់ជីវិតឯកជននិងដល់សន្តិសុខ ដែលមិនអាចអនុគ្រោះបាន។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល អាជ្ញាធរកាណាដាបានអះអាងថា វិធីសាស្ត្រប្រមូលទិន្នន័យរបស់WeChat និងKaspersky អាចចាប់ខ្លឹមសារក្នុងកម្មវិធីបានច្រើនខ្លាំងណាស់។ ប៉ុន្តែកាណាដាដែលបានហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមចិនTikTok តាំងពីខែកុម្ភៈដើមឆ្នាំមក បានបញ្ជាក់ថាទោះបីកម្មវិធី WeChat និងKaspersky មានហានិភ័យខ្ពស់ច្បាស់ក្រលែតមែន តែគ្មានព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលណាបានជ្រាបចេញតាមបណ្តាញសង្គមនេះទេ។
ដោយមិនបង្អង់រដ្ឋាភិបាលចិនបានបញ្ចេញប្រតិកម្មប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់កាណាដាភ្លាមថា រដ្ឋាភិបាលកាណាដាចេញបម្រាមដៅលើក្រុមហ៊ុនចិន ក្រោមលេសការពារសន្តិសុខទិន្នន័យជាតិ ដោយគ្មានភស្តុតាងពិតជាក់ស្តែងទេ។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនសុំឱ្យកាណាដាបោះបង់គំនិងនិងមនោគវិជ្ជាលម្អៀង។
កាលពីសប្តាហ៍មុន កាណាដាថាមានយុទ្ធនាការឃោសនាចិនតាមអនឡាញ ដើម្បីបំបាក់និងបំបាត់ជំនឿលើនាយករដ្ឋមន្ត្រីកាណាដាលោក ទ្រូដូ និងសមាជិកសភាជាច្រើនរូប។ ស្ថិតក្នុងសភាពសង្ស័យខ្លាចមានការជ្រៀតជ្រែកពីបរទេសដើម្បីបម្រើប្រយោជន៍ចិន រុស្ស៊ី និងឥណ្ឌា រដ្ឋាភិបាលកាណាដាបានបើកអង្កេតថ្នាក់ជាតិមួយ កាលពីចុងខែកញ្ញា វែករកប្រភេទនិងកំរិតចារកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com