សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតធ្លាក់ចុះ ដោយសារកាត់បន្ថយការផលិតប្រេង
12, Nov 2023 , 10:19 pm        
រូបភាព
ទិដ្ឋភាពទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ រូបភាព ៖ AFP
ទិដ្ឋភាពទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ រូបភាព ៖ AFP
សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ៤,៥ភាគរយនៅត្រីមាសទី៣ ក្រោយប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយនេះ កាត់បន្ថយការផលិតប្រេងដើម្បីរារាំងការធ្លាក់ចុះនៃតម្លៃថាមពល។

 
ផលិតផលក្នុងស្រុកសរុប (GDP) របស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ ៤,៥ភាគរយនៅត្រីមាសទី៣ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ នេះជាការធ្លាក់ចុះយ៉ាងខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសឈូងសមុទ្រមួយនេះ ចាប់តាំងពីវិបត្តិកូវីដ-១៩ ។ នេះបើតាមស្ថិតិផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។
 
វិស័យប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះអស់រយៈពេលជាច្រើនខែ ប៉ុន្តែសេដ្ឋកិច្ចទាំងមូលអាចកើនឡើង ១,២ភាគរយនៅត្រីមាសទី២ នៃឆ្នាំនេះ។ 
 
នៅត្រីមាសទី៣ វិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះ ១៧,៣ភាគរយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតតាំងពីឆ្នាំ ២០១១។ មូលហេតុនៃការធ្លាក់ចុះនេះ មកពីការកាត់បន្ថយការផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត ដើម្បីធ្វើឱ្យតម្លៃប្រេងប្រសើរឡើងវិញ។
 
ផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះមកនៅត្រឹម ៩លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែកក្កដាឆ្នាំនេះ នៅពេលដែលប្រទេសធំជាងគេនៅក្នុងអង្គការប្រទេសនាំចេញប្រេង (OPEC) រួមជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ីស្ម័គ្រចិត្តបន្ទាបទិន្នផលប្រេងសម្រាប់បំពេញតម្រូវការដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃថ្លៃប្រេង ក្នុងបរិបទនៃភាពអាប់អួសេដ្ឋកិច្ចពិភពលោក។
 
បន្ថែមពីលើផែនការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្ត អារ៉ាប៊ីសាអូឌីតក៏បានកាត់បន្ថយផលិតកម្មក្នុងក្របខ័ណ្ឌនៃអង្គការ OPEC+ ដែលជាសម្ព័ន្ធមិត្តរវាងអង្គការ OPEC និងរុស្ស៊ីផងដែរ។
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា GDP របស់អារ៉ាប៊ីសាអូឌីតនឹងកើនឡើងត្រឹមតែ ០,៨ភាគរយនៅឆ្នាំនេះ ពីការកើនឡើង ៨,៧ភាគរយដែលសម្រេចបានកាលពីឆ្នាំមុន។
 
បើតាមលោក Ralf Wiegert ប្រធានសេដ្ឋវិទូប្រចាំមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃក្រុមហ៊ុនស្រាវជ្រាវ S&P Global Market Intelligence ការកាត់បន្ថយផលិតកម្មប្រេងរបស់អារ៉ាប៊ីសាអូឌីតគឺសំដៅរក្សាស្ថិរភាពទីផ្សារប្រេងពិភពលោក។
 
នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតម្លៃប្រេង។ ការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការកាត់បន្ថយការផលិតប្រេង ដើម្បីកំណត់ការផ្គត់ផ្គង់ប្រេង សម្រាប់ទប់ទល់នឹងហានិភ័យនៃការធ្លាក់ចុះនៃតម្រូវការប្រេង។ នេះបើតាមការបញ្ជាក់របស់លោក Wiegert ។ 
 
យោងតាមអ្នកជំនាញរូបនេះ ការកាត់បន្ថយផលិតកម្មប្រេងជាបណ្តើរៗ នឹងជួយឱ្យសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតងើបឡើងវិញ។ លោកយល់ថា ការកាត់បន្ថយទិន្នផលនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៥ ហើយព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតនឹងបន្តមានភាពអាប់អួនៅឆ្នាំ២០២៤ ជាមួយនឹងកំណើនដែលរំពឹងត្រឹមតែ ១,១ភាគរយប៉ុណ្ណោះ។
 
ប្រទេសឈូងសមុទ្រផ្សេងទៀតក៏កំពុងប្រឈមមុខនឹងសម្ពាធធ្លាក់ចុះលើកំណើនដោយសារតែការកាត់បន្ថយផលិតកម្មប្រេង ប៉ុន្តែសេដ្ឋកិច្ចរបស់អេមីរ៉ាតអារ៉ាប់រួមនៅតែកើនឡើងជាលំដាប់។ កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា GDP របស់ប្រទេសនេះបានកើនឡើង ៣,៧ភាគរយនៅឆមាសទី១ នៃឆ្នាំនេះ ដោយសារកំណើនដ៏រឹងមាំនៅក្នុងវិស័យមិនមែនប្រេង និងឧស្ម័ន។
 
បើតាមសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែវិច្ឆិកា អារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តបន្តផែនការរបស់ខ្លួនក្នុងការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្ត ១លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ដំណាច់ឆ្នាំ ដោយរក្សាបាននូវផលិតកម្មប្រេងប្រហែល ៩លានបារ៉ែលក្នុងមួយថ្ងៃ។ ជាមួយគ្នានោះ រុស្ស៊ីក៏បានប្រកាសថា ខ្លួននឹងបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តចំនួន ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងខែធ្នូផងដែរ។
 
ទន្ទឹមនឹងទស្សនវិស័យកំណើនសេដ្ឋកិច្ចពិភពលោកកាន់តែយ៉ាប់យ៉ឺន អ្នកវិភាគធនាគារ ING បានព្យាករថា ទីផ្សារប្រេងនឹងឈានចូលទៅក្នុងស្ថានភាពនៃការផ្គត់ផ្គង់លើសចំណុះនៅក្នុងត្រីមាសទី១ឆ្នាំក្រោយ។ របាយការណ៍របស់ ING បានសរសេរថា កម្រិតនៃការផ្គត់ផ្គង់លើសអាចគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីឱ្យបន្តកាត់បន្ថយផលិតកម្ម ៕ 
 

Tag:
 អារ៉ាប៊ីសាអូឌីត
  សេដ្ឋកិច្ច
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com