ជាតិ
ការកែច្នៃ និងគុណភាព នៅមានកម្រិត ធ្វើឱ្យផលិតផលកម្ពុជាពិបាកប្រជែងទីផ្សារសេរី
08, Nov 2023 , 8:19 pm        
រូបភាព
លោក អ៊ុក រ៉ាប៊ុន ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ (កណ្ដាល)  ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ ឆ្នាំ២០២៣ ថ្ងៃទី៧ វិច្ឆិកា។ រូបភាព៖ ភ១
លោក អ៊ុក រ៉ាប៊ុន ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ (កណ្ដាល) ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ ឆ្នាំ២០២៣ ថ្ងៃទី៧ វិច្ឆិកា។ រូបភាព៖ ភ១
ភ្នំពេញ៖ ការកែច្នៃ និងគុណភាព នៅមានកម្រិតធ្វើឱ្យផលិតផលកម្ពុជាពិបាកប្រជែងទីផ្សារសេរី។ បញ្ហានេះ ទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ពង្រឹងការទទួលខុសត្រូវរបស់ខ្លួនថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានផលិតផលសម្បូរបែប និងឈានដល់ការពង្រឹងចំណូលសេដ្ឋកិច្ចមូលដ្ឋាន។ ទាំងនេះគឺជាការលើកឡើងរបស់ លោក អ៊ុក រ៉ាប៊ុន ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម។



ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ ឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិ១ផលិតផល១ ឆ្នាំ២០២២» កាលពីថ្ងៃទី៧ វិច្ឆិកា លោក អ៊ុក រ៉ាប៊ុន បានបន្ថែមថា ក្នុងក្របខណ្ឌការងារ ជំរុញចលនាភូមិ១ ផលិតផល១ សំណុំសកម្មភាពគន្លឹះត្រូវបានដាក់ចេញក្នុងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររួចហើយ ប៉ុន្តែការអនុវត្តហាក់នៅមានកម្រិតនៅឡើយ។ ជាក់ស្ដែង កន្លងមក ផលិតផលដែលបានស្នើសុំវាយតម្លៃទទួលស្គាល់ជាផលិតផលភូមិ១ ផលិតផល១ ភាគច្រើនស្ថិតក្នុងក្រុមចំណីអាហារ ដែលមានការកែច្នៃចេញពីផលិតផលកសិកម្មតិចតួចប៉ុណ្ណោះ ដូចជា សាច់ងៀត បន្លែជ្រក់ ដំណាប់ផ្លែឈើ ជាដើម។
 
ហេតុផលខាងលើនេះ បានបង្ហាញថា សមត្ថភាពកែច្នៃចេញជាផលិតផលសម្រេចរបស់កម្ពុជានៅពេលនេះមានកម្រិតទាប។ ក្នុងនោះដែរ ផលិតផលមួយចំនួនធំ ពុំសូវមានគុណភាព ខណៈការវេចខ្ចប់ក៏មិនទាន់ត្រឹមត្រូវល្អ ។ ដូច្នេះហើយ ធ្វើឱ្យពិបាកប្រកួតប្រជែងលើទីផ្សារសេរី។ នេះបើតាមប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ។
 
ចលនាភូមិ១ ផលិតផល១ គឺជាយន្តការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារនៅនឹងកន្លែង កាត់បន្ថយចំណាកស្រុក កាត់បន្ថយភាពក្រីក្រ ដែលវាជាមូលដ្ឋានចាំបាច់ ក្នុងការរួមចំណែកធ្វើឲ្យកម្ពុជាឈានទៅសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យម និងកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។
ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ចលនាភូមិ១ផលិតផល១ ក៏ផ្ដោតលើការលើកកម្ពស់ផ្នែកវប្បធម៌ ប្រពៃណីផងដែរ តាមរយៈការយកចិត្តទុកដាក់ទៅលើផលិតផលមូលដ្ឋានណា ដែលមានចរិកឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ ប្រពៃណី របស់តំបន់ និងបង្កើតមោទនភាពដល់ប្រជាសហគមន៍។ 
 
ការចងក្រងផលិតផលភូមិ១ផលិតផល១ បានធ្វើឡើង ២លើករួចមកហើយ ដោយបានទទួលស្គាល់ផលិតផលប្រមាណ៥៥៩ ក្នុងនោះ ភ្នំពេញមានចំនួន ៥៦ផលិតផល។ ផលិតផលទាំងនេះ ត្រូវបានវាយតម្លៃដាក់ចំណាត់ថ្នាក់ ផ្កាយ ១,២,៣,៤,៥។ សកម្មភាពនេះ វានឹងក្លាយជាកម្លាំងអូសទាញផលិតករក្នុងស្រុកឲ្យខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួន ដើម្បីទទួលបានចំណាត់ថ្នាក់ល្អ និងបង្កើនឱកាសទីផ្សារ ព្រមទាំងសមត្ថភាពប្រកួតប្រជែង៕ 
 

Tag:
 កសិកម្ម
  ចលនាភូមិ១ ផលិតផល១
  អ៊ុក រ៉ាប៊ុន
  ទីផ្សារសេរី
© រក្សាសិទ្ធិដោយ thmeythmey.com