ជាតិ
សេដ្ឋកិច្ច
GIZ ចង់ឃើញម្ចាស់អាជីវកម្មពង្រឹងការកាត់បន្ថយប្លាស្ទិកក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ
11, Nov 2023 , 10:39 pm        
រូបភាព
លោក Frank Jattke ប្រធានក្រុមការងារប្រចាំតំបន់អាស៊ាននៃអង្គការ GIZ ក្នុងសិក្ខាសាលានាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Frank Jattke ប្រធានក្រុមការងារប្រចាំតំបន់អាស៊ាននៃអង្គការ GIZ ក្នុងសិក្ខាសាលានាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សៀមរាប៖ ជាខេត្តទេសចរណ៍ សៀមរាបមានសេវាកម្មម្ហូបអាហារ និងភេសជ្ជៈច្រើន។ ប្លាស្ទិកជាបញ្ហាកំពុងបង្កភាពស្មុគស្មាញលើការគ្រប់គ្រងកាកសំណង់ និងអនាម័យដែលទាមទារឱ្យមានការគ្រប់គ្រង និងដោះស្រាយជាបន្ទាន់។

 
ការកើនឡើងនៃចំនួនប្រជាជន និងកំណើនសកម្មភាពទេសចរណ៍នៅក្រុងសៀមរាប ដែលតម្រូវឱ្យការគ្រប់គ្រងសំណល់ប្លាស្ទិក ក្លាយជាកត្តាសំខាន់ក្នុងការថែរក្សាអនាម័យទីក្រុង ការការពារបរិស្ថាន និងធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងទេសចរ។ វិស័យម្ហូបអាហារ និងភេសជ្ជៈបានដើរតួសំខាន់ ក្នុងឧស្សាហកម្មទេសចរណ៍សៀមរាប ក្នុងនោះបរិមាណការប្រើប្រាស់ប្លាស្ទិក ក៏មានសន្ទុះខ្លាំងក្លាដែរ។ កាកសំណល់ផ្លាស្ទិកដែលកើតចេញពីការវេចខ្ចប់ សេវាអតិថិជន និងប្រភពផ្សេងៗទៀត រួមចំណែកយ៉ាងសំខាន់ដល់បញ្ហាប្រឈមក្នុងការគ្រប់គ្រងកាកសំណល់របស់ខេត្តសៀមរាប។
 
លោក Frank Jattke ប្រធានក្រុមការងារប្រចាំតំបន់អាស៊ាននៃអង្គការ GIZ ស្នើឱ្យម្ចាស់អាជីវកម្មអាហារ និងភេសជ្ជៈ ពិចារណាឡើងវិញក្នុងការប្រើប្រាស់ប្លាស្ទិក ដែលកំពុងមានចំនួនច្រើន និងបង្កក្ដីកង្វល់សម្រាប់សង្គមជាតិ ក៏ដូចជាពិភពលោក។ អ្នកជំនាញរូបនេះបញ្ជាក់ថា ម្ចាស់អាជីវកម្មគួររិះរកវិធី ឬណែនាំអតិថិជន ឱ្យមានជម្រើសផ្សេង ដែលអាចជំនួសប្លាស្ទិក។ លោកបញ្ជាក់ថា អ្នកលក់អាចសួរភ្ញៀវថាតើគេអាចដាក់កាហ្វេក្នុងកែវថ្ម ឬសម្ភារជំនួសកែវប្លាស្ទិកបានទេ ឬគាត់មិនយកថង់ច្រកដែរឬទេជាដើម ទាំងនេះជាអ្វីដែលម្ចាស់អាជីវកម្មអាចចូលរួមកាត់បន្ថយប្លាស្ទិកដែលភាគច្រើនប្រើបានតែមួយដង។ 


 
អ្នកជំនាញដដែលបានបញ្ជាក់ថា ការគ្រប់គ្រងកាកសំណល់ប្លាស្ទិកជាបញ្ហាស្មុគស្មាញ និងត្រូវមានអ្នកចូលរួម ពិសេសអ្នកប្រើប្រាស់ និងអ្នកផលិត ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ 
លោក Frank Jattke ក៏បានកោតសរសើរចំពោះម្ចាស់អាជីវកម្ម ឬសណ្ឋាគារខ្លះដែលបានចូលរួម ការងារកាត់បន្ថយប្លាស្ទិកនេះនាពេលកន្លងមក ទាំងការកែច្នៃរុក្ខជាតិផ្សេងៗជាបំពង់បឺត ប្រើប្រាស់សម្ភារដែលបង្កើតពីរុក្ខជាតិ ចានក្រដាស ដែលអាចរលាយនាពេលឆាប់ៗជាដើម។ 
 
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ លើកឡើងថា កាកសំណល់ប្លាស្ទិកច្រើនកើតឡើងដោយសារការវេចខ្ចប់អាហារទៅក្រៅ ការផ្ដល់សេវាកម្មដល់អតិថិជនដោយផ្តោតលើ គុណភាព និងអនាម័យ ដែលបណ្ដាលឱ្យមានបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាមសំណល់រឹង។ 
 
ថ្លែងនៅក្នុងសិក្ខាសាលានាថ្ងៃទី៧ ខែវិច្ឆិកា លោក យុន លីនណេ បានលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូប ត្រូវចូលរួមដោះស្រាយបញ្ហានេះទាំងអស់គ្នា គឺចាប់ផ្តើមពីខ្លួនឯងទៅសមាជិកគ្រួសារ និងការផ្សព្វផ្សាយទៅអ្នកដទៃពីមួយទៅមួយ។ ជាមួយគ្នានោះលោកអភិបាលរង បានបញ្ជាក់ថា ខេត្តសៀមរាមជាខេត្តមួយដែលកំពុងសិក្សាសាកល្បងលើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងនៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព និងគិតគូរពីតួនាទីរបស់យេនឌ័រ ដើម្បីជាគំរូដល់ទីក្រុងដទៃទៀតយកទៅសិក្សា និងអនុវត្តន៍ ព្រមទាំងចែករំលែកទៅកាន់ប្រទេស ដទៃទៀតនៅក្នុងប្រទេសអាស៊ាន។ 
 
លោក យុន លីនណេ ក៏បានអរគុណទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ និងសមាគមក្លឹបទេសចរណ៍សៀមរាប (STC) ដែលរៀបចំសិក្ខាសាលាស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងតាមទម្លាប់ចាស់។ លោកយល់ថា សិក្ខាសាលានេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធលើវិស័យសាធារណៈ ឯកជន ដើម្បីកែលម្អការគ្រប់គ្រងសំរាមសំណល់រឹងនៅក្នុងទីក្រុង និងលើកកម្ពស់ការកែច្នៃឡើងវិញ៕



Tag:
 ទេសចរណ៍
  បរិស្ថាន
  ប្លាស្ទិក
  សៀមរាប
  GIZ
© រក្សាសិទ្ធិដោយ thmeythmey.com