អន្តរជាតិ
ហ្វីលីពីនថ្កោលទោសចិនលើការរំខានបេសកកម្មដឹកជំនួយសម្រាប់កងទ័ពខ្លួននៅសមុទ្រចិនខាងត្បូង
11, Nov 2023 , 7:39 pm        
រូបភាព
ទូកដឹកនាំជំនួយរបស់ហ្វីលីពីន បានបង្ហាញវត្តមាននៅក្បែរនាវាល្បាតរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងខែតុលា ឆ្នាំ២០២៣។ រូបភាព Reuters
ទូកដឹកនាំជំនួយរបស់ហ្វីលីពីន បានបង្ហាញវត្តមាននៅក្បែរនាវាល្បាតរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងខែតុលា ឆ្នាំ២០២៣។ រូបភាព Reuters
ហ្វីលីពីន បានប្រកាសថ្កោលទោសឆ្មាំសមុទ្រចិន នៅថ្ងៃទី១០ ខែ វិច្ឆិកា ចំពោះទង្វើបង្ខិតបង្ខំ និងសកម្មភាពដ៏គ្រោះថ្នាក់ ដែលរាប់បញ្ចូលទាំងការដែលចិនបានប្រើប្រាស់កាណុងបាញ់ទឹកលើកប៉ាល់របស់ខ្លួន ក្នុងបំណងរំខានដល់បេសកកម្មដឹកជំនួយរបស់រដ្ឋាភិបាលហ្វីលីពីនសម្រាប់កងទ័ពហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

 
ជាញយៗ រដ្ឋាភិបាលហ្វីលីពីន តែដឹកជញ្ជូនស្បៀងសម្រាប់កម្លាំងហ្វីលីពីន ដែលឈរជើងនៅនាវាចម្បាំងជិតកោះ Second Thomas Shoal ក្នុងសមុទ្រចិនខាងត្បូង។ តំបន់មួយនេះ ជាចំណុចជម្លោះយ៉ាងក្ដៅគគុករវាងហ្វីលីពីន និងចិន។
 
តាមការបញ្ជាក់របស់ឆ្មាំសមុទ្រចិន នៅថ្ងៃទី១០ ខែវិច្ឆិកា កប៉ាល់ដឹកជញ្ជូនរបស់ហ្វីលីពីនធុនតូចចំនួន២គ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រចំនួន៣គ្រឿងទៀត បានចូលដែនទឹកសមុទ្រដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយក៏បានជំរុញឱ្យហ្វីលីពីនបញ្ឈប់ការរំលោភបំពានលើអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដដែល លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ទីក្រុងប៉េកាំងប្រឆាំងនឹងសកម្មភាពណាមួយដែលបំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍របស់ចិន ហើយក៏បានបង្ហាញភាពក្រអឺតក្រទមទៅកាន់ស្ថានទូតហ្វីលីពីនផងដែរ។
 
ចំណែកហ្វីលីពីនវិញ បានចោទសកម្មភាពចិនខាងលើថា មិនត្រឹមតែបង្កឱ្យជីវិតប្រជាជនហ្វីលីពីនប្រឈមមុខនឹងហានិភ័យប៉ុណ្ណោះទេ ថែមទាំងបានបង្កើនចម្ងាល់ និងភាពសង្ស័យអំពីការអំពាវនាវរបស់ខ្លួនជុំវិញការសន្ទនាដោយសន្តិវិធីលើបញ្ហសមុទ្រចិនខាងត្បូងរវាងប្រទេសទាំងពីរនេះ។
 
រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា បេសកកម្មដឹកជំនួយនោះត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែនាវារបស់ខ្លួន នៅតែត្រូវបានរងការបៀតបៀនពីឆ្មាំសមុទ្រចិន។  
 
ជាការពិត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំងបានប្រឈមមុខដាក់គ្នាជុំវិញរឿងកោះ Second Thomas Shoal។ រដ្ឋាភិបាលក្រុងប៉េកាំង បានទាមទារដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូងស្ទើរតែ ៩០ភាគរយ ដែលបង្កឱ្យមានជម្លោះជាមួយបណ្តារដ្ឋអាស៊ានផ្សេងទៀត៕ 
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com