ជាតិ
សង្គមជាតិ
ការបញ្ចប់​សង្គ្រាម​​ប្រល័យ​ពូជសាសន៍​ប៉ុលពត មានការចូលរួមពីភាគីថៃ?
03, Nov 2023 , 9:29 pm        
រូបភាព
ប្រមុខយោធាមីយ៉ាន់ម៉ា ប្តេជ្ញាដណ្តើមយកទឹកដីដែលធ្លាក់ក្នុងដៃក្រុមជនជាតិភាគតិចមកវិញ
ប្រមុខយោធាមីយ៉ាន់ម៉ា ប្តេជ្ញាដណ្តើមយកទឹកដីដែលធ្លាក់ក្នុងដៃក្រុមជនជាតិភាគតិចមកវិញ
ភ្នំពេញ​៖ ក្រោយ​ពីអង្គការ​សហប្រជាជាតិ ចូល​មក​ជួយ​រៀប​ចំ​ការ​បោះ​ឆ្នោត​ កម្ពុជា​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី។​ ប៉ុន្តែ​​ការ​បោះ​ឆ្នោតនោះ​​ ពុំ​សូវ​ទទួល​បាន​ជោគ​ជ័យឡើយ​ ដ្បិត​អី​ខ្មែរ​ក្រហម​បាន​ដក​ខ្លួន​​ចេញ​​ពី​ការ​បោះ​ឆ្នោត​។ ​អស្ថិរភាពនៅ​តែ​បន្ត​កើត​មាន​។ ខ្មែរ​ក្រហម​ នៅ​តែ​លប​វាយ​ឆ្មក់​ប្រជាជនស្លូត​ត្រង់​​ និង​កម្លាំង​យោធា​របស់​រដ្ឋាភិបាល​ថ្មី​។ ដើម្បី​​ឱ្យ​សន្តិភាព​មាន​ពេញ​លេញ​ កម្ពុជា​បាន​ទៅ​ចាប់​ដៃ​​ជា​មួយ​ថៃ​។ ហេតុ​អ្វី​ថៃ​ជា​តួអង្គ​សំខាន់ ក្នុង​ការ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា​​?



ការ​​​បោះ​ឆ្នោត​​​ឆ្នាំ​១៩៩៣ ដោយ​មាន​ជំនួយ​ពី​ អាជ្ញាធរ​បណ្ដោះ​អាសន្ន ​​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (ហៅ​កាត់​ថា អ៊ុន​តាក់) និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ​បញ្ចប់​សង្គ្រាម​ដោយ​ខ្មែរ​ខ្លួន​ឯង ជា​ដំណាក់​កាល​ចុង​ក្រោយ នៃ​សង្គ្រាម​​នៅ​កម្ពុជា។
 
ដើម្បី​ជ្រាប​កាន់​តែច្បាស់ សូម​អស់​លោក​ លោក​ស្រី អ្នក​នាង​កញ្ញា ទស្សនា​បទ​សម្ភាសរវាង​កញ្ញា ប៉ូ សាគុន ជា​មួយ​លោកបណ្ឌិត ញ៉ែម បូរ៉ាដែន អ្នក​និពន្ធ​សៀវ​ភៅ “​កំណត់​ហេតុ​សង្គ្រាម​ រឿង​រ៉ាវ​សន្តិភាព​” ដូច​តទៅ៖
 

លោកបណ្ឌិត ញ៉ែម បូរ៉ាដែន គឺ​ជា​អ្នក​សរសេរ​សៀវ​ភៅ “​កំណត់​ហេតុ​សង្គ្រាម​ រឿង​រ៉ាវ​សន្តិភាព​” បាន​លើក​ឡើង​ថា ពី​ឆ្នាំ​១៩៩១-១៩៩៩ គឺ​ជា​ដំណាក់​កាល​ចុង​ក្រោយ  នៃ​សង្គ្រាម​នៅ​កម្ពុជា​​។ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​បាន​កើត​ឡើយ ដើម្បី​​​​បញ្ចប់​សង្គ្រាម​។ ហើយ​ក្នុង​នោះ ប្រសិន​មិន​មាន​ភាគី​ថៃ​ទេ នោះ​សង្គ្រាម​នេះ​នឹង​ពិបាក​បញ្ចប់​។ ពិបាក​​បញ្ចប់​ ដោយ​សារ ខ្មែរ​ក្រហម​មាន​ថៃ​ជា​ខ្នង​បង្អែក​។ 

លោកបណ្ឌិត ញ៉ែប បូរ៉ាដែន អ្នក​និពន្ធសៀវ​ភៅ កំណត់ហេតុ​សង្គ្រាម រឿង​រ៉ាវ​សន្តិភាព

លោក​ បូរ៉ាដែន​ បន្ថែម​ថា បើ​ទោះ​បី​ជាបរទេស​ផ្ដាច់​​ជំនួយ ហើយ​ប្រជា​ជន​ភាគ​ច្រើន ​ឈប់​ជឿជាក់​លើ​ខ្មែរ​ក្រហម​ក៏​ដោយ ប៉ុន្តែ​ខ្មែរ​ក្រហម​​នៅ​មាន​កម្លាំង​យោធា។ ខ្មែរ​ក្រហម​ ​នៅ​តែ​រំខាន​សន្តិភាព និង​ស្ថិរភាព​។
 
«ខ្ញុំ​នៅ​ចាំ​បាន​ កាល​នោះ​ឆ្នាំ​៩៦​​ យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ យើង​ឃើញ​​ខ្មែរ​ក្រហម​គាត់​ឡើង​មក​លើ​ផ្លូវ ដើម្បី​ទារ​លុយ​ គាត់​មាន​ការ​បាញ់​ស្ទាក់​ឡាន​ នៅ​តាម​ផ្លូវ​ជាតិ​ផ្សេង​ៗ​។ សំណួរ​សួរ​ថា ទោះ​បី​ជា​ផ្ដាច់​ជំនួយ​ ទោះ​បី​ជា​មាន​រដ្ឋាភិបាល​ថ្មី​ហើយ ហេតុ​អី​គាត់(ខ្មែរ​​ក្រហម​)​នៅ​តែ​អាច​បន្ត​ បង្ក​អស្ថិរភាព​បាន​?»។ នេះ​ជា​ការ​រំលឹក​ របស់​លោក បូរ៉ាដែន​។
 
ឆ្លង​កាត់​ការ​សម្ភាស​មនុស្ស​ជា​ច្រើន​ ដែល​បាន​ចូល​រួម​បញ្ឈប់​សង្គ្រាម​ លោក​បណ្ឌិត ញ៉ែម បូរ៉ាដែន​ ទទួល​បាន​ចម្លើយ​ដូច​គ្នា​ សឹង​តែ​ទាំ​ង​អស់​ថា ​សង្គ្រាម​កម្ពុជា​ ប្រសិន​ថៃ​នៅ​តែ​ការ​ពារ​ខ្មែរ​ក្រហម​នោះ​ សង្គ្រាម​​នេះ​នឹង​មិន​ចប់​ឡើយ​។ 



អ្នក​និពន្ធ​សៀវ​ភៅ ពន្យល់​បន្ថែម​៖«ពី​មុន​ថៃ​គឺ​ជា​មូល​ដ្ឋាន ​របស់​ចល​នា​តស៊ូ។ ​ទោះ​បី​​អន្តរជាតិ​ផ្ដាច់​ជំនួយខ្មែរ​ក្រហម​ ក៏​មាន​អ្នក​នៅ​ក្នុង​មូល​ដ្ឋាន​ខាង​​ភាគី​​ថៃ នៅ​រក​ស៊ី​ជា​មួយ​ខ្មែរ​ក្រហម​។ នៅ​ពេល​កម្ពុជា​ធ្វើ​យុទ្ធនាការ​សង្គ្រាម​ ខ្មែរ​ក្រហម​រត់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​បាត់​។ ប្រសិន​បាញ់​ចូ​ល​ដី​ថៃ ថៃ​អាច​បាញ់​ត្រឡប់​មក​វិញ»​។ 
 
លោក ញ៉ែម បូរ៉ាដែន បាន​អះអាង​ថា ក្នុង​ឆ្នាំ​១៩៨៧ មាន​ជំនួប​លើក​ដំបូង​ រវាងសម្ដេច​ព្រះ​នរោត្តម​ សីហនុ និង​​សម្ដេច​ ហ៊ុន ​សែន នៅ​ប្រទេស​បារាំង​ ដើម្បី​​រក​ដំណោះ​ស្រាយ​សង្គ្រាម​។ ក្នុង​ជំនួប​នោះ ​យុទ្ធសាស្ត្រពីរ​​បាន​កំណត់​យក​ប្រើប្រាស់​។ ​ទី​១​ ធ្វើ​យ៉ាង​ណា​បំបែក​ក្រុម​ចល​នា​តស៊ូខ្មែរ​ក្រហម​ និង​ទី​២ ធ្វើ​យ៉ាង​ណា​បង្កើត​ទំនាក់​ទំនង​ជា​មួយ​នឹង​ថៃ​។ យុទ្ធសាស្ត្រ​នេះ​ជោគ​ជ័យ​ ដោយ​សារ​មា​នលោក ឆៈវៈ​លីត យុងចៃយុទ្ធ ជា​មេទ័ព​ថៃ ​ធ្វើ​ការ​ជា​មួយ​ សម្ដេច​ ហ៊ុន​ សែន​។  
 
លោក បូរ៉ាដែន រំលឹក​ថា ​ក្រោយ​ពេល​​គណបក្ស​ឆាតថៃ របស់​លោក ឆាទិឆៃ ឈុនហៈវ៉ាន ឡើង​កាន់​អំណាច គណបក្ស​នេះ ​​មាន​យុទ្ធសាស្ត្រ​មួយ​គឺ កែ​ប្រែ​សមរភូមិទៅ​ជាទី​ផ្សារ ​ដូច្នេះ​លោក​ត្រូវ​ការ​ឱ្យ​សង្គ្រាម​កម្ពុជា​​ចប់​។​ 
 
«លោក ឆៈវៈលីត​ ថា​ប្រសិន​​ចង់​ឱ្យ​ចប់​ ទាល់​តែ​មាន​អ្នក​ខ្លាំង ​អាច​បញ្ចប់​សង្គ្រាម​នេះ​បាន​ ហើយ​មិន​ធ្វើ​ឱ្យ​មហាអំណាច​ផ្សេង​​ ចូល​មក​លូក​ដៃ​ក្នុង​សង្គ្រាម​ហ្នឹង​។​ ដូច្នេះ​មាន​តែ​សម្ដេច​ហ៊ុន​សែន​ទេ ដែល​អាច​ធ្វើ​រឿង​នេះ​បាន​»។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក បូរ៉ាដែន​។

 រូប​ផ្ដល់​ឱ្យ​ដោយ លោកបណ្ឌិត ញ៉ែម បូរ៉ាដែន

មុន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ចលនា​តស៊ូខ្មែរ​ក្រហម​​ទាំង​អស់​ គឺ​ពឹង​ផ្អែក​លើ​ថៃ។ អាវុធ ស្បៀង​អាហារ ថ្នាំ​ពេទ្យ និង​ជំនួយ​សព្វ​បែប​យ៉ាង​ បាន​នាំ​ចូល​តាម​ប្រទេស​ថៃ។ ក្រោយ​មក​ថៃ​បាន​មើ​ល​ឃើញ​ថា បើ​បន្ត​គាំទ្រ​ខ្មែរ​ក្រហម​ នោះ​ថៃ​ក្រហម​​អាច​រីករាល​ដាល​កាន់​តែ​ខ្លាំង ។ ម្យ៉ាង​ពល​រដ្ឋ​ថៃ​នៅ​ព្រំ​ដែន​ បាន​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​​នៅ​កម្ពុជា ទើ​ប​បាន​ជា​ថៃ​ជួយ​សម្រប់​សម្រួល​​ បញ្ចប់​សង្គ្រាម​​នៅ​កម្ពុជា​៕
 
 

Tag:
 សង្គ្រាម​
  សន្តិភាព​
  សៀវ​ភៅ​
  ការ​ស្រាវ​ជ្រាវ​
  កម្ពុជា
  ថៃ​
 
© រក្សាសិទ្ធិដោយ thmeythmey.com