អន្តរជាតិ
ក្រុមប្រទេសG7 ជំរុញឱ្យផ្អាកបាញ់រយៈពេលខ្លីក្នុងជម្លោះអុីស្រាអែល និងហាម៉ាស
08, Nov 2023 , 10:59 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ រូបភាព Kyodo
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7)។ រូបភាព Kyodo
ប្រមុខការទូតនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅថ្ងៃទី៨ ខែវិច្ឆិកា បានជំរុញឱ្យមានការផ្អាកបាញ់គ្នារយៈពេលខ្លីក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស ដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សា។

 
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ជួបជុំគ្នានៅក្នុងទីក្រុងតូក្យូ ស្របពេលជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងផ្ទុះឡើង។ ក្រោយជំនួបរយៈពេល ២ថ្ងៃ ក្រុមប្រទេសG7 បានឯកភាពក្នុងការអំពាវនាវឱ្យមានការផ្អាកការបាញ់គ្នារយៈពេលខ្លី ក្នុងជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស ដើម្បីផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់កាហ្សា។ 
 
ក្នុងជំនួបនៅក្នុងទីក្រុងតូក្យូ រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសG7 បានបង្ហាញពីសាមគ្គីភាពលើជម្លោះរវាងហាម៉ាស និងអ៊ីស្រាអែល តាមរយៈការរិះគន់លើការវាយប្រហារលើក្រុមហាម៉ាស និងការដាក់ចេញសកម្មភាពជាបន្ទាន់ក្នុងការជួយប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សា ដែលត្រូវការទឹក អាហារ និងថ្នាំពេទ្យជាច្រើន។ 
 
តាមរយៈសេចក្តីថ្លែងការណ៍រួម ប្រមុខការទូតG7 បានបញ្ជាក់ពីសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន និងប្រជាជន ដោយផ្អែកទៅតាមច្បាប់អន្តរជាតិ ស្របពេលអ៊ីស្រាអែល កំពុងបំពេញប្រតិបត្តិយោធានៅក្នុងតំបន់កាហ្សា ដើម្បីបោសសម្អាតក្រុមហាម៉ាស និងបង្ហាញពីចេតនាក្នុងការគ្រប់គ្រងសន្តិសុខនៅតំបន់កាហ្សា ក្រោយជម្លោះត្រូវបានបញ្ចប់។ 
 
មិនត្រឹមតែគាំទ្រអ៊ីស្រាអែល និងជំនួយមនុស្សធម៌នៅតំបន់កាហ្សាឡើយ ក្រុមប្រទេសG7 បានទទូចឱ្យអ៊ីរ៉ង់បញ្ចៀសការគាំទ្រលើក្រុមហាម៉ាស និងវិធានការផ្សេងៗដែលនាំឱ្យមានអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។ កន្លងមក អ៊ីរ៉ង់ បានបោះពាក្យព្រមានអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល ហ៊ានបើកប្រតិបត្តិការយោធានៅក្នុងតំបន់កាហ្សា។ 
 
ក្នុងសន្និសីទសារព័ត៌មានបញ្ចប់កិច្ចប្រជុំក្រុមប្រទេសG7 នៅថ្ងៃទី៨ ខែវិច្ឆិកា លោកស្រី យូកូ កាមិកាវ៉ា ប្រមុខការទូតជប៉ុន បានបញ្ជាក់ថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានបញ្ជាក់ឡើងវិញពីភាពចាំបាច់នៃការផ្តល់ជំនួយជាបន្ទាន់ទៅតំបន់កាហ្សា ដែលកំពុងត្រូវការជំនួយជាច្រើន។ 
 
កន្លងមក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញពីចេតនាគ្រប់គ្រងលើតំបន់កាហ្សាដោយគ្មានរយៈពេលកំណត់ ក្រោយពីសង្រ្គាមត្រូវបានបញ្ចប់។ 
 
នៅក្នុងថ្ងៃទី៧ ខែវិច្ឆិកា លោកស្រីយូកូ​ បានជួបជាមួយសមភាគីអាម៉េរិក លោកអាន់តូនី ប្លីនខិន ដែលទើបបញ្ចប់ទស្សនកិច្ចនៅមជ្ឈិមបូព៌ា ជុំវិញជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស។ ក្នុងកិច្ចសន្ទនា នៅថ្ងៃទី៧ ខែវិច្ឆិកានោះ សម្ព័នមិត្តទាំងពីរ បានឯកភាពក្នុងការធ្វើការរួមគ្នា ដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅក្នុងតំបន់កាហ្សា ផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លី និងសម្រេចបានដំណើរស្រាយរដ្ឋពីរលើដែនដីប៉ាឡេស្ទីន។ 
 
ស្ថានភាពក្នុងតំបន់កាហ្សាពេលនេះ កំពុងមានភាពស្មុគស្មាញខ្លាំង ដោយអ៊ីស្រាអែលបានវាយលុកកាន់តែជ្រៅទៅក្នុងទីក្រុងកាហ្សា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់តំបន់ និងត្រូវបានអ៊ីស្រាអែលចាត់ទុកវាកន្លែងលាក់ខ្លួនដ៏សំខាន់របស់ក្រុមហាម៉ាស។ 
 
តាមការបញ្ជាក់របស់អ៊ីស្រាអែល យោធារបស់ខ្លួន បានចាប់ផ្តើមប្រតិបត្តិការយោធាដំណាក់កាលថ្មីហើយ ដោយផ្តោតលើការបំផ្លាញផ្លូវក្រោមដីរបស់ក្រុមហាម៉ាស។ យោធាអ៊ីស្រាអែល បានលើកឡើងថា ផ្លូវក្រោមដីរបស់ក្រុមហាម៉ាស មាននៅក្រោមមន្ទីរពេទ្យ និងសាលារៀនជាដើម ហើយវាត្រូវបានប្រើប្រាស់សម្រាប់លាក់ខ្លួន ផ្ទុកអាវុធ និងបន្ទប់ទំនាក់ទំនងជាដើម៕
 

Tag:
 ជប៉ុន
  អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com