អន្តរជាតិ
ជប៉ុនបានចាប់ផ្ដើមសមយុទ្ធកងទ័ពជើងទឹក ដោយហ្វីលីពីនជាអ្នកសង្កេតការណ៍លើកដំបូង
12, Nov 2023 , 2:29 pm        
រូបភាព
រូ​បភាព Reuters
រូ​បភាព Reuters
កងទ័ពជើងទឹករបស់ជប៉ុនបានប្រកាស នៅថ្ងៃទី១១ ខែវិច្ឆិកា ពីការចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា ហើយហ្វីលីពីនបានធ្វើជាអ្នកសង្កេតមើលសមយុទ្ធនេះជាលើកដំបូង ស្របពេលដែលប្រទេសទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រឱ្យកាន់តែជិតស្និទ្ធ។

 
សមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នារបស់ជប៉ុននេះបានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ។ សមយុទ្ធយោធានេះ មានការចូលរួមពីកងកម្លាំងជើងទឹកអាម៉េរិក អូស្ត្រាលី និងកាណាដា ហើយហ្វីលីពីនបានចូលរួមធ្វើជាអ្នកសង្កេតការណ៍។ នេះបើតាមការបញ្ជាក់ពីឧត្តមនាវីឯក Akira Saito។ 
 
«ហ្វីលីពីន ជាប្រទេសដ៏សំខាន់មួយសម្រាប់ពួកយើង ហើយយើងកំពុងតែរកវិធីសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់ពួកគេនៅគ្រប់ឱកាសដែលអាចធ្វើទៅបាន»។ លោក Saito បានសង្កត់ធ្ងន់បែបនេះ។ 
 
សមយុទ្ធនេះធ្វើឡើងស្របពេលជប៉ុន អាម៉េរិក រួមទាំងហ្វីលីពីនកំពុងស្វះស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ដើម្បីទប់ទល់នឹងភាគីចិន។ យ៉ាងណាក្ដី លោកក៏បានបញ្ជាក់ថា សមយុទ្ធនេះមិនបានកំណត់គោលដៅលើប្រទេសណាមួយជាក់លាក់ឡើយ។ 
 
លើសពីនេះ ឧត្តមនាវីឯកអាម៉េរិក លោក Karl Thomas បានលើកឡើងថា នៅពេលដែលកងទ័ពជើងទឹកធ្វើការជាមួយគ្នាកាន់តែច្រើន ប្រតិបត្តិការពហុភាគី និងសមយុទ្ធនេះនឹងបង្កើននូវសន្តិសុខជូនតំបន់។ លោក Thomas ក៏បានបង្ហាញពីអារម្មណ៍រំភើបដែលជប៉ុន បានអញ្ជើញហ្វីលីពីនឱ្យមកធ្វើអ្នកសង្កេតការណ៍នៅឆ្នាំនេះផងដែរ។  
 
គួរបញ្ជាក់ថា សមយុទ្ធយោធានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១០ថ្ងៃ ហើយនឹងមាននាវាចំនួន៣០ និងយន្តហោះចំនួន ៤០គ្រឿងចូលរួម៕ 

Tag:
 ជប៉ុន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com