កីឡាអន្តរជាតិ
អន្តរជាតិ
EPL ៖ Man Utd យកឈ្នះម្ចាស់ផ្ទះ Fulham ទាំងលំបាក ខណៈ Arsenal ចាញ់លើកដំបូង
05, Nov 2023 , 1:59 pm        
រូបភាព
ក្រុមបិសាចក្រហម Manchester United ស្វែងរកបានជ័យជម្នះឡើងវិញទាំងលំបាក ក្រោយពេលដែលខ្សែបម្រើប្រធានក្រុម Bruno Fernandez ស៊ុតគ្រាប់បាល់ចុងម៉ោង ដណ្តើមបាន ៣ពិន្ទុ ។ ចំណែកក្រុម Arsenal ចាញ់ក្រុមម្ចាស់ផ្ទះ Newcastle United លទ្ធផល ១-០ នាថ្ងៃទី៤ ខែវិច្ឆិកា។

Man United យកឈ្នះដោយលទ្ធផល​ ១-០ សម្រេចបានដោយប្រធានក្រុម Bruno Fernandez ស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី៩០+១ ទៅហើយ។ ការយកឈ្នះទាំងលំបាកនេះ​ ប្រែក្លាយជាការកាត់បន្ថយកម្តៅសម្រាប់តំណែងរបស់លោក Erik ten Hag  ដែលកំពុងតែជួបបញ្ហានៃទម្រង់លេង និងភាពមិ​នសាមគ្គីគ្នា សម្រាប់កីឡាករក្នុងក្រុម។ 
 
បើទោះបីជាគ្រាប់បាល់ដំបូង ដែលជាការស៊ុតដោយកីឡាករ Scott Mctominay តាំងតែនាទី៨ ត្រូវបានបដិសេធដោយអាជ្ញាកណ្តាលប្រព័ន្ធ VAR ប៉ុន្តែក្រុមបិសាចក្រហមដណ្តើមបាន ៣ពិន្ទុ ដើម្បីធ្វើឱ្យក្រុមអ្នកគាំទ្រមានការស្ងប់ចិត្តមួយរយៈពេល ខណៈដែលពួកគេក៏បន្តឈរនៅលេខរៀងទី៨ នៃក្របខណ្ឌ Premier League ដដែល។ ២ប្រកួតកន្លងមក ក្រុមបិសាចក្រហម បានចាញ់ក្រោមថ្វីជើង Man City លទ្ធផល ៣-០ មុនពេលចាញ់ Newcastle United និងធ្លាក់ចេញពី EFL Cup ដោយលទ្ធផល ៣-០។
 
មុនជ័យជម្នះនេះ ក្លិប Man Utd កំពុងត្រៀមចុះកិច្ចព្រមព្រៀងភាគហ៊ុនជាមួយនឹងលោក Sir Jim Ratcliffe ដើម្បីអាចកែប្រែវាសនាក្លិប ពីបញ្ហាដ៏អាក្រក់បែបនេះ។
 
ដោយឡែក Arsenal ចាញ់ការប្រកួតក្រោមថ្វីជើងម្ចាស់ផ្ទះ Newcastle United ដែលជាការចាញ់លើកដំបូងរបស់ក្រុម ស្ថិតក្រោមការដឹកនាំរបស់លោក ​Arteta នៅក្របខណ្ឌ Premier League រដូវកាលនេះ។ ឆ្លងកាត់ ១១ប្រកួតក្រុមកាំភ្លើងធំយកឈ្នះបាន ៧លើក ស្មើ ៣លើក និងចាញ់ ១លើក មាន ២៤ពិន្ទុស្ថិតនៅចំណាត់ថ្នាក់លេខ ៣។ ចាញ់ការប្រកួតនេះ បានធ្វើឱ្យលោក Arteta ជាគ្រូបង្វឹកមិនសប្បាយចិត្ត ចំពោះកូនក្រុម បន្ទាប់ពីក្រុមបានធ្លាក់ចេញពីពានរង្វាន់ EFL Cup ជុំទី៤ ក្រោមថ្វីជើង West Ham United លទ្ធផល ៣-១។
 
ចំណែក West Ham United ដែលបានបំបាក់ Arsenal កាលពីដើមសប្តាហ៍នៅក្នុងពានរង្វាន់ EFL Cup នោះ បែជាចាញ់ការប្រកួតនៅក្នុងលីគកំពូលក្រោមថ្វីជើង Brentford ដែលជាម្ចាស់ផ្ទះ ក្នុងលទ្ធផល ៣-២ នៅក្នុងកីឡដ្ឋាន Gtech Community។ 
 
ក្រុមតំបន់បាតតារាង Burnley បន្តចាញ់ការប្រកួតដល់ក្នុងទឹកដីរបស់ខ្លួន ដោយត្រូវបានក្រុម Crystal Palace បំបាក់ដោយលទ្ធផល ២-០ នៅក្នុងកីឡដ្ឋាន Turf Moor។ ទៅក្នុងការប្រកួតនាកីឡដ្ឋាន Goodison Park វិញ ក្រុមម្ចាស់ផ្ទះ Everton បានប្រកួតស្មើក្រុម Brighton & Hove Albion លទ្ធផល ១-១។ រីឯក្រុមបាតតារាង Sheffield United ក៏រកបានការឈ្នះលើកដំបូងរបស់ពួកគេ ដោយបានយកជ័យជម្នះពីក្រុម Wolves លទ្ធផល ២-១ ក្នុងកីឡដ្ឋាន Bramall Lane។
 
Manchester City ក៏បានបន្តភាពខ្លាំងរបស់ពួកគេឡើងវិញ ដោយបានលុតលើក្រុម Bournemouth ដោយលទ្ធផលចាស់ដៃ ៦-១។ គ្រាប់បាល់ទាំង ៦គ្រាប់ដែលរកបានកើតឡើងចេញពីកីឡាករ Bernardo Silva នៅនាទី៣៣ និង ៨៣, កីឡាករខ្សែបម្រើ Manuel Akanji នាទី៣៧, ខ្សែប្រយុទ្ធ Jeremy Doku នាទី៣០, ខ្សែប្រយុទ្ធស្លាប Phil Foden នាទី៦៤ និង ខ្សែការពារ Nathan Ake ​នាទី៨៣។ នេះជាលើកដំបូងហើយដែលក្រុម Man City លុតក្រុមគូប្រកួតដោយលទ្ធផលដ៏ច្រើនបែបនេះ ដោយគ្មានចំណែករបស់ខ្សែប្រយុទ្ធម៉ាស៊ីនរកគ្រាប់បាល់ Erling Haaland ឬក៏សូម្បីតែគ្រាប់បាល់បញ្ជូន៕
 
 
 
 

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com