អន្តរជាតិ
ប្រមុខការទូតអាម៉េរិកចោទ រុស្ស៊ីផ្តល់បច្ចេកវិទ្យា និងការគាំទ្រកម្មវិធីយោធាកូរ៉េខាងជើង
09, Nov 2023 , 4:59 pm        
រូបភាព
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រទេស G7 នៅជប៉ុន នៅថ្ងៃទី៨ ខែវិច្ឆិកា។ រូបភាពក្រសួងការបរទេសអាម៉េរិក
លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក ក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រទេស G7 នៅជប៉ុន នៅថ្ងៃទី៨ ខែវិច្ឆិកា។ រូបភាពក្រសួងការបរទេសអាម៉េរិក
រុស្ស៊ី កំពុងផ្តល់បច្ចេកវិទ្យា​ និងការគាំទ្រចំពោះកម្មវិធីយោធាកូរ៉េខាងជើង។ លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី៩ ខែវិច្ឆិកា។ ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក និងកូរ៉េខាងត្បូង បានពិភាក្សាពីការដាក់សម្ពាធកាន់តែខ្លាំងឡើងលើរុស្ស៊ី ដើម្បីទប់ស្កាត់ពីការផ្ទេរបច្ចេកវិទ្យាយោធាពីក្រុងមូស្គូ ទៅក្រុងព្យុងយ៉ាងថែមទៀត។

 
ក្រោយចាកចេញពីក្រុងតូក្យូ ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូង។ ក្រោយជំនួបសមភាគីកូរ៉េខាងត្បូង លោកផាក ជីន ហើយនោះ លោកប្លីងខិន បានចោទរុស្ស៊ីថា កំពុងផ្តល់បច្ចេកវិទ្យាចំពោះយោធាកូរ៉េខាងជើង។ 
 
«យើងកំពុងឃើញកូរ៉េខាងជើងផ្តល់គ្រឿងបរិក្ខារយោធាទៅរុស្ស៊ី ដើម្បីបន្តការឈ្លានពាននៅអ៊ុយក្រែន។ ប៉ុន្តែយើងក៏កំពុងឃើញរុស្ស៊ីផ្តល់ការគាំទ្រ និងបច្ចេកវិទ្យាទៅកូរ៉េខាងជើងសម្រាប់កម្មវិធីយោធាផងដែរ»។ លោកប្លីងខិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ផាក ក្នុងថ្ងៃទី៩ ខែវិច្ឆិកា។ 
 
ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបន្តថា លោក និងលោកផាក បានពិភាក្សាពីចំណាត់ការបន្ថែមរវាងប្រទេសទាំងពីរ ដើម្បីដាក់សម្ពាធកាន់តែខ្លាំងឡើង លើក្រុងមូស្គូកុំឱ្យផ្ទេរបច្ចេកវិទ្យាយោធា ទៅក្រុងព្យុងយ៉ាង ដែលជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
នេះមិនមែនជាលើកទីមួយឡើយ ដែលអាម៉េរិកចោទកូរ៉េខាងជើងបញ្ជូនអាវុធឱ្យរុស្ស៊ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ 
 
កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានសន្យាជួយកូរ៉េខាងជើង​ ក្នុងការកសាងផ្កាយរណបផងដែរ​ ក្នុងពេលទស្សនកិច្ចរបស់លោកគីម នៅរុស្ស៊ី។ ក្រុងព្យុងយ៉ាង បានបាញ់ផ្កាយរណបចារកិច្ចចំនួន ២លើកហើយ ប៉ុន្តែត្រូវទទួលបរាជ័យ។
 
ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកប្លីងខិន បានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Cho Tae-yong និងថ្កោលទោសកូរ៉េខាងជើងពីការផ្តល់អាវុធទៅរុស្ស៊ី សម្រាប់ធ្វើសង្រ្គាម។ 
 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកប្លីងខិន នឹងបន្តទស្សនកិច្ចនៅក្រុងញូវដែលី ឥណ្ឌា បន្តទៀត ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការផ្សេងៗ៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com