អន្តរជាតិ
ទោះត្រូវប្រឆាំងនឹងពិភពលោក អ៊ីស្រាអែលនៅតែប្តេជ្ញាកម្ចាត់ក្រុមហាម៉ាសចេញពីតំបន់កាហ្សា
12, Nov 2023 , 4:29 pm        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា។ រូបភាព The Times of Israel
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា។ រូបភាព The Times of Israel
មេដឹកនាំអ៊ីស្រាអែល នៅថ្ងៃទី១១ ខែវិច្ឆិកា បានសន្យាជាមួយទាហានរបស់ខ្លួន ក្នុងការតាមកម្ចាត់ក្រុមហាម៉ាស ដែលជាសត្រូវធំរបស់ខ្លួន បើទោះត្រូវប្រឈមមុខនឹងការរិះគន់ពីសហគមន៍អន្តរជាតិ ជុំវិញករណីស្លាប់របស់ប្រជាជនស៊ីវិលប៉ាឡេស្ទីនក៏ដោយ។

 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី១១ ខែវិច្ឆិកា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល, រដ្ឋមន្រ្តីការពារជាតិ Yoav Gallant និងរដ្ឋមន្រ្តី Benny Gantz បានច្រានចោលការរិះគន់របស់សហគមន៍អន្តរជាតិ ក្រោយប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់កាហ្សា បានធ្វើឱ្យប្រជាជនស៊ីវិលជាច្រើននាក់ស្លាប់បាត់បង់ជីវិត។ 
 
តាមការបញ្ជាក់របស់លោក ណេតាន់យ៉ាហ៊ូ មេដឹកនាំបណ្តាប្រទេសជាច្រើន បានជំរុញឱ្យអ៊ីស្រាអែល មានបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែល នឹងប្រឆាំងពិភពលោកប្រឆាំងបើចាំបាច់ ដើម្បីការពារសន្តិសុខរបស់ខ្លួន។
 
«កុំទន់ទោរទៅរកសម្ពាធ។ សង្រ្គាមរបស់យើង ក៏ជាសង្រ្គាមរបស់អ្នក។ អ៊ីស្រាអែល ត្រូវតែឈ្នះ ដើម្បីផលប្រយោជន៍របស់ពិភពលោក»។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា អ៊ីស្រាអែល នឹងបន្តប្រឆាំងពិភពលោក ប្រសិនបើចាំបាច់។ 
 
កន្លងមក មេដឹកនាំអ៊ីស្រាអែល បានប្តេជ្ញាមិនទទួលយកបទឈប់បាញ់ដាច់ខាត ដើម្បីបង្ការកុំឱ្យក្រុមហាម៉ាស អាចពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ។ អាម៉េរិក ក៏យល់ស្របលើបញ្ហានេះដែរ និងអនុញ្ញាតឱ្យមានការផ្អាកបាញ់រយៈពេលខ្លីសម្រាប់ជំនួយមនុស្សធម៌ទៅក្នុងតំបន់កាហ្សាប៉ុណ្ណោះ។ 
 
នៅពេលកន្លងមក ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់កាហ្សា ដែលបង្កឱ្យប្រជាជនស៊ីវិលជាច្រើននាក់ បាត់បង់ជីវិត។ ជាការឆ្លើយតប លោក  ណេតាន់យ៉ាហ៊ូ បានអះអាងថា វាជាកំហុសរបស់ក្រុមហាម៉ាស ដែលបង្ការប្រជាជនស៊ីវិលប៉ាឡេស្ទីន កុំឱ្យមានចាកចេញពីតំបន់មានជម្លោះ ហើយក្រុមហាម៉ាស បានប្រើប្រាស់ប្រជាជនស៊ីវិលជាខែលសម្រាប់ការពារខ្លួន។ 
 
ត្រង់ចំណុចនេះ មេដឹកនាំអ៊ីស្រាអែល បានលើកឡើងថា ក្រុមហាម៉ាស ត្រូវតែទទួលខុសត្រូវលើករណីស្លាប់របស់ប្រជាជនស៊ីវិល ហើយវាមិនមែនជាកម្លាំងរបស់អ៊ីស្រាអែលឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel។ 
 
ក្នុងជម្លោះជាង ១ខែមកនេះ អ្នកស្លាប់នៅក្នុងដែនដីកាហ្សាបានកើនឡើងលើសពី ១១០០០នាក់ហើយ ខណៈប្រជាជនភៀសខ្លួន ជាច្រើនម៉ឺននាក់ កំពុងត្រូវការជំនួយជាបន្ទាន់។ ចំណែកប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ ១៤០០នាក់ បានស្លាប់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស
  កាហ្សា
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com