ជាតិ
បុណ្យអុំទូក
អុំទូក៖ ខេត្តកំពត និងព្រះសីហនុ រំពឹងទទួលបានទេសចរច្រើនជាងឆ្នាំមុនៗ
10, Nov 2023 , 8:39 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖នាអំឡុងឈប់សម្រាកបុណ្យអុំទូកខាងមុខនេះ  ខេត្តកំពត និងព្រះសីហនុ រំពឹង​ថា​ទទួលបាន​លំហូរទេសចរច្រើនជាងឆ្នាំមុនៗ។ខេត្តទាំង២នេះ បានត្រៀមខ្លួនរួចរាល់ ​ស្វាគមន៍ទេសចរទៅកម្សាន្ត។ 
 
អាជ្ញាធរខេត្តកំពត កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងរមណីយដ្ឋានទេសចរណ៍ ដើម្បីត្រៀ​ម​ទទួលភ្ញៀវក្នុងពិធីបុណ្យអុំទូក។ មន្ទីរទេសចរណ៍និងអាជ្ញាធរមូលដ្ឋាន នឹង​រៀបចំ​លម្អ​ភ្លើងពណ៌នៅតាមផ្លូវ ហើយតំបន់នីមួយៗនឹងមានកម្មវិធីតូចៗរូមមាន ពិព័រណ៍ ផលិតផល ភូមិមួយផលិតផលមួយ និងការប្រគំតន្ត្រីផងដែរ។
 
ជាមួយគ្នានេះ អាជ្ញាធរខេត្ត​ នឹងរៀប​ចំ​​​បុណ្យអុំទូក ថ្នាក់ខេត្តនៅដងព្រែកកំពង់បាយ អមជាមួយនឹងការតាំង​ពិព័រណ៍​បង្ហាញ​ពី​ផលិត​ក្នុងតំបន់នៅថ្ងៃទី១០ ដល់១១ វិច្ឆិកា។
 
​លោក សយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពតរូបនេះ បានបញ្ជាក់ថា៖ «ភ្ញៀវ​នឹង​មកលេងច្រើនដដែលពីព្រោះខេត្តយើងសម្បូរ តំបន់គោលដៅទេសចរណ៍ជាច្រើន។ ក្នុង​ពិធីបុណ្យអុំទូក ខ្ញុំជឿថាទេសចរជាច្រើន នឹងនៅតែទៅកម្សាន្តនៅខេត្តកំពត»។
 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត

ទេសចរណ៍​សំខាន់ៗ មាន​រមណីយដ្ឋាន​ភ្នំ​បូកគោ​ ទឹកឈូ​ កំពង់ត្រាច​ ភ្នំ​ឈ្ងោក​ ដូង​ទេរ​ ព្រែក​ត្នោត​ ព្រែក​កំពត​ ឧទ្យាន​ដងព្រែក​ ទឹកធ្លាក់​តា​ដា​ ទំនប់​ម្លិ​ច​ សហគមន៍​ត្រពាំង​សង្កែ​ ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិត​នៅ​ខេត្តកំពត​។ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​។ 
 
លោក សយ ស៊ីណុលមិនទាន់ប្រាប់បាននៅឡើយមានទេសចរ​កក់កន្លែងស្នាក់នៅប៉ុន្មាន​ភាគរយនៅខេត្តកំពត។
 
តែយ៉ាងក៏ដោយ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ក៏សង្ឃឹមថា​មានទេសចរច្រើននិងកន្លែងស្នាក់នៅមិនសល់នោះទេ។ 

ដោយឡែក ខេត្តព្រះសីហនុជាខេត្តមួយដែលទាក់ទាញទេសចរខ្លាំងពីមួយឆ្នាំ​ទៅមួយឆ្នាំ​។ បុណ្យអុំទូកខាងមុខនេះប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រំពឹងថាទេសចរនឹង​ទៅ​កម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងឆ្នាំមុនព្រោះខេត្តបានរៀបចំរួចរាល់ ដើម្បីទាក់ទាញ​អារម្មណ៍ទេសចរមកកម្សាន្ត។ 
  
ទេសចរកម្សាន្តនៅដូងទេរ។ រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តកំពត
 
សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅតាមតំបន់ឆ្នេរនិងកោះ អាចស្នាក់នៅដោយការ​បោះតង់ អមដោយការការពារសន្តិសុខ និងសុវត្ថិភាពទៀតផង។ លោកតាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា ៖  « រាល់ពិធីបុណ្យទាននានា កន្លែងស្នាក់នៅក្នុងខេត្តនេះមិនដែលសល់ឡើយដូច្នេះទេសចរត្រូវកក់កន្លែងស្នាក់នៅយ៉ាងហោចណាស់មួយសប្តាហ៍»។  
 
ខេត្តព្រះសីហនុកន្លែងដែលទេសចរនិយមទៅកម្សាន្ត រួមមាន កោះសង្សារ កោះរ៉ុង ឆ្នេរអូរត្រែស អូរឈើទាលនិងកោះពស់ជាដើម។ ក្រៅពី​តំបន់ទាំងនោះ  ខេត្ត​នេះ ក៏មាន​កោះ​​តូច​-​ធំ ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍​ចំនួន​៣២ផងដែរ។ ទេសភាពព្រៃឈើ និងធម្មជាតិបានទាក់ទាញភ្ញៀវទេសចរគ្រប់កន្លែងមកកម្សាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។
 
គួរបញ្ជាក់ដែរថាប្រធានមន្ទីរទេសចរណ៍ខេត្តទាំងពីរ ក៏បានអំពាវនាវ ឱ្យពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ។
 
តែយ៉ាងណា លោកស្នើឱ្យអ្នកចូលរួម រួមគ្នាថែរក្សាអនាម័យ បរិស្ថានស្អាតដើម្បីសោភ័ណភាពខេត្តទាំងអស់គ្នា៕
 

Tag:
 អុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com