RFI
អន្តរជាតិ
ផែន​ដីឡើង​កម្តៅ១,៤៣អង្សានៅឆ្នាំ​​២០២៣ ជិត​ស្មើ​កំរិតចា​រ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ
09, Nov 2023 , 9:59 pm        
រូបភាព
ផែនដីឡើងកម្តៅ១,៤៣អង្សានៅឆ្នាំ២០២៣ ជិតស្មើកំរិតចារក្នុងកិច្ចព្រមព្រៀងអាកាសធាតុ  Fabrice Coffrini  AFP
ផែនដីឡើងកម្តៅ១,៤៣អង្សានៅឆ្នាំ២០២៣ ជិតស្មើកំរិតចារក្នុងកិច្ចព្រមព្រៀងអាកាសធាតុ Fabrice Coffrini AFP
ដោយ៖អៀង សុខម៉ិញ/RFI
 
​កម្មវត្ថុទប់​ការ​ឡើង​កម្តៅនៃ​ភព​ផែន​ដី​​ត្រឹម​១,៥​អង្សា​នៅ​ដំណាច់​សតវត្សរ៍​កំពុង​រង​កា​រគំរាម​កំហែងយ៉ាង​ខ្លាំង ដោយ​គម្រោង​ពង្រីក​ការ​ប្រើប្រាស់​ថាមពល​ផូស៊ីល។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ​ដែល​បញ្ជាក់​ទៀត​ថា ខែ​តុលា​២០២៣ ជា​ខែ​ដ៏​ក្តៅ​ជាង​គេ​បំផុត ហើយ​បើ​គិត​ជា​មធ្យម​ភាគប្រចាំ​ឆ្នាំ​ សីតុណ្ហភាព​នៃ​ភព​ផែន​ដី​បាន​ឡើង​កម្តៅ​១,៤៣​អង្សា​នៅ​ឆ្នាំ​២០២៣​នេះ។

 
សីតុណ្ហភាព​បន្ត​ឡើង​ខ្ពស់​ជា​លំដាប់។ ​តុលា​២០២៣ បាន​ក្លាយ​ជា​ខែ​ដ៏​ក្តៅ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ និង​បន្ត​បំបែកឯតទគ្គកម្ម៥ខែ​​​ជាប់​​គ្នា​តាំងពី​ខែ​មិថុនា​មក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​អាកាសធាតុ​អឺរ៉ុប​Copernicus ដែល​ផ្តល់​ការ​សន្និដ្ឋាន​ជា​មុន​ថា​ឆ្នាំ​២០២៣​ច្បាស់​ជា​នឹង​វ៉ារ​ឈ្នះកំណត់​ត្រា​កម្តៅ​​ឆ្នាំ​២០១៦​ជា​ប្រាកដ។
 
សីតុណ្ហភាព​មធ្យម​ពិភពលោក​គិត​តាំងពី​ខែ​មករាសម្រាប់​រយៈ​ពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៣​ ឡើង​ក្តៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​វាស់​ឃើញទេ គឺបាន​ឡើង​​១,៤៣​អង្សា​លើស​សីតុណ្ហភាពមធ្យម​ពី​ឆ្នាំ​១៨៥០ដល់​ឆ្នាំ​១៩០០។ បើ​គិត​តែមួយ​​ខែ​​តុលា​២០២៣ ​សីតុណ្ហភាព​បាន​ឡើង​ក្តៅ​១,៧​អង្សា​លើស​​មធ្យម​ភាគ​កម្តៅ​ខែ​តុលា​កាលពី​សម័យ​មុន​ឧស្សាហកម្ម។ នេះ​បើ​តាម​ភ្នាក់​ងារ​Copernicus ដដែល។​ Copernicus មានរង្វាស់​កម្តៅ​តាំងពី​ឆ្នាំ​១៩៤០​ តែ​អាច​ប្រៀប​ធៀប​ដេញ​ដល់​រាប់​ពាន់​ឆ្នាំ​មុន​ឯណោះ តាម​រយៈ​ដាន​សំបក​ឈើ​ឬ​ស្នូល​ទឹកកក។ ក្នុង​ន័យ​នេះ​ គេ​អាច​និយាយ​បាន​ថា​សីតុណ្ហភាព​ខែ​តុលា​២០២៣​ ទំនង​ជា​ក្តៅ​ខ្លាំង​ជាង​គេ​បំផុត​​គិត​តាំង​ពី​ជាង​១០ម៉ឺន​ឆ្នាំ​មក។
 
ការ​ឡើង​កម្តៅ​ដ៏​ខ្លាំង​មិន​ធ្លាប់មាន​​នេះ ​ជិត​ស្មើ​កំរិត​សីតុណ្ហភាព​ចែង​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស​ទៅ​ហើយ។ នៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​​​ឆ្នាំ​២០១៥ ក្រុម​ប្រទេស​ហត្ថលេខី​បាន​កំណត់​កម្មវត្ថុ​ធ្វើ​យ៉ាង​ណា​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភពផែន​ដី ក្រោម​​២​អង្សា និង​បើ​អាច​ត្រឹម​១,៥​អង្សា​នៅ​ចុង​ដំណាច់​សតវត្សរ៍​ បើ​ប្រៀប​ទៅ​នឹង​សម័យ​មុន​ឧស្សាហកម្ម។
 
អង្គការ​អាកាសធាតុ​ពិភពលោក​ធ្លាប់​បាន​ព្រមាន​តាំងពី​ដើម​ឆ្នាំ​ថា​សីតុណ្ហភាព​មធ្យម​ពិភពលោក​​នឹង​ឡើង​លើស១,៥អង្សា​​កំរិត​កំណត់​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស យ៉ាង​ហោច​ម្តង​ក្នុង​ចំណោម១២​​ខែនៃ​៥​ឆ្នាំ​ខាង​មុខ។ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ជា​ថ្មី​ថា​​កម្មវត្ថុ​​កំរិត​ការ​ឡើង​កម្តៅ​អាកាសធាតុ​ត្រឹម​១,៥អង្សា​ កំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ ដោយ​គម្រោង​ពង្រីកថាមពលផូស៊ីល(ធ្យូងថ្ម ប្រេង និងឧស្ម័ន)។ ​
 
បណ្តា​ប្រទេស​ផលិតកម្ម​ផូស៊ីល​ចម្បងៗ​នៅលើ​ពិភពលោក​បាន​ប្តេជ្ញា​ធ្វើ​អព្យាក្រិត្យ​កាបូននៅ​ពាក់​កណ្តាល​សតវត្សរ៍ ប៉ុន្តែ​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ឱ្យ​ឃើញយ៉ាង​ច្បាស់​​ថា គម្រោង​ផលិតកម្ម​របស់ប្រទេស​អ្នក​ផលិត​ថាមពល​២០​ដំបូង​គេ​នៅ​លើ​ផែន​ដី មានជាអាទិ៍​សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី អូស្ត្រាលី អេមីរ៉ាតអារ៉ាប់រួម កំពុង​ដើរ​បញ្ច្រាស​ទិស ដោយគ្រោង​នឹង​ផលិត​ថាមពល​ធ្យូង​ថ្ម​បន្ថែម​៤៦០% ហ្កាស៨២% និងប្រេង​២៩%។ 
 
អនាគត​ថាមពល​ផូស៊ីល​នឹង​ក្លាយ​ជា​ប្រធាន​បទ​ស្នូល​នៃ​សន្និសីទ​អាកាសធាតុ​cop២៨​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​ នៅ​ក្រុង​ឌូបៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com