កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Bayern, Real , Inter និង Sociedad កក់កៅអីវគ្គ ១៦ ខណៈMan utd ចាញ់ ក្រោយRashford កាតក្រហម
09, Nov 2023 , 11:19 am        
រូបភាព
ក្រុមចំនួន៤ទៀត បានកក់កៅអី១៦ក្រុម នៃក្របខណ្ឌ Champion League ក្នុងនោះ Bayern Munich, Real Madrid , Inter Milan និង Real Sociedad ។ ចំណែក Man utd ចាញ់ Copenhagen  ក្រោយខ្សែប្រយុទ្ធ Marcus Rashford កាតក្រហម។



Manchester United នាំមុខលើក្រុម Copenhagen ក្នុងពានរង្វាន់វគ្គចែកពូល UEFA Champions League ដោយលទ្ធផល ២-០ ដោយការស៊ុតពីសំណាក់ខ្សែប្រយុទ្ធ Rasmus Hojlund តែឱកាសយក ៣ពិន្ទុ បានបាត់បង់ទៅវិញ ក្រោយ Marcus Rashford បានកាតក្រហមនៅក្នុងវគ្គទីមួយ ធ្វើឱ្យលទ្ធផលប្រែប្រួលខ្លាំង ដោយត្រូវម្ចាស់ផ្ទះវាយបកឈ្នះលទ្ធផល ៤-៣ នៅថ្ងៃទី៩ វិច្ឆិកា (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Parken។ 
 
Rashford កាតក្រហម នៅនាទី៤២ ។ ក្រោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ កាតក្រហមនោះ ក្រុមម្ចាស់Copenhagen មានឱកាសសម្រុកផ្ទួនៗ នៅចុងម៉ោងវគ្គទី១ ដោយសម្រេចបាន២គ្រាប់វិញ នៅនាទី៤៥ និងនាទី៤៥បូក៩នាទី ដោយកីឡាករ M.Elyounoussi ។
  


ការប្រកួតវគ្គទី២ ឈានចូលដល់នាទី ៦៨ ប្រធានក្រុម Bruno Fernandes បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ឱ្យក្រុម Man Utd នាំមុខម្ចាស់ Copenhagen ដោយលទ្ធផល៣-២ ។ ប៉ុន្តែក្តីសង្ឃឹមជ័យជម្នះនេះ បានបាត់បង់ទៅវិញ ក្រោយ កីឡាករ L.Lerager ស៊ុត១គ្រាប់នៅនាទី៨៣ មុខកីឡាករ R.Bardghji ថែម១គ្រាប់ទៀត នៅនាទី៨៣ ដែលជួយឱ្យក្រុមម្ចាស់ផ្ទះCopenhagen វាយបកយកឈ្នះបិសាចក្រហម ដោយលទ្ធផល៤-៣។ 
 
ការបរាជ័យនេះ នឹងធ្វើឱ្យតំណែងរបស់អ្នកចាត់ការសញ្ជាតិហូឡង់លោក Erik ten Hag កាន់តែមានកម្តៅកើនឡើង។ 
 
វាសនាខុសគ្នា Bayern Munich ជាក្រុមជើងខ្លាំងក្នុងពូល A បានកក់កៅអីវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីពួកគេបានយកឈ្នះលើ Galatasaray លទ្ធផល ២-១ ពីការប្រកួតចំនួន ៤លើក ដោយមាន ១២ពិន្ទុក្នុងដៃ។ ជ័យជម្នះនេះ សម្រេចបានដោយខ្សែប្រយុទ្ធ Harry Kane សញ្ជាតិអង់គ្លេសស៊ុតបាល់ ២គ្រាប់។



ទៅកាន់ការប្រកួតពូល B ក្រុម Arsenal នៅតែរក្សាតំណែងកំពូលតារាងរបស់ខ្លួន ដោយមាន ៩ពិន្ទុក្នុងដៃ អាចចាត់ទុកបានកក់កៅអីសម្រាប់វគ្គជម្រុះ ១៦ក្រុមមួយផងដែរ។ យកឈ្នះលើក្រុមខ្លាំង Sevilla ២-០ បានធ្វើឱ្យក្រុមដឹកនាំដោយលោក Mikel Arteta រីករាយក៏ដូចជានឹងមិនត្រូវប្រើកម្លាំងប្រកួតប្រជែងខ្លាំងនៅការប្រកួតក្រោយៗ ដ្បិតរក្សាបានកៅអីរួចជាស្រេច។ ក្លិប PSV Eindhoven, RC Lens និង Sevilla ជាក្រុមត្រូវប្រជែងចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ហើយ Arsenal ក៏ត្រូវការឈ្នះ ២ប្រកួតដែលនៅសល់ដើម្បីបញ្ចប់ចំណាត់ថ្នាក់ក្នុងនាមជាក្រុមកំពូលតារាង។
 
Real Madrid សុទ្ធិសឹងតែជាក្រុមមួយដែលមិនអាចមើលរំលងបានក្នុងនាមជាក្រុមខ្លាំងដែលចេញពីពូក C។ ១២ពិន្ទុពេញ ពីការប្រកួតមិនចាញ់សោះ ធ្វើឱ្យក្រុមជើងខ្លាំងមកពីអេស្ប៉ាញកក់កៅអីមួយរួចជាស្រេច សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលរូបគេនៅសល់ ២ប្រកួតក្នុងដៃ។ ស្ថិតក្នុងពូល C ដូចគ្នា SSC Napoli ជាក្រុមចំណាត់ថ្នាក់លេខ ២ ប៉ុន្តែក៏មិនទាន់អាចកំណត់បានថាអាចកក់កៅអីបាន ខណៈដែលរង់ចាំមើលនៅការប្រកួតមួយលើកបន្ថែមទៀត ដើម្បីសម្រេចរកឃើញក្រុមលេខ ២។ SC Braga កំពុងសម្លឹងមើលការប្រជែងរក ចំណាត់ថ្នាកលេខ ២ និង Union Berlin ស្វែងរកលេខ ៣។
 


ដោយឡែក Real Sociedad បង្ហាញភាពភ្ញាក់ផ្អើលពីការធ្វើបានល្អក្នុងពានរង្វាន់ UCL ដោយបច្ចុប្បន្នជាក្រុមស្ថិតនៅកំពូលតារាង ហើយការប្រកួតរាត្រីថ្ងៃទី៨ ខែវិច្ឆិកា ពួកគេបានបំបាក់ក្រុមខ្លាំង SL Benfica របស់ព័រទុយហ្កាល់លទ្ធផល ៣-១។ Sociedad មាន ១០ពិន្ទុស្មើនឹងក្រុម Inter Milan ​ក្រោយឆ្លងកាត់ ៤ប្រកួត ឈ្នះ៣ និងចាញ់១លើក ដូចគ្នា ហើយចាប់ដៃគ្នាឡើងវគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែក្រុមទាំងពីរ ក៏ត្រូវប្រជែងចំណាត់ថ្នាក់កំពូលតារាងបន្ត។ 
 
FC Salzburg ដែលចាញ់ការប្រកួតក្រោមថ្វីជើង Inter Milan លទ្ធផល ១-០ នឹងត្រូវប្រជែងជាមួយក្រុម Benfica ត្រូវប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់លេខ ៣ ដើម្បីអាចបន្តទៅប្រកួតក្នុងពានរង្វាន់ UEFA Europa League៕

Tag:
 UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com