សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចចិនបានធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណាម្តងទៀត
10, Nov 2023 , 10:01 am        
រូបភាព
ផ្សារលក់សាច់ជ្រូកមួយកន្លែងនៅ Haikou ក្នុងខេត្ត Hainan ។ រូបភាព ៖ Xinhua
ផ្សារលក់សាច់ជ្រូកមួយកន្លែងនៅ Haikou ក្នុងខេត្ត Hainan ។ រូបភាព ៖ Xinhua
ការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃសាច់ជ្រូកបានធ្វើឱ្យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ចិនធ្លាក់ចុះខ្លាំង ខណៈសន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះសម្រាប់ខែទី១៣ ជាប់ៗគ្នាបើគិតមកទល់នៅខែតុលា។ ការធ្លាក់ចុះសន្ទស្សន៍ទាំងពីរនេះបង្ហាញថា ប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណាម្តងទៀត ។

 
បើតាមរបាយណ៍ពីការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃទី៩ ខែវិច្ឆិកា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសនេះបានធ្លាក់ចុះ ០,២ភាគរយនៅក្នុងខែតុលា បើធៀបពេលដូចគ្នាឆ្នាំមុន។ បើប្រៀបធៀបទៅនឹងខែកញ្ញា CPI ខែតុលាមិនផ្លាស់ប្តូរទេ។
 
អតិផរណាស្នូល (មិនរាប់បញ្ចូលតម្លៃអាហារ និងប្រេងឥន្ធនៈ) បានកើនឡើងត្រឹមតែ ០,៦ភាគរយក្នុងខែតុលា ដែលទាបជាងការកើនឡើង ០,៨ភាគរយកាលពីខែកញ្ញា។ នេះបង្ហាញថា ការប្រយុទ្ធប្រឆាំងនឹងបរិត្តផរណារបស់ចិននៅតែកើតមានជាបន្តបន្ទាប់។ ហានិភ័យនៃការមិនទៅដល់គោលដៅអតិផរណា ៣ភាគរយនៅឆ្នាំនេះ ក៏កំពុងដាក់សម្ពាធបន្ថែមសម្រាប់ចិន។ 
 
របាយការណ៍របស់ NBS បានបញ្ជាក់ថា តម្លៃសាច់ជារួមនៅខែតុលាបានថយចុះ ១៧,៩ភាគរយភាគច្រើនដោយសារតែការថយចុះ ៣០,១នៃតម្លៃសាច់ជ្រូក។ តម្លៃទំនិញមិនមែនម្ហូបអាហារបានកើនឡើង ០,៧ភាគរយ។
 
សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុសម្រាប់ខែទី១៣ ជាប់ៗគ្នាជាមួយនឹងអត្រា ២,៦ភាគរយនៅខែតុលា បើធៀបពេលដូចគ្នាកាលពីឆ្នាំមុន។ ល្បឿននេះ មានទំហំធំជាងខែកញ្ញា។
 
បរិត្តផរណា (Deflation) ជាការថយចុះនៃតម្លៃទំនិញ និងសេវាកម្មដែលកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាក់លាក់ណាមួយ។ នេះមិនមែនជារឿងវិជ្ជមានសម្រាប់សេដ្ឋកិច្ចទេ។ នៅពេលដែលអ្នកប្រើប្រាស់ និងអាជីវកម្មពន្យារពេលការចំណាយក្នុងការប្រមើលមើលការធ្លាក់ចុះតម្លៃបន្ថែមទៀត សកម្មភាពសេដ្ឋកិច្ចនឹងមានការរឹតត្បិត។
 
ថ្មីៗនេះ សេដ្ឋកិច្ចចិនបានបញ្ជូនសញ្ញាចម្រុះជាបន្តបន្ទាប់ ដែលបណ្តាលឱ្យអ្នកសេដ្ឋកិច្ចជជែកគ្នាថាតើប្រទេសនេះអាចសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនក្នុងរង្វង់ ៥ភាគរយដែរឬទេ។ នៅក្នុងខែកក្កដា CPI របស់ចិនក៏បានធ្លាក់ចុះ ០,៣ភាគរយបន្ទាប់មកបានកើនឡើងម្តងទៀតនៅក្នុងខែសីហា ។ 
 
នៅក្នុងត្រីមាសទី៣ ផលិតផលក្នងស្រុកសរុប (GDP) របស់ចិនបានកើនឡើងលើសពីការព្យាករដែលមាន ៤,៩ភាគរយធៀបពេលដូចគ្នាឆ្នាំមុន។ ល្បឿន​នេះ​គឺ​ខ្ពស់​ជាង​ការ​ព្យាករ​របស់​អ្នក​សេដ្ឋកិច្ច​នៅ Reuters ដែល​មាន​ចំនួន ៤,៦ភាគរយ។ ពីមុនកំណើនបានឈានដល់ ៤,៦ភាគរយនៅក្នុងត្រីមាសទី១ និង ៦,៣ភាគរយនៅក្នុងត្រីមាសទី២ ។
 
ចំណែកទិន្នផលឧស្សាហកម្ម និងការលក់រាយក្នុងខែកញ្ញាទាំងពីរនេះបានកើនឡើងគួរឲ្យកត់សម្គាល់ ខណៈអត្រាអត់ការងារធ្វើធ្លាក់ចុះ។ យ៉ាងណាមិញការវិនិយោគលើអចលនទ្រព្យបានថយចុះ ៩ភាគរយក្នុងរយៈពេល ៩ខែនៃឆ្នាំនេះ។
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅសប្តាហ៍នេះ បានបង្កើនការព្យាករកំណើនរបស់ចិនដល់ ៥,៤ភាគរយ ដោយសារពង្រឹងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាលចិន។ ចិនក៏បានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងកាត់បន្ថយការរឹតបន្តឹងលើការទិញផ្ទះ ដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ៕ 

Tag:
 បរិត្តផរណា​
  សេដ្ឋកិច្ច​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com