កីឡាជាតិ
ជាតិ
លោក អេ ភូថង រំភើបដែលកូនឈ្នះខ្សែក្រវាត់ នៅSuper Fight ដែលខ្លួនខកខានកាលពី២០ឆ្នាំមុន
12, Nov 2023 , 8:19 pm        
រូបភាព
អេអាំម៉ារីន និង ម៉ឺន មេឃា ពាក់ខ្សែក្រវ៉ាត់ ឈរថត រូបពី BTV
អេអាំម៉ារីន និង ម៉ឺន មេឃា ពាក់ខ្សែក្រវ៉ាត់ ឈរថត រូបពី BTV
លោក អេ ភូថង ប្រធានក្លិបប្រដាល់ហ្គាឡាក់ស៊ីណាវ៉ាត្រា អេភូថង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ខ្សែក្រវាត់គុនខ្មែរពិភពលោក ដែល ម៉ឺន មេឃាដណ្ដើមបានពីប្រទេសអូស្ដ្រាលី ក្នុងព្រឹត្តិការណ៍ Super Fight កាលពីថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខ្សែក្រវាត់មួយ ដែលលោក អេ ភូថង បានបរាជ័យកាលពីជាង២០ឆ្នាំមុន អំឡុងពេលប្រកបអាជីពជាកីឡាករ។ អតីត អ្នកប្រដាល់រូបនេះមោទកភាពជាខ្លាំងចំពោះជ័យជម្នះ កូនប្រុសច្បងរបស់លោក ដោយចាត់ទុកថាជាការសម្រេចបំណងប្រាថ្នារូបលោក។


 
ប្រធានក្លិបប្រដាល់គុនខ្មែររូបនេះ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរស័ព្ទថា រូបលោក មិនចាំឆ្នាំ និងឈ្មោះគូប្រកួត ដែលបានធ្វើឲ្យលោក បរាជ័យក្នុងការដណ្ដើមខ្សែក្រវាត់នៅអូស្ដ្រាលីនេះទេ។ លោក អេ ភូថងគ្រាន់តែដឹងថាពេលវេលាកន្លងទៅជាង ២០ឆ្នាំហើយ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យរូបលោក នឹកឃើញនូវការប្រកួតខ្លះ គឺដោយសារជ័យជម្នះរបស់ ម៉ឺន មេឃា ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់នៅទឹកដីអូស្រ្ដាលី។
 
«កាលខ្ញុំ នៅជាកីឡាករ ខ្ញុំធ្លាប់ប្រកួតដណ្ដើមខ្សែក្រវាត់នេះប៉ុន្ដែអត់បានទេ ដោយសារចាញ់គេ។ រឿងវាកន្លងទៅយូរពេក ខ្ញុំចាំអត់បានទេ ជិត២០ឆ្នាំហើយ។ខ្ញុំ សប្បាយចិត្ត ព្រោះកូនប្រុសខ្ញុំដណ្ដើមបាន។ អ្វីដែលពុកធ្វើមិនបាន កូនធ្វើបាន។»។ លោក អេ ភូថង បាននិយាយដូច្នេះ។
 
ជាក់ស្ដែង ម៉ឺន មេឃា មិនមែនជាបេក្ខភាពប្រកួតដណ្ដើមខ្សែក្រវាត់ទេប៉ុន្ដែ ត្រូវបានអ្នករៀបចំកម្មវិធីប្រកួតគុនខ្មែរ Super Fight ឲ្យជំនួស លន បញ្ញាដែលត្រូវប្រកួតជាមួយ CIAN Loungheed លើប្រភេទទម្ងន់៦៥គីឡូក្រាម។ កីឡាករ លន បញ្ញា ត្រូវបានពេទ្យពិនិត្យសុខភាព ប្រាប់មិនឲ្យចូលប្រកួតព្រោះតែបញ្ហាសុខភាពខ្សោយ។ ដើម្បីឲ្យកម្មវិធីប្រកួតដំណើរការបាន អ្នករៀបចំក៏សម្រេចដាក់ ម៉ឺន មេឃា ជំនួសវិញ។ ក្នុងការប្រកួតនោះ ម៉ឺន មេឃា បានឈ្នះ CIANLoungheed ដោយពិន្ទុលើការប្រកួត ចំនួន៣ទឹក។
 
ដោយឡែក ម៉ឺន មេឃា មិនបានត្រៀមខ្លួនសម្រាប់ការប្រកួតនេះទេព្រោះការចេញទៅប្រទេសអូស្ដ្រាលីនេះ គឺគ្រាន់តែចង់មកដើរលេង បានជាគ្នាជាមួយប្អូនប្រុសខ្លួន កីឡាករ អេអាំម៉ារីន ភូថង ដែលមានបេសកកម្មប្រកួតប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពី លោកស្រី សាំង សុម៉ាលី ជាភរិយាលោក អេភូថង។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ កីឡាករ អេអាំម៉ារិន ភូថង ក៏ឈ្នះ ខ្សែក្រវាត់និងឡាន១គ្រឿង ក្នុងការប្រកួតគុនខ្មែរ Super Fight ពីប្រទេសអូស្ដ្រាលីផងដែរ ដោយឈ្នះលើកីឡាករClinton៕

Tag:
 ម៉ឺន មេឃា
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com