ជាតិ
កម្ពុជា ត្រៀមនាំចេញដំឡូងមីស្ងួត៥០ម៉ឺនតោនទៅចិន ចុងឆ្នាំនេះ
12, Nov 2023 , 9:39 pm        
រូបភាព
ការដឹកជញ្ជូនដំឡូងមីស្ងួត របស់ក្រុមហ៊ុនមួយកន្លែង។ រូបភាព៖ សមាគមន៍ដំឡូងមីកម្ពុជា
ការដឹកជញ្ជូនដំឡូងមីស្ងួត របស់ក្រុមហ៊ុនមួយកន្លែង។ រូបភាព៖ សមាគមន៍ដំឡូងមីកម្ពុជា
ភ្នំពេញ៖ កម្ពុជា ត្រៀមនាំចេញចំណិតដំឡូងមីស្ងួត៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិនដោយផ្ទាល់ ចាប់ពីខែធ្នូតទៅ។ នេះបើតាមការបញ្ជាក់របស់ លោក ជួ មករា ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១២ វិច្ឆិកានេះ។


 
សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ដែលតំណាងរបស់សហគមន៍កសិកម្ម បានចរចា និងសិក្សាយ៉ាងម៉ត់ចត់ជាមួយភាគីក្រុមហ៊ុនចិន តាំងពីឆ្នាំ២០២២ លើលក្ខខណ្ឌតម្រូវ និងបញ្ហារាំងស្ទះនានា។ ការនាំចេញចំណិតដំឡូងមីស្ងួតលើកដំបូងទៅចិននេះ គឺផ្ដោតសំខាន់លើគុណភាព និងតម្លៃដែលមានភាពប្រហាក់ប្រហែលនឹងប្រទេសជិតខាង ដែលធ្លាប់នាំទៅចិន។  
 
បើតាម លោក ជួ មករា ការនាំចេញចំណិតដំឡូងមីទៅចិន មិនបានតម្លៃខ្ពស់ជាងការលក់ឱ្យឈ្មួញថៃ និងវៀតណាម ប៉ុន្មាននោះទេ។ ប៉ុន្តែ វាជាការបើកទីផ្សារដ៏សំខាន់ និងកាន់តែទូលំទូលាយសម្រាប់កសិករផលិតដំឡូងមី។ ទៅមុខទៀត សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា នឹងបន្តធ្វើការជាមួយសហគមន៍កសិកម្មបន្ថែមទៀត រហូតឈានដល់ការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវស្ថេរភាពតម្លៃ និងទីផ្សារជូនកសិករ។  
 
លោក ប្រាប់ដូច្នេះថា៖«យើងមានកុងត្រាជាមួយក្រុមហ៊ុនចិន ហើយនាំទៅចិនផ្ទាល់តែម្ដង។ ចំពោះតម្លៃ មិនជាខុសគ្នានឹងការនាំចេញទៅប្រទេសជិតខាងប៉ុន្មានទេ ប៉ុន្តែ អ្វីដែលសំខាន់ គឺយើងអាចមានទីផ្សារ ច្រើន និងមានជម្រើសកាន់តែច្រើនសម្រាប់កសិករ»។ 
 
នៅក្នុងកិច្ចប្រជុំជាមួយ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការសាទរ និងត្រៀមរៀបចំពិធីនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន នាពេលឆាប់ៗ។
 
ក្នុងឱកាសនោះ លោក សន្យាជួយរៀបចំឱ្យមានការគាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀមនេះ ព្រមទាំងជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគបន្ថែមលើការងារស្រូវអង្ករ និងផលិតផលសក្តានុពលផ្សេងទៀត ដូចជាស្វាយចន្ទី និងមៀនប៉ៃលិនជាដើម។ 
 
ជាមួយគ្នានេះ លោក ឌិត ទីណា ជំរុញសហគមន៍កសិកម្មគម្រូថ្មី ដែលមានថវិកា ធនធានមនុស្ស មានបទពិសោធន៍ មានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ រឹងមាំ និងមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ដែលកាត់បន្ថយថ្លៃដើមផលិត សម្រាប់ផ្គត់ផ្គង់ផលិតផលមានគុណភាពតាមតម្រូវការទីផ្សារ។
 
បច្ចុប្បន្ន ដំឡូងមី ទទួលបានតម្លៃល្អ ធៀបនឹងឆ្នាំមុន ប៉ុន្តែផ្ទៃដីដាំដុះវិញបានថយចុះប្រមាណ៣០ភាគរយ ដោយសារបញ្ហារាំងស្ងួត កាលពីដើមឆ្នាំ។ តាមការប៉ាន់ប្រមាណ កម្ពុជាមានផ្ទៃដីដំាដុះដំឡូងមីចន្លោះពី៧០ទៅ៩០ម៉ឺនហិកតា។ សព្វថ្ងៃ ដំឡូងស្ងួតបានតម្លៃខ្ពស់ជាង ៨២០រៀល ក្នុងមួយគីឡូក្រាម។  
 
ដំឡូងមីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទនិងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផលការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញនិងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលីហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពលដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស។
 
នៅក្នុងគោលនយោបាយជាតិដំឡូងមី ២០២០-២០២៥ បានកំណត់គោលដៅផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម និងការអនុវត្តតាមគោលការណ៍បច្ចេកទេសដែលកសិករអាចទទួលបានប្រាក់ចំណូលខ្ពស់ ការប្រើប្រាស់ដីប្រកបដោយចីរភាពនិងកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏គាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីធ្វើឱ្យផលិតផលសក្ដានុពលមួយនេះ មានតម្លៃបន្ថែមសម្រាប់ផ្គត់ផ្គង់ទីផ្សារក៏ដូចជាទាក់ទាញវិនិយោគបន្ថែមក្នុងវិស័យដំឡូងមី។ ក្នុងនោះដែរមានការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូលនិងចាប់យកចំណែកទីផ្សារ កែលម្អកិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយចំណាយដែលមិនចាំបាច់និងសម្របសម្រួលជាមួយអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ៕
 

Tag:
 កសិកម្ម
  ដំឡូងមីស្ងួត
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com