កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបានគ្រាប់បាល់ទី ៤០០ ក្នុងការស៊ុតក្រៅប្រអប់គ្រោះថ្នាក់ ចាប់តាំងពីឈានចូលវ័យ ៣០
05, Nov 2023 , 7:39 pm        
រូបភាព
Cristiano Ronaldo រកបានគ្រាប់បាល់ ១គ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើក្រុម Al Khaleej លទ្ធផល ២-០ ដែលតារាបាល់ទាត់វ័យ ៣៨ឆ្នាំ ប្រើពេលត្រឹមតែ ២៦នាទីប៉ុណ្ណោះ ដើម្បីស៊ុតគ្រាប់នាំមុខដំបូង។ ១គ្រាប់រួមចំណែកយកបាន ៣ពិន្ទុដល់ក្រុមស្ថិតនៅក្របខណ្ឌ Saudi Pro League មួយនេះ បានក្លាយជាគ្រាប់បាល់កំណត់ត្រាទី ៤០០ ដែលជាការស៊ុតនៅក្រៅប្រអប់គ្រោះថ្នាក់ ចាប់តាំងពីរូបគេឈានចូលដល់វ័យ ៣០ឆ្នាំ រហូតមកដល់ពេលនេះ។

ចំណាយពេលត្រឹម ២៦នាទី Ronaldo ក៏អាចបន្តរកបានគ្រាប់បាល់ទី១២ របស់គេនៅក្នុងក្របខណ្ឌ Saudi Pro League ហើយឈរនៅកំពូលតារាងក្នុងនាមជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមការប្រកួតទី ១២ របស់ Al Nassr រដូវកាលថ្មីនេះ ដែលគេបានលេងចំនួន ១១ប្រកួត។ 
 
នៅទូទាំងការប្រកួតរដូវកាលថ្មី ដែលរូបគេបានឆ្លងកាត់ជាមួយនឹង Al Nassr ចំនួន ១៥ប្រកួត តារាអន្តរជាតិព័រទុយហ្កាលរូបនេះ ក៏រកបាន ១៥គ្រាប់ផងដែរ។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បានជួយដល់ក្រុមស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតឈ្នះការប្រកួត ១៦លើកជាប់ៗគ្នា ដោយមិនទាន់ស្គាល់ភាពបរាជ័យនៅឡើយ។
 
មកដល់ពេល Ronaldo រកបានគ្រាប់បាល់ចំនួន ៣៤គ្រាប់ហើយ ពីការបង្ហាញខ្លួនសរុបចំនួន ៤០ប្រកួត ជាមួយក្រុម Al Nassr ចាប់តាំងពីរូបគេបានចូលរួមជាមួយក្រុមនេះតាំងពីដើមខែមករា ឆ្នាំ​ ២០២៣ មកម្ល៉េះ។ Ronaldo ក៏កំពុងតែសម្លឹងមើលការប្រជែងពានរង្វាន់ស្បែកជើងមាសនៅក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត ខណៈរូបគេក៏កំពុងជួយដល់ Al Nassr យ៉ាងខ្លាំង ក្នុងការប្រជែងពានរង្វាន់លីគកំពូលផ្ទាល់តែម្តង ចាប់តាំងពីរូបគេបានចាញ់ពីក្លិប Manchester United ដោយការផ្តាច់កុងត្រា។
 
ការប្រកួតយកឈ្នះលើ Al Khaleej ២-០ មិត្តរួមក្រុមរបស់តារាបាល់ទាត់ម្ចាស់ពាន Ballon d’Or ៥សម័យ Aymeric Laporte ខ្សែការពារក៏រកបានគ្រាប់បាល់ដំបូងរបស់គេនៅក្រុម Al Nassr។ បន្ទាប់រកបានគ្រាប់បាល់ដំបូង ខ្សែការពារសញ្ជាតិអេស្ប៉ាញ ក៏បានអបអរគ្រាប់បាល់របស់គេ ដោយការប្រើក្បាច់អបអរដែល Ronaldo តែងតែប្រើគឺការលោតបែរក្រោយនិងស្រែកពាក្យថា «Siuuuuu»។ 
 
ការប្រកួតបន្ទាប់របស់ Al Nassr ដែលនឹងមានវត្តមានរបស់ Ronaldo បន្តទៀតនោះ គឺនៅក្នុងជំនួបពានរង្វាន់ AFC Champions League ទល់នឹងក្រុម Al Duhail នៅថ្ងៃទី៧ ខែវិច្ចិកា៕
 
 
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com