សង្គមអន្តរជាតិ
អន្តរជាតិ
ឥណ្ឌាគ្រោងបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយការបំពុលបរិយាកាស 
មនុស្សដើរតាមបណ្តោយផ្លូវ Rajpath ក្នុងទីក្រុងញូវដេលី ស្របពេលអ័ព្ទចុះខ្លាំង ។ រូបភាព ៖ AFP
×![]()
រដ្ឋាភិបាលក្រុងញូវដេលី គ្រោងបង្កើតភ្លៀងសិប្បនិម្មិត តាមរយៈការបណ្ដុះដុំពពក នៅខែវិច្ឆិកានេះ ដែលជាកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ធ្ងន់ធ្ងរនៅក្នុងទីក្រុង។
រដ្ឋាភិបាលក្រុងញូវដេលី ជាលើកដំបូងគ្រោងបង្កើតភ្លៀង ដើម្បីព្យាយាមកែលម្អគុណភាពខ្យល់ នៅក្នុងរដ្ឋធានី ដែលបំពុលបំផុតរបស់ពិភពលោក ត្រូវបានគ្របដណ្តប់ដោយអ័ព្ទ កាលពីសប្តាហ៍មុន។
ប្រឈមមុខនឹងស្ថានភាពបំពុលបរិយាកាសដ៏ធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនៃរដ្ឋធានីញូវដែលី បានបញ្ជាឱ្យសាលារៀនទាំងអស់ បញ្ឈប់សកម្មភាពសាងសង់ និងបានប្រកាសថា នឹងដាក់កំហិតលើយានជំនិះមួយចំនួន។
លោក Gopal Rai រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅថ្ងៃទី ៨ ខែវិច្ឆិកា បាននិយាយថា អាជ្ញាធរក្នុងតំបន់នឹងព្យាយាមបង្កជាភ្លៀងសិប្បនិម្មិត តាមរយៈការបណ្ដុះដុំពពកក្នុងខែវិច្ឆិកា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់នៅក្នុងទីក្រុង។
នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា Kanpur បានបញ្ជាក់ទៅកាន់លោក Gopal Rai ថា ការបណ្ដុះពពកអាចធ្វើទៅបានលុះត្រាតែមានពពក ឬសំណើមនៅក្នុងបរិយាកាស។ អ្នកជំនាញព្យាករថាស្ថានភាពបែបនេះអាចនឹងលេចឡើងនៅថ្ងៃទី ២០-២១ ខែវិច្ឆិកា។
សន្ទស្សន៍គុណភាពខ្យល់របស់ទីក្រុងញូវដេលីត្រូវបានកត់ត្រានៅកម្រិតជាង ៣២០ នៅព្រឹកព្រលឹមថ្ងៃទី៨ ខែវិច្ឆិកា ជាកម្រិតមួយដែលក្រុមហ៊ុនស្វីស IQAir ចាត់ថ្នាក់ថាជាគ្រោះថ្នាក់ មុនពេលធ្លាក់ចុះមកដល់កម្រិត ២៩៤។
រដ្ឋាភិបាលរដ្ឋធានីញូវដែលីបានប្រកាសនឹងបិទសាលារដ្ឋ និងឯកជនទាំងអស់ចាប់ពីថ្ងៃទី៩ ដល់ទី១៨ ខែវិច្ឆិកាសម្រាប់ការសម្រាករដូវរងាលឿនជាងការរំពឹងទុកដែលជាធម្មតាធ្វើនៅខែមករា ។
ដោយសារគុណភាពខ្យល់កាន់តែអាក្រក់កាលពីសប្តាហ៍មុន តុលាការកំពូលឥណ្ឌា កាលពីថ្ងៃទី៧ ខែវិច្ឆិកាបានបញ្ជាឱ្យរដ្ឋជុំវិញទីក្រុងញូវដេលីបញ្ឈប់កសិករពីការដុតកាកសំណល់កសិកម្ម៕
Tag:
ឥណ្ឌា
បំពុល
បរិយាកាស
© រក្សាសិទ្ធិដោយ thmeythmey.com