កីឡាអន្តរជាតិ
អន្តរជាតិ
Bruno ជួយឱ្យកៅអីលោក TenHag ថមថយកម្ដៅបន្តិច ក្រោយជួយ Man Utd ឈ្នះ Fulham
05, Nov 2023 , 3:59 pm        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បានលើកសរសើរដល់កីឡាករ Bruno Fernandes ដែលជាប្រធានក្រុម ក្រោយរូបគេបានស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមនៅចុងម៉ោង នៅក្នុងការប្រកួតយកឈ្នះលើក្រុមម្ចាស់ផ្ទះ Fulham លទ្ធផល ១-០ នៃក្របខណ្ឌ Premier League នាថ្ងៃទី៤ ខែវិច្ឆិកា។ មួយគ្រាប់Bruno ជួយឱ្យកៅអីតំណែងអ្នកចាត់ការក្រុម របស់លោក TenHag ថមថយកម្ដៅបន្តិច។

ប្រធានក្រុម Fernandes ចាប់ផ្តើមរដូវកាលថ្មីបង្ហាញទម្រង់លេងមិនសូវល្អប៉ុន្មានឡើយ សម្រាប់ក្រុម Man United ខណៈដែលក្រុមឆ្លងកាត់ការប្រកួតដើមរដូវកាលថ្មី ជាមួយលទ្ធផលអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៦២មក។ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល តែងតែត្រូវបានអតីតកីឡាករក្រុមបិសាចក្រហមលោក Gary Neville និង Roy Keane រិះគន់ខ្លាំងលើរូបគេ ចំពោះការខ្វះភាពជាអ្នកដឹកនាំរបស់គេ ក្នុងនាមជាប្រធានក្រុម។
 
លទ្ធផល ១-០ បានជួយកាត់បន្ថយកម្តៅសម្រាប់តំណែងនៃការដឹកនាំរបស់លោក Ten Hag ខណៈពេលដែល Bruno បានបង្ហាញពីភាពខ្លាំង ក្នុងនាមជាប្រធានក្រុមនៃការប្រកួតនេះ រហូតអាចស្វែងរកគ្រាប់បាល់ជ័យជម្នះដល់ក្រុម។ អ្នកចាត់ការសញ្ជាតិហូឡង់សរសើរដល់ Bruno យ៉ាងខ្លាំងក្រោយចប់ការប្រកួត។
 
«រឿងនេះជាញឹកញាប់តាំងពីពេលដែលខ្ញុំតែងតាំងគេជាប្រធានក្រុម គេធ្វើបាន។ រូបគេតែងតែធ្វើជាឧទាហរណ៍ដល់មនុស្សគ្របើគ្នា គេបង្ហាញអំពីការដេញតាមប្រជែងបាល់ ការវាយបកដ៏ល្អ រូបគេក៏តែងតែទទួលខុសត្រូវគ្រប់ពេល ហើយក្រៅពីគោលដៅសំខាន់របស់គេ គេតែចង់បានគ្រាប់បាល់ និងព្យាយាមបង្កើតឱកាសគ្រាប់បាល់។»។ លោក Ten hag បានសរសើរដល់ Bruno បែបនេះ។
 
យ៉ាងណាជ័យជម្នះមួយនេះ ក៏ជាកម្លាំងចិត្តឡើងវិញ សម្រាប់ក្រុមបិសាចក្រហម សម្រាប់ត្រៀមខ្លួន ប្រកួតពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Copenhagen នៅថ្ងៃទី៨ ខែវិច្ចិកា៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com