ជាតិ
ស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១
11, Nov 2023 , 5:29 pm        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានរៀបចំពិធីរម្លឹកខួបនៃការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១។ ក្នុងនោះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក៏បានធ្វើពិធីអបអរជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំងផងដែរ។

 
សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖
 
 
សង្គ្រាមលោកលើកទី១ ឬហៅថា “មហាសង្គ្រាម» បានបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលត្រូវបានចរចាដោយអាជ្ញាធរយោធាពាក់ព័ន្ធ ក្នុងគោលដៅបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗ។ ក្នុងសង្គ្រាមលោកលើកទី១ បានធ្វើឱ្យបារាំង បាត់បង់ជីវិតទាហានប្រមាណ មួយលានបួនសែននាក់ និងមានមនុស្សស្លាប់ប្រមាណ ១៨លាននាក់ ដោយបន្សល់ទុកអ្នករបួល ជនពិការ ជាច្រើននា ដោយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងច្រើននៅតាមតំបន់ប្រឈមមុខដាក់គ្នា។


 
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានរៀបរាប់ថា តាមប្រវត្តិសាស្ត្រប្រទេសបារាំង ទាហានឥណ្ឌូចិនប្រមាណ១០ម៉ឺននាក់ត្រូវ បានជ្រើសរើសឱ្យចូលរួមក្នុងសង្គ្រាមលោកលើកទី១។ ចាប់ពីឆ្នាំ១៩១៥ កម្មករចំនួន ៤៦០០នាក់បានធ្វើដំណើរទៅបារាំងដើម្បីបំពេញការងារក្នុងវិស័យអាកាសចរណ៏ ប៉ុន្តែមនុស្សភាគច្រើនបានក្លាយទៅជាកងកម្លាំងទាហានឥណ្ឌូចិន១៩កងវរសេនាតូច នាអំឡុងឆ្នាំ១៩១៦។ បន្ថែមពីនេះក៏មាន គិលានុបដ្ឋាក់ចំនួន ៩ពាន់នាក់ និងអ្នកបើកបររថយន្តចំនួន ៥ពាន់នាក់។ រីឯ អ្នកបំពេញការងារប្រមាណ ៤ម៉ឺន៩ពាន់នាក់ មកពី តុងកឹង អាណាម កូសាំងស៊ីន និងកម្ពុជាត្រូវបានបញ្ចូនទៅប្រទេសបារាំងដើម្បីបម្រើការងារនៅតាម រោងចក្រ និងក្នុងផ្នែករដ្ឋបាលផងដែរ។

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា 
 
ឯកអគ្គរដ្ឋទូតបារាំងរូបនេះ បញ្ជាក់ថា៖ «ប្រទេសបារាំងមានមោកនភាព ដែលស្ថិតនៅក្បែរប្រទេសកម្ពុជា ដើម្បីបម្រើបុព្វហេតុសន្តិភាព ពិភពលោក។ ជាមួយវត្តមានកងទ័ពមួកខៀវនៃមជ្ឈមណ្ឌល NPMEC និងសិស្សសាលានាយទាហានសកម្មត្មាតពង។»
 
ក្នុងពិធីខាងលើនេះ ស្ថានទូតបារាំង ចង់រំលេចពីកិច្ចសហប្រតិបត្តិការដ៏យូរលង់ និងប្រកបដោយទំនុកចិត្ត ជាមួយ កម្ពុជាលើផ្នែកបណ្តុះបណ្តាលយោធាកម្រិតខ្ពស់បំផុត។ ប្រទេសបារាំងក៏មានបំណងបង្ហាញពីការរួមចំណែករបស់ កម្ពុជាក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលជាការសម្រេចចិត្តដ៏មោះមុតមួយរបស់កម្ពុជា បន្ទាប់ពីបានឆ្លង កាត់សង្គ្រាមស៊ីវិល និងសោកនាដកម្មជាច្រើនទសវត្សរ៍ ។ 
 
បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាជាង ៥០០នាក់ ក្នុងនោះមានស្រ្តីជាច្រើន កំពុងបំពេញបេសកម្មថែរក្សាសន្តិភាពពិភពលោក ជាពិសេសនៅតាមបណ្តាលប្រទេសប្រើប្រាស់ភាសាបារាំង ដូចជាម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងលីបង់ ដែលបង្ហាញឱ្យឃើញពីកិច្ច ខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់កម្ពុជាក្នុងការថែរក្សាសន្តិភាពពិភពលោក។ លោក ហ្សាក់ ប៉ឺឡេ បានបន្ថែមបែបនេះ ក្នុងពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១។


 
សូមបញ្ជាក់ថា នេះជាឆ្នាំដំបូង ដែលស្ថានទូតបារាំង រៀបចំពិធីរម្លឹកខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី១នៅខាងមុខវិមានរម្លឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន«រូបពីរ » ដែលជានិមិត្តរូបដ៏មានអត្ថន័យនៃប្រវត្តិសាស្ត្ររួមបារាំង និងកម្ពុជា។ វិមាន«រូបពីរ»នេះត្រូវធ្លាប់បានសម្ពោធម្តងអំឡុងឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចដោយពួកខ្មែរក្រហម។ ក្រោយមក រដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់ឡើងវិញ និងដាក់សម្ពោធ កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ់២០២៣កន្លងទៅផងដែរ៕ 
 



Tag:
 ពិធីរម្លឹកខួប
  បារាំង
  សង្គ្រាមលោកលើកទី១
© រក្សាសិទ្ធិដោយ thmeythmey.com