សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Intel បានលុបចោលផែនពង្រីកការផលិតបន្ទះឈីបនៅវៀតណាម
09, Nov 2023 , 1:59 pm        
រូបភាព
ក្រុមហ៊ុន Intel នៅទីក្រុងហ៊ូជីមិញ ។ រូបភាព ៖ Tuoi Tre
ក្រុមហ៊ុន Intel នៅទីក្រុងហ៊ូជីមិញ ។ រូបភាព ៖ Tuoi Tre
ក្រុមហ៊ុន Intel បានបញ្ឈប់គម្រោងវិនិយោគពង្រីកសកម្មភាពផលិតបន្ទះឈីបនៅវៀតណាមដែលមានតម្លៃ ១ពាន់លានដុល្លារ។ នេះ​ជា​ការ​ប៉ះ​ពាល់​ដល់មហិច្ឆតា​របស់​វៀតណាម​ក្នុងការដើរតួនាទីជំនួសចិន និងតៃវ៉ាន់សម្រាប់វិស័យសឺមីកុងឌុចទ័រ។ នេះបើតាមសារព័ត៌មាន Reuters ។

 
វៀតណាម ជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ជាពិសេសជាកន្លែងសម្រាប់ការដំឡើងបន្ទះឈីប រោងចក្រវេចខ្ចប់ និងពិសោធន៍បន្ទះឈីបរបស់ក្រុមហ៊ុន Intel ។ ប្រទេសនេះ រំពឹងថាក្រុមហ៊ុន Intel នឹងពង្រីកបន្ថែមទៀតនៅទីនេះ ជាពិសេសបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសកិច្ចព្រមព្រៀងដើម្បីគាំទ្រដល់ឧស្សាហកម្មបន្ទះឈីប ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកកាលពីខែកញ្ញា។
 
វៀតណាមចង់ដាក់ខ្លួនជាជម្រើសជំនួសចិន និងតៃវ៉ាន់ ស្របពេលមានហានិភ័យនយោបាយ និងភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាម៉េរិក។
 
ប៉ុន្តែក្រោយពីដំណើរទស្សនកិច្ចរបស់លោក បៃឌិន មន្ត្រីអាម៉េរិកបានជូនដំណឹងដល់ក្រុមអ្នកជំនួញ និងអ្នកជំនាញអាម៉េរិកមួយចំនួនថា ក្រុមហ៊ុន Intel បានដកខ្លួនចេញពីផែនការពង្រីកសកម្មភាពផលិតនេះ ។ ​ 
 
បើតាមសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែវិច្ឆិកា ក្រុមហ៊ុន Intel មិនបានបញ្ជាក់ពីមូហេតុក្នុងការបញ្ឈប់ផែនការពង្រីកសកម្មភាពផលិតបន្ទះឈីបនេះទេ ប៉ុន្តែត្រឹមលើកឡើងថា មានកិច្ចប្រជុំពីរដាច់ដោយឡែកពីគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះរវាងក្រុមហ៊ុនអាម៉េរិក និងមន្ត្រីកំពូលៗរបស់វៀតណាម។
 
យ៉ាងណាមិញ មន្រ្តីវៀតណាមបានអះអាងថា ក្រុមហ៊ុន Intel បានលើកឡើងពីការព្រួយបារម្ភអំពីស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល និងការិយាធិបតេយ្យហួសហេតុ។
 
ចំណែកក្រុមហ៊ុន Intel បានបញ្ជាក់ថា ៖« វៀតណាមនឹងបន្តជាផ្នែកសំខាន់នៃប្រតិបត្តិការផលិតកម្មសកលរបស់យើង នៅពេលដែលតម្រូវការសម្រាប់សឺមីកុងឌុចកើនឡើង» ។
 
ការផ្លាស់ប្តូររបស់ក្រុមហ៊ុន Intel នឹងក្លាយជាការបំផ្លិចបំផ្លាញមហិច្ឆតារបស់វៀតណាមក្នុងការដើរតួនាទីកាន់តែធំនៅក្នុងវិស័យសឺមីកុងឌុចទ័រពិភពលោក។ ប្រទេសនេះ តែងតែបញ្ចុះបញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបដោយសង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនដែលកំពុងស្វែងរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។
 
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Intel បានកើតឡើងបន្ទាប់ពីខ្លួនបានប្រកាសពីការវិនិយោគគម្រោងធំៗនៅអឺរ៉ុបក្នុងខែមិថុនា ហើយវៀតណាមបានទទួលរងការខ្វះខាតថាមពលនៅក្នុងខែអំឡុងខែដូចគ្នា ដោយបង្ខំឱ្យក្រុមហ៊ុនផលិតជាច្រើនផ្អាកការផលិតជាបណ្តោះអាសន្ន។
 
លើសពីនេះ ក្រុមហ៊ុន Intel ក៏កំពុងពង្រីកការវិនិយោគរបស់ខ្លួនលើការវេចខ្ចប់បន្ទះឈីបនៅម៉ាឡេស៊ី ដែលជាដៃគូប្រជែងដ៏សំខាន់មួយរបស់វៀតណាមនៅអាស៊ីអាគ្នេយ៍។
 
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក បៃឌិន ទៅកាន់ទីក្រុងហាណូយ សេតវិមានបានបង្ហាញពីគំនិតផ្តួចផ្តើម និងការវិនិយោគថ្មីដោយមានក្រុមហ៊ុនបន្ទះឈីបរបស់អាម៉េរិកដូចជា Amkor (AMKR.O), Synopsys (SNPS.O) និង Marvell (MRVL.O) ប៉ុន្តែមិនមានវត្តមានក្រុមហ៊ុន Intel ទេ។ 
 
បើតាមសារព័ត៌មាន Reuters កាលពីខែកុម្ភៈ ក្រុមហ៊ុន Intel បានរៀបចំផែនការវិនិយោគថ្មីដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារនៅវៀតណាម ដើម្បីជំរុញបង្កើតរោងចក្របន្ថែមរបស់ខ្លួនដែលមានស្រាប់តម្លៃ ១,៥ពាន់លានដុល្លារនៅក្នុងប្រទេសនេះ។ 
 
វិបផតថលព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលវៀតណាមបានលើកឡើងពីផែនការទាក់ទាញការវិនិយោគបន្ថែមចំនួន ៣,៣ពាន់លានដុល្លារពីក្រុមហ៊ុន Intel ប៉ុន្តែក្រោយមកបានដកចេញព័ត៌មាននេះនៅពេលដែលសារព័ត៌មានបានរាយការណ៍វអំពីរឿងនេះ៕ 

Tag:
 វៀតណាម
  អាម៉េរិក
  សឺមីកុងឌុចទ័រ
  Intel
© រក្សាសិទ្ធិដោយ thmeythmey.com