RFI
អន្តរជាតិ
របាយការណ៍ IDEA៖លទ្ធិប្រជាធិបតេយ្យរងការគំរាមកំហែងនៅទូទាំងពិភពលោក 
របាយការណ៍IDEAថាលទ្ធិប្រជាធិបតេយ្យរងការគំរាមកំហែងទៅទូទាំងពិភពលោក © 维基百科
×![]()
ដោយ៖អៀង សុខម៉ិញ/RFI
ឃុំឃាំងសកម្មជនបក្សប្រឆាំង ខ្ទប់សំឡេងសារព័ត៌មាន ប្រព័ន្ធតុលាការលែងសូវឯករាជ្យ ... លទ្ធិប្រជាធិបតេយ្យកាន់តែផុយស្រួយឡើងៗ ជាគម្រប់៦ឆ្នាំជាប់ៗគ្នា។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការអន្តររដ្ឋាភិបាលអន្តរជាតិIDEA ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២វិច្ឆិកា២០២៣។
នេះជាគម្រប់៦ឆ្នាំជាប់គ្នាដែលប្រព័ន្ធប្រជាធិបតេយ្យដើរថយក្រោយ និងជារយៈពេលថយចុះដ៏វែងមិនដែលធ្លាប់មានកត់ត្រាពីមុនមកទេ គិតចាប់តាំងពីវិទ្យាស្ថានIDEAចាប់ផ្តើមប្រមូលផ្តុំទិន្នន័យនៅឆ្នាំ១៩៧៥មក។ តាមការពិតទៅនោះ បើតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការអង្គការIDEA នៅក្នុងរបាយការណ៍ លទ្ធិប្រជាធិបតេយ្យជួបការលំបាក តែរហូតមក ហើយបើប្រសើរគឺត្រឹមមានស្ថានភាពថេរ និងមានការធ្លាក់ចុះដោយដុបៗ នៅច្រើនកន្លែងប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២កន្លងទៅ ប្រព័ន្ធប្រជាធិបតេយ្យរងការគំរាមកំហែងនៅស្ទើរទូទាំងពិភពលោក ហើយច្បាប់នីតិរដ្ឋនិងនយោបាយ រងការប៉ះពាល់ខ្លាំងជាងគេ។
IDEA វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យនិងជំនួយការបោះឆ្នោត ដែលជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិ បានសង្កេតឃើញថាប្រទេសនៅលើពិភពលោកជិតពាក់កណ្តាល (៨៥លើ១៧៣ប្រទេស) មានកត្តាគន្លឹះយ៉ាងហោចណាស់មួយក្នុងចំណោមកត្តាទាំង១៧សម្រាប់កំណត់តម្លៃប្រជាធិបតេយ្យ បានធ្លាក់ចុះ។ ដើម្បីអាចវាយតម្លៃលទ្ធិប្រជាធិបតេយ្យ IDEAសិក្សាដោយផ្អែកលើកលក្ខណៈវិនិច្ឆ័យច្រើនចំណុចណាស់ដូចជាសេរីភាពនៃការបញ្ចេញមតិ បូរណភាព និងសន្តិសុខរបស់មនុស្ស។ សេរីភាពនៃការបញ្ចេញមតិក៏ដូចជាសេរីភាពសារព័ត៌មានបានធ្លាក់ចុះជាទូទៅនៅទូទាំងពិភពលោក។ គឺពិតជាគួរឱ្យព្រួយបារម្ភព្រោះសេរីភាពនេះជាទម្រស្ថាប័នប្រជាធិបតេយ្យដ៏សំខាន់។
បើតាមរបាយការណ៍IDEA ការធ្លាក់ចុះនៃប្រព័ន្ធប្រជាធិបតេយ្យដូចយ៉ាងប្រព័ន្ធបោះឆ្នោត ប្រព័ន្ធសភា និងឯករាជ្យភាពរបស់តុលាការ បាននាំឱ្យមានបញ្ហាប៉ះពាល់ដល់ការពារច្បាប់នីតិរដ្ឋ។ ការធ្លាក់ចុះនេះត្រូវលើកមកគិតគូរទន្ទឹមនឹងវិបត្តិអតិផរណា ការប្រែប្រួលអាកាសធាតុ និងការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ដែលជាឧបសគ្គដ៏ធំចម្បងសម្រាប់ថ្នាក់ដឹកនាំប្រទេសមួយចំនួនធំ។ នេះបើតាមសំណូមពរIDEA។
ពុំមានការដាក់ចំណាត់ថ្នាក់ផ្នែកប្រជាធិបតេយ្យទេ ប៉ុន្តែសម្រាប់IDEA នៅអាហ្វ្រិក ប្រជាធិបតេយ្យបានធ្លាក់ខ្លាំងបំផុត នៅក្នុងប្រទេសបេណាំង បួគីណាហ្វាសូ ឆាត ឬទុយនីស៊ី។ ប្រព័ន្ធប្រជាធិបតេយ្យក៏ដើរថយក្រោយខ្លាំងគួរជាទីកត់សម្គាល់ដែរ នៅ បេឡារុស ភូមា អាហ្វហ្កានីស្ថាន សាល់វាដរ ឬនីការ៉ាហ្កាយ។
ជាចុងក្រោយ របាយការណ៍ក៏បានលើកសរសើរអំពីវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការខិតខំប្រឹងប្រែងរបស់ប្រទេសមានជម្លោះនិងគ្មានប្រព័ន្ធបោះឆ្នោតទូលំទូលាយមួយចំនួន ពោលគឺបានធ្វើឱ្យប្រជាធិបតេយ្យមានភាពប្រសើរឡើងនោះ គឺប្រទេសអេត្យូពី អារមេនី និងម៉ុលដាវី ម៉ាឡេស៊ីនិងម៉ាល់ឌីវ៕
© រក្សាសិទ្ធិដោយ thmeythmey.com