កីឡាជាតិ
ជាតិ
លោក មាស ម៉ើ នឹងចំណាយថវិកាផ្ទាល់ខ្លួនឲ្យសិស្សក្លិបមហិទ្ធិរិទ្ធគុនខ្មែរបន្តហ្វឹកហាត់
11, Nov 2023 , 6:29 pm        
រូបភាព
កីឡាករ មាស ម៉ើ​ ពាក់អាវខ្មៅ រូបពីវីឌីអូសម្ភាស ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កីឡាករ មាស ម៉ើ​ ពាក់អាវខ្មៅ រូបពីវីឌីអូសម្ភាស ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោក មាស ម៉ើ កីឡាករប្រដាល់គុនចម្រុះក្រសួងមហាផ្ទៃ ស្ទើរតែមិនជឿថាក្លិបមហិទ្ធិរិទ្ធគុនខ្មែរ ជួបបញ្ហាសេដ្ឋកិច្ច ក្រោយបង្កើតបាន២ឆ្នាំ។ ប្រធានក្លិបរូបនេះ បញ្ជាក់ថាដាច់ខាត គឺមិនបិទក្លិបទេ ព្រោះស្ដាយលើកីឡាករក្មេងៗ ដែលបានដាក់ចិត្តហ្វឹកហាត់គុនខ្មែរ។ ដូច្នេះ លោក មាស ម៉ើ បានប្រើប្រាស់ប្រាក់ខែខ្លួន ជាកីឡាករ និងជាមន្ដ្រី នៃក្រសួងមហាផ្ទៃ ទំនុកបម្រុងក្លិបនេះ។


 
យោងលើវីដេអូសម្ភាសរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក មាស ម៉ើ ប្រាប់ដូច្នេះថា រូបលោក បានសម្រេចចិត្តបើកក្លិបមហិទ្ធិរិទ្ធគុនខ្មែរ ដែលមានទីតាំងនៅ ភូមិព្រែកគង់រាជ ឃុំព្រៃរៃ ស្រុកល្វាឯម ខេត្តកណ្ដាល ព្រោះទីនោះ សម្បូរធនធានក្មេង មានសមត្ថភាពច្រើន។ ហើយបច្ចុប្បន្ន ក្លិបនេះ មានសិស្ស២០នាក់ ក្នុងនោះមាន ៣នាក់ជាស្រី ហើយសិស្សទាំងនោះ មានអាយុ ចាប់ពី១៣ ឆ្នាំឡើងទៅ។
 
ប្រធានក្លិបមហិទ្ធិរិទ្ធគុនខ្មែររូបនេះ ស្ទើរតែមិនជឿទេថា ក្លិបរបស់លោក ត្រូវជួបបញ្ហាហិរញ្ញវត្ថុ ខណៈកម្ពុជា មានជួបវិបត្តិសេដ្ឋកិច្ច។ លោក មាស ម៉ើ ធ្លាប់គិតថាចង់បិទក្លិបដែរ ប៉ុន្ដែមិនដាច់ចិត្ត ព្រោះឃើញភាពរីកចម្រើន របស់កីឡាករ-កីឡាការិនីក្មេងៗទាំងនោះ។ ប្រធានក្លិបរូបនេះ ប្រាប់ថាមិនត្អូញថ្អែតាមបណ្ដាយសង្គម រកជំនួយទេ ដូច្នេះហើយ លោក មាស ម៉ើ បានប្រើប្រាស់ប្រាក់ខែផ្ទាល់ខ្លួន ដែលបានពីក្រសួងមហាផ្ទៃ ទៅទំនុកបម្រុងក្លិប។
 
«ដើមឆ្នាំ ខ្ញុំ មិននឹកស្មានថាសេដ្ឋកិច្ចយើង ធ្លាក់លំបាកទេ។ ការហូបចុក ការទំនុបបម្រុង ថ្លៃទឹកភ្លើង ការចាយវាយផ្សេងៗ ទៅលើមួយឆ្នាំ នេះ គឺវាមិនបញ្ហាទេ ប៉ុន្ដែចុងឆ្នាំក្រោយពិបាកបន្ដិច ដោយសារក្មេង កាន់តែមានអនាគត ដូច្នេះ យើង មិនអាចបណ្ដេញវា ឲ្យឈប់ ឬក៏យើង បិទក្លិបទេ។ ដូច្នេះ យើង ត្រូវស្វះស្វែងរកការងារ ឬជំនួយ។ ខ្ញុំ មិនសុំបងប្អូនទេ ខ្ញុំ យកសមាសភាពខ្ញុំទៅធ្វើការ ទៅជួយកីឡាករគុនខ្មែរយើង។ អ្វីដែលសំខាន់ ខ្ញុំជាកីឡាករ ក្រោមក្រសួងមហាផ្ទៃ ខ្ញុំមានចំណូលជាប្រចាំខែ។ យើង បើកពីក្រសួងមក យើងយកទៅជួយបងប្អូន។ ចំពោះគ្រួសារ ខ្ញុំមិនអីទេ ព្រោះគាត់មានចំណូល សម្រាប់ការហូបចុក ហើយចាយវាយហើយ ប៉ុន្ដែនៅឡើយ កូនសិស្សខ្ញុំ ខ្ញុំ ត្រូវប៉ះប៉ូវ ពង្រឹងសមត្ថភាពពួកគាត់។»។ កីឡាករយុទ្ធគុនចម្រុះរូបនេះ បាននិយាយក្នុងវីឌីអូសម្ភាស ដូច្នេះ។
 
ជាប្រធានក្លិបផង និងជាគ្រូបង្វឹកផង លោក មាស ម៉ើ ឃើញនូវចំណុចវិជ្ជមានជាច្រើន នៃកីឡាករក្មេងៗ ក្នុងក្លិបមហិទ្ធិរិទ្ធគុនខ្មែរ ដោយពួកគេ មានការរីកចម្រើន ពីមួយឆ្នាំ ទៅមួយឆ្នាំ។ តាមរយៈការប្រឹងប្រែងរបស់ខ្លួន លោក មាស ម៉ើ ជឿថា កីឡាករក្មេងៗទាំងនោះ នឹងអាចមានសមត្ថភាពជំនួស កីឡាករចាស់ៗ នៅពេលពួកគេ ចូលនិវត្តន៍។ «ខ្ញុំ អាចនិយាយបានថា ក្លិបខ្ញុំ ពីមួយឆ្នាំ ទៅមួយឆ្នាំ និងទៅបន្ដិចៗ តែមិនលេចធ្លោអស្ចារ្យខ្លាំង ប៉ុន្ដែអាចបង្កើតធនធានមួយ ដើម្បីយើង អាចថា អ្នកចាស់ចូលនិវត្តន៍ អ្នកថ្មីអាចឡើង។ យើង មិនប្រាកដថា ថ្ងៃអនាគតទៅល្អ តែក្លិបខ្ញុំទេ ក្លិបផ្សេងៗទៀត ក៏គេមានសមត្ថភាពដែរ។»។ លោក មាស ម៉ើ បានប្រាប់បែបនេះ៕

Tag:
 មាស ម៉ើ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com