សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចឡាវរងសម្ពាធដោយសារប្រាក់គីបធ្លាក់ថ្លៃ
09, Nov 2023 , 8:19 pm        
រូបភាព
World Vision ពង្រីកគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ» ដល់ព្រះវិហារ
World Vision ពង្រីកគម្រោង «មណ្ឌលសុខភាពគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ» ដល់ព្រះវិហារ
ប្រាក់គីបចុះខ្សោយ បណ្តាលឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ធ្លាក់ចុះពី ២៥៩៥ដុល្លារក្នុងឆ្នាំ២០២១ មកនៅត្រឹម ១៨២៤ដុល្លារក្នុងឆ្នាំ២០២៣។

 
សេដ្ឋកិច្ចឡាវបានបន្តកើនឡើងជាមធ្យមក្នុងរង្វង់ ៤ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កំណើនមិនខ្ពស់បែបនេះ ដោយសារការធ្លាក់ថ្លៃនៃប្រាក់គីប។  
 
« ប្រាក់គីបចុះខ្សោយ បណ្តាលឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ធ្លាក់ចុះពី ២៥៩៥ដុល្លារក្នុងឆ្នាំ២០២១ មកនៅត្រឹម ១៨២៤ដុល្លារក្នុងឆ្នាំ២០២៣»។ នេះបើតាមទូរទស្សន៍ជាតិឡាវនៅថ្ងៃទី៩ ខែវិច្ឆិកា ដែលបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវលោក Khamjane Vongphosy។  
 
ថ្លែងនៅក្នុងសម័យប្រជុំសាមញ្ញលើកទី៦ នៃនីតិកាលទី៩ របស់រដ្ឋសភាលោក Khamjane Vongphosy ​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បង្កើន​តួលេខ​នេះ​ឲ្យដល់ ២៨៨០ ដុល្លារ​នៅ​ឆ្នាំ ២០២៥។
 
តួលេខទាំងនេះបង្ហាញថា ប្រាក់ចំណូលរបស់ប្រជាជនបានធ្លាក់ចុះក្នុងន័យជាក់ស្តែង ស្របពេលមានការកើនឡើងនៃថ្លៃរស់នៅប្រចាំថ្ងៃ។ បើតាមរដ្ឋមន្ត្រីរូបនេះ ការធ្លាក់ចុះនៃប្រាក់គីប ជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា និងតម្លៃកើនឡើងដែលកំពុងតែមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតជីវភាពរបស់ប្រជាជន។
 
កំណើនសេដ្ឋកិច្ចបានឈានដល់អត្រា៣,៥ភាគរយនៅឆ្នាំ២០២១ និង៤,៤ភាគរយនៅឆ្នាំ២០២២។ អត្រាកំណើនត្រូវបានព្យាករនៅ៤,២ភាគរយក្នុងឆ្នាំ២០២៣ និង៤,៥ភាគរយនៅឆ្នាំ ២០២៤ ។
 
យ៉ាងណាមិញ អត្រាអតិផរណាជាមធ្យមមានដល់ ៣៣,៦៩ភាគរយក្នុងរយៈពេល ៩ខែកន្លងមកនេះ។ អតិផរណាឡើងខ្ពស់ដល់៤១,២៦ភាគរយនៅក្នុងខែកុម្ភៈ តែចុះដល់កម្រិតទាប២៥,៦៩ភាគរយនៅក្នុងខែកញ្ញា។
 
រដ្ឋាភិបាលឡាវរំពឹងថា នឹងកាត់បន្ថយអតិផរណាមកត្រឹម៩ភាគរយនៅចុងឆ្នាំនេះ ប៉ុន្តែការប៉ុនប៉ងអាចបរាជ័យ ដូច្នេះរដ្ឋាភិបាលបានពន្យារដាក់គោលដៅដូចគ្នាសម្រាប់ឆ្នាំ ២០២៤។ ការប្តូររូបិយប័ណ្ណជាមួយប្រាក់ដុល្លារអាម៉េរិក បានធ្វើឲ្យប្រាក់គីបបានបាត់បង់តម្លៃ ១៨,៤ភាគរយក្នុងខែកញ្ញា បើធៀបនឹងតួលេខដែលបានកត់ត្រានៅចុងឆ្នាំ២០២២។
 
រដ្ឋាភិបាលបានសន្យារក្សាស្ថិរភាពអត្រាប្តូរប្រាក់ដើម្បីបន្ថយអតិផរណា និងបង្កើនទុនបម្រុងរូបិយប័ណ្ណបរទេសដើម្បីជួយប្រទេសឱ្យយកឈ្នះលើបញ្ហាប្រឈមដែលខ្លួនជួបប្រទះ។ លោក Khamjane Vongphosy បានទទួលស្គាល់ថា រដ្ឋាភិបាលនឹងត្រូវធ្វើបន្ថែមទៀត ដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានព្យាយាមកែលម្អគុណភាពនៃសេវាកម្មរដ្ឋ បង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់ដើម្បីកាត់បន្ថយភាពក្រីក្រ និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការដើម្បីជួយសម្រួលដល់ផលិតកម្មកសិកម្ម និងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់៕ 
 

Tag:
 ប្រាក់គីប
  សេដ្ឋកិច្ច
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com