កីឡាជាតិ
ជាតិ
មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោង នឹងក្លាយជាទីតាំងបង្កើនគុណភាពកីឡាករ និងទាក់ទាញទេសចរ
11, Nov 2023 , 2:40 pm        
រូបភាព
ពិធីប្រគល់ និងទទួលមជ្ឈមណ្ឌលហ្វឹកហ្វឺនទូកក្ដោង រូបពីសហព័ន្ធទូកក្ដោងកម្ពុជា
ពិធីប្រគល់ និងទទួលមជ្ឈមណ្ឌលហ្វឹកហ្វឺនទូកក្ដោង រូបពីសហព័ន្ធទូកក្ដោងកម្ពុជា
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្ដោង  នឹងក្លាយជាទីតាំងបង្កើតសមត្ថភាពកីឡាករទូកក្តោងកម្ពុជា ហើយក៏អាចទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តចាប់សមុទ្រនេះកាន់តែច្រើន តាមរយៈកីឡាទេសចរណ៍។ លោក សោម សុទ្ធរិទ្ធពង្ស បញ្ជាក់ដូច្នេះនៅក្នុងពិធីប្រគល់-ទទួលមជ្ឈមណ្ឌលនេះ ពីក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី១០ វិច្ឆិកា។


 
មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្ដោង ត្រូវបានសាងសង់ឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៥០០ម៉ែត្រការ៉េ ជាសំណង់អគារមាន១ជាន់ ៤បន្ទប់ និងមានឃ្លាំងសម្រាប់ទុកសម្ភារទូកក្ដោង។ មជ្ឈមណ្ឌលកីឡានេះ សង់រួចកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
 
លោក សោម សុទ្ធរិទ្ធពង្ស បាននិយាយថា សមិទ្ធផលនេះគឺជាការឈានទៅមុខដ៏ធំមួយរបស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ក្នុងការអភិវឌ្ឍនិងបណ្ដុះបណ្ដាលវិស័យកីឡានេះ នៅកម្ពុជា។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ទីតាំងនេះ នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីទូកក្ដោងកម្រិតខ្ពស់ និងកម្រិតថ្នាល ហើយក៏ជាកន្លែងបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត ចៅក្រម និងគ្រូបង្វឹកកម្រិតជាតិ និងអន្ដរជាតិ។ ទីតាំងនេះ ក៏អាចក្លាយជាកន្លែងរៀបចំការប្រកួតកីឡាទូកក្ដោង ទាំងកម្រិតថ្នាក់ជាតិ និងអន្ដរជាតិដែរ។

ទីតាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនទូកក្ដោង រូបពីសហព័ន្ធកីឡាទូកក្ដោងកម្ពុជា
 
ក្រៅពីសកម្មភាពកីឡា លោក សោម សុទ្ធរិទ្ធពង្ស បញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្ដោង ក៏នឹងត្រូវធ្វើជាកីឡាទេសចរណ៍ ដោយភ្ញៀវជាតិនិងអន្ដរជាតិ អាចសាកល្បង ចូលរួមហ្វឹកហាត់កីឡាទូកក្ដោង ដោយសេរី។
 
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលជាតិនេះ នៅអំឡុងខែធ្នូឆ្នាំ២០២៣៕
 

Tag:
 ទូកក្ដោង
  សោម សុទ្ធរិទ្ធិពង្ស
  ព្រះសីហនុ
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com