ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រី សារ័ត្ន ជ្រើសរើសជំនាញព្យាបាលថ្មប្រាសាទ ដើម្បីអភិរក្សប្រាសាទបុរាណ
12, Nov 2023 , 6:59 pm        
រូបភាព
សៀមរាប៖ អ្នកស្រី ទាន សារ័ត្ន គឺជាសមាជិកក្រុមការងារអភិរក្សថ្មប្រាសាទ នៃអាជ្ញាធរជាតិអប្សរា។ រយៈពេល១០ឆ្នាំហើយ ដែលស្រ្តីវ័យ៣២ឆ្នាំរូបនេះ បានចូលរួមអភិរក្សសំណង់ប្រាសាទបុរាណ តាមរយៈការងារជួសជុល និងព្យាបាលថ្មប្រាសាទ ឱ្យឈររឹងមាំឡើងវិញ។ អ្នកស្រីបានចូលរួមជួសជុលជាង១០ប្រាសាទហើយ ក្នុងរមណីយដ្ឋានអង្គរ។ ស្រ្តីអ្នកអភិរក្សរូបនេះ សប្បាយចិត្ត និងមានមោទកភាព ដែលខ្លួនមានចំណែកក្នុងកិច្ចការងារបេតិកភណ្ឌនេះ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
អ្នកស្រី ទាន សារ័ត្ន ជាអតីតសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយក្រុមអ្នកជំនាញជួសជុលថ្មប្រាសាទពីបរទេស និងអង្គការ GIZ តាំងពីឆ្នាំ២០១៣មក។ អ្នកស្រី សារ័ត្ន មានសមត្ថភាពអាចធ្វើការងារច្រើន រាប់តាំងពីការងាររៀបចំឯកសារ ការស្រាវជ្រាវ ការងារជួសជុល ព្យាបាលថ្ម និងថតរូបភាពជាដើម។
 
បំពេញការងារប្រមាណ១ទសវត្សរ៍ លើផ្នែកអភិរក្សប្រាសាទ អ្នកស្រី សារ័ត្ន បានចូលរួមជួសជុលប្រាសាទបុរាណជាច្រើនដូចជា៖ ប្រាសាទភ្នំក្រោម ប្រាសាទបាគង ព្រះលានជល់ដំរី ខ្លោងទ្វារទន្លេអុំ ប្រាសាទប្រែរូប ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទជាច្រើនផ្សេងទៀតនៅលើភ្នំគូលែន។ បំពេញការងារបានច្រើនយ៉ាងនេះ អ្នកស្រី សារ័ត្ន សប្បាយចិត្ត និងមានមោទកភាព ដែលខ្លួនមានចំណែកក្នុងកិច្ចការងារបេតិកភណ្ឌ នៅលើទឹកដីអង្គរ។
 
«និយាយទៅទាក់ទងនឹងការស្រឡាញ់ចូលចិត្តរបស់យើងដែរ។ ទាក់ទងនឹងការស្រឡាញ់សម្បត្តិវប្បធម៌របស់យើង ដែលដូនតារបស់យើងបានបន្សល់ទុកឱ្យ។ អ៊ីចឹងទៅយើងឃើញវាមានសភាពទ្រុឌទ្រោមខូចខាត បើសិនជាពួកយើងខ្វះចំណេះដឹងក្នុងការជួសជុល ខ្វះធនធានមនុស្សមកធ្វើការ សម្បត្តិវប្បធម៌ដែលយើងមានកន្លងមក ចេះតែបាត់បង់ទៅ បើសិនយើងអត់មានអ្នកជំនាញ»។ នេះជាការលើកឡើងរបស់អ្នកស្រី សារ័ត្ន ដែលបន្តថា អ្នកស្រីមិនធ្លាប់មានអារម្មណ៍ថាធុញទ្រាន់ចំពោះការងារខ្លួនធ្វើសព្វថ្ងៃឡើយ។ ផ្ទុយទៅវិញអ្នកស្រី មានអារម្មណ៍ថាសប្បាយ ហើយកាន់តែស្រឡាញ់ថែមទៀតផង៕

Tag:
 MOJO
 ទាន សារ័ត្ន
 ជួសជុលថ្មប្រាសាទ
 ប្រាសាទបន្ទាយសំរ៉ែ
© រក្សាសិទ្ធិដោយ thmeythmey.com