កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ AC Milan គប់លុយក្លែងក្លាយចូលទីលានជាការឌឺដងទៅអតីតអ្នកចាំទី Donnarumma
09, Nov 2023 , 5:59 pm        
រូបភាព
អ្នកចាំទី Gianluigi Donnarumma ​របស់ក្រុម Paris Saint Germain ពេលបច្ចុប្បន្ន ដែលជាអតីតអ្នកចាំទី AC Milan រូបនេះ ត្រូវបានអ្នកគាំទ្រ ក្នុងទឹកដីអ៊ីតាលី ប្រើប្រាស់វិធីចាស់ ដោយគប់លុយក្លែងក្លាយចូលក្នុងទីលានប្រកួត ដើម្បីជាការឌឺដងដល់អ្នកចាំទីសញ្ជាតិអ៊ីតាលី ដែលសម្រេចចិត្តផ្លាស់ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint Germain។ ក្នុងនាមជាអ្នកចាំទីឱ្យក្រុមអ្នកមានបារាំង Donnarumma បានវិលត្រឡប់មកទឹកដីអ៊ីតាលីលើកដំបូង ក្នុងជំនួបតទល់ក្លិបចាស់ខ្លួន បន្ទាប់ពីរូបគេបានចាកចេញ នៅក្នុងឆ្នាំ ២០២១ ដោយគ្មានតម្លៃខ្លួន។



PSG រងបរាជ័យសម្រាប់ការប្រកួតក្រៅទឹកដី ដោយចាញ់ក្រោមការវាយបកពីសំណាក់ក្រុមម្ចាស់ផ្ទះ AC Milan ក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃទី៨ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)។ 
 
ការលើកលែងទោសពីកំហឹងអ្នកគាំទ្រ គ្មានឡើយ សម្រាប់ Donnarumma ខណៈដែលរាល់ទីតាំងអង្គុយក្នុងកីឡដ្ឋាន San Siro គឺត្រូវបានពោរពេញដោយលុយធនាគាក្លែងក្លាយ ដែលអ្នកគាំទ្របានប្រើក្នុងការបង្ហាញភាពខឹងសម្បារ ចំពោះ Donnarumma ដែលសម្រេចចិត្តចាកចេញ ដោយមិនបន្តកុងត្រាជាមួយ AC Milan។ លើក្រដាសលុយទាំងនោះ មានរូបភាពផ្ទៃមុខរបស់អ្នកចាំទីសញ្ជាតិអ៊ីតាលី និងលាយឡំដោយពាក្យថា ធ្វើការស៊ីឈ្នួលព្រោះតែលុយ។
 
ក្រៅពីនេះ អំឡុងការប្រកួតទាំងមូល អ្នកគាំទ្រ AC Milan តែងតែស្រែកចំអករាល់ពេល Donnarumma ចាប់បាល់ ឬសង្គ្រោះបាល់ ព្រមទាំងស្រែកដោយពាក្យចំអកថា Boos។
ទាក់ទងបញ្ហាទាំងនេះ អ្នកចាត់ការក្រុមលោក Luis Enrique ថា អ្នកគាំទ្រក្រុម AC Milan នៅតែមានទឹកចិត្តស្រលាញ់លើអ្នកចាំទីសញ្ជាតិអ៊ីតាលី ព្រោះតែអ្នកចាំទីរូបនេះ មានភាពពូកែខ្លាំងក្នុងការសង្គ្រោះបាល់ និងរឹងមាំ។
 
«គេមានបទពិសោធន៍ខ្លាំង ក៏ដូចជាបុគ្គលិកលក្ខណៈល្អផងដែរ បាល់ទាត់គឺជាចំណង់ចំណូលចិត្ត អ្នកគាំទ្រ Milan បានបង្ហាញជំហររបស់ពួគគេ។ បរិយាកាសគឺថានៅពេលអ្នកស្រលាញ់អ្នកលេងណាម្នាក់ នោះអ្នកនឹងនៅតែនឹកគិតដល់គេទោះគេចាកចេញឆ្ងាយ​ ព្រោះថារូបគេជាកីឡាករដ៏អស្ចារ្យ។»។ លោក Enrique បានលើកឡើងបែបនេះ ក្រោយចប់ការប្រកួត។
 
អ្នកចាំទីវ័យ ២៤ឆ្នាំ ជាកីឡាករចាំទីកើតចេញពីឈុតយុវជនក្រុម AC Milan ដោយគេបានបង្ហាញខ្លួនលេងឱ្យក្រុមធំ AC Milan បានដល់ទៅ ២៥១ប្រកួត មុនពេលចេញទៅរួមរស់ជាមួយ PSG អំឡុងពេលក្លិបបានចុះកិច្ចសន្យាយកបាន Lionel Messi, Sergio Ramos៕

Tag:
 AC Milan
  PSG
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com