ជាតិ
ក្រសួងកសិកម្ម ត្រៀមខ្លួនដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ នៅរដូវប្រមូលផល
09, Nov 2023 , 9:39 am        
រូបភាព
កម្មករជញ្ជូនស្រូវ។ រូបភាព៖ អង្គការសន្សំម្លប់ព្រៃ
កម្មករជញ្ជូនស្រូវ។ រូបភាព៖ អង្គការសន្សំម្លប់ព្រៃ
ភ្នំពេញ៖ ឱ្យតែចូលដល់រដូវច្រូតកាត់ ប្រជាកសិករតែងតែបារម្ភពីបញ្ហាទីផ្សារ និងតម្លៃមិនសមរម្យ។ ក្នុងនោះដែរ សំណួរ និងភាពរអ៊ូរទាំជាច្រើន ត្រូវបានពួកគេបង្ហាញទៅកាន់រដ្ឋាភិបាល ស្ទើររាល់ឆ្នាំ។ ទាក់ទិនបញ្ហានេះ ក្រសួងកសិកម្ម បានត្រៀមយន្តការមួយចំនួន ដើម្បីសម្របសម្រួល និងដោះស្រាយកង្វល់ទាំងនេះជូនកសិករ សម្រាប់រដូវប្រមូលផលឆ្នាំនេះ។



លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម បានចុះទៅពិភាក្សាជាមួយ អភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញ រោងម៉ាស៊ីន និងសហគមន៍កសិកម្ម តាមបណ្ដាខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ក្នុងគោលបំណងសម្របសម្រួល និងដោះស្រាយបញ្ហាទីផ្សារ ព្រមទាំងរក្សាស្ថិរភាពថ្លៃស្រូវជូនកសិករ នៅរដូវប្រមូលផល។ 
 
តាមរយៈការពិភាក្សា៣ថ្ងៃមកនេះ ក្រសួងកសិកម្ម បានដាក់បញ្ចេញយន្តការ ៧ចំណុច រួមមាន ការរៀបចំកន្លែងប្រមូលផ្ដុំស្រូវ ដើម្បីងាយស្រួលដឹកជញ្ជូន, ការសម្របសម្រួលម៉ាស៊ីនច្រូត និងរោងម៉ាស៊ីនកិនស្រូវក្នុងការចែកតំបន់គោលដៅគ្នាទិញ ព្រមទាំងសម្របសម្រួលការដឹកជញ្ជូន។
 
ផ្សព្វផ្សាយពីទីតាំងប្រមូលផ្តុំ ដើម្បីឱ្យរោងម៉ាស៊ីន អ្នកប្រមូលទិញស្រូវ និងកសិករបានដឹងជាមុន។ ធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយពីតម្លៃស្រូវឲ្យបានរាល់ថ្ងៃ សម្រាប់រដូវប្រមូលផល ជាពិសេស បង្កើតជាក្រុមតេឡេក្រាមដើម្បីងាយស្រួលផ្លាស់ប្តូរព័ត៌មាន និងទំនាក់ទំនងសហការគ្នា។ 
 
ជាមួយគ្នានេះ ក្រសួងកសិកម្ម ណែនាំឱ្យអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះការប្រមូលទិញស្រូពូជសុទ្ធផ្ការំដួល និងផ្តល់តម្លៃលើកទឹកចិត្តបន្ថែម លើសស្រូវធម្មតា។ ទន្ទឹមនេះ ត្រូវជំរុញកសិករ ឱ្យបន្តធ្វើស្រូវពូជសែនក្រអូប០១ នៅរដូវប្រាំងខាងមុខ ដែលវាជាការចូលរួមចំណែកកសាងប្រព័ន្ធពូជសុទ្ធ សម្រាប់ការនាំចេញ និងវិស័យស្រូវអង្ករជាតិ។ 
 
គួររំឭកថា​ ក្រោយទទួលបានដំណែង ជារដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារជូនកសិករបន្ថែមទៀត តាមរយៈការបន្តអនុវត្តន៍គោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ 
 
រយៈពេល១០ ខែឆ្នាំ២០២៣នេះ កម្ពុជា​បាននាំចេញស្រូវប្រមាណ ៣.៣លានតោន ទៅកាន់ប្រទេសជិតខាង ដោយបានចំណូលជាង៨០០លានដុល្លារ។ ចំពោះអង្ករវិញ ត្រូវបាននាំចេញទៅកាន់ ៤៩គោលដៅ ក្នុងបរិមាណ៥៣០ពាន់តោន ដែលគិតជាទឹកប្រាក់ ៣៧៧លានដុល្លារ។ នេះបើតាមសហព័ន្ធស្រូវអង្ករកម្ពុជា៕ 

Tag:
 ក្រសួងកសិកម្ម
  ស្រូវ
  យ៉ង សាំងកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com