ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
តាមជំនឿ! តើជំនាងទូក ភាគច្រើនជាស្រី ឬជាប្រុស?
27, Nov 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖  ជំនឿទាក់ទងនឹងជំនាងទូក ង នៅតែចាក់ឫសនៅក្នុងសង្គម។ លោកអាចារ្យប៊ុត ពិសិដ្ឋ គណៈកម្មាការគ្រប់គ្រង់វត្តពិជ័យរង្សី បញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថាទូក ង នីមួយៗ តែងតែមានជំនាងថែរក្សា ប្រៀបដូចដើមឈើមួយដើម ដែលអារុក្ខអារក្សអ្នកតា នៅថែរក្សា។ លោកអាចារ្យ ប៊ុត ពិសិដ្ឋ បញ្ជាក់ថា បើតាមជំនឿ ជំនាងទូក ភាគច្រើនជាស្រី។

 
សូមលោកអ្នកនាងអញ្ជើញទស្សនាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោកអាចារ្យ ប៊ុត ពិសិដ្ឋ ដូចតទៅ៖
 
 
 លោកអាចារ្យ ប៊ុត ពិសិដ្ឋ បន្តថាដើមឈើធំៗមានអាយុកាលច្រើនឆ្នាំ ច្រើនតែមានអ្នកស្នាក់អាស្រ័យ ជា អារក្ខុអារក្ស អ្នកតា ឬក៏ព្រាយនោះឡើយ។ ដើមឈើធំៗបែបនេះ គឺគេតែងយកមក ធ្វើជាទូក។ ដូច្នេះអ្នកទៅកាប់ឈើធ្វើទូក ក៏ត្រូវសែនព្រេនសុំខមាទោស សុំឈើ ក៏ដូចជាអញ្ជើញអ្នកដែលរស់នៅដើមឈើទាំងនោះមកជាមួយផងដែរ។ អ្នកគ្រប់ គ្រងទូក និងចំណុះ ត្រូវរៀបចំសែនព្រេនឱ្យបានត្រឹមមិនថា ពេលកាប់ដើមឈើ ធ្វើទូក ឬមុនប្រណាំង នោះឡើយ ដើម្បីសុំសេចក្តីសុខ អុំបានលឿន ទទួលបានជ័យជម្នះ។ 


 
លោកអាចារ្យ ប៊ុត ពិសិដ្ឋ គណៈកម្មាការគ្រប់គ្រង់វត្តពិជ័យរង្សី  បានលើកឡើងថា កាលណាគេកាប់ឆ្ការយកឈើមកកសាងធ្វើជាទូក បានន័យថាពួកគាត់(ពួកអមនុស្ស) ក៏មកស្នាក់អាស្រ័យជាមួយយើង ក្រោយមានការសែនអញ្ជើញដើម្បីមកជួយតាមថែរក្សាទូក។ ប្រសិនបើចំណុះទូក ចុះប្រណាំងមិនបានសែនព្រេន នោះជំនាងនឹងឱ្យទុក្ខឱ្យទោសដល់យើង។ ដូច្នេះគេ ត្រូវគោរព និងសែន ដើម្បីឱ្យអ្នកថែរក្សាទូក អាណិតស្រឡាញ់ នាំមកសុខសប្បាយ មិនមានហេតុភេទ គ្រោះថ្នាក់អ្វីកើតឡើង ល្បឿនក៏លឿន រីឯសុខភាពកីឡាករទូកក៏ល្អប្រពៃ។ 
«បើសិនជាជំនាង ៨០ភាគរយស្រី ២០ភាគរយជាប្រុស។ យើងបានដឹងបានតាមរយៈការសប្តិនិមិត្ត របស់កីឡាករទូកណាដែលស្រឡាញ់ទូក និងគោរពបូជាទូក នោះជំនាងនឹងមកពន្យល់សព្វឱ្យឃើញ។»។ លោកអាចារ្យ ប៊ុត ពិសិដ្ឋ បានបញ្ជាក់បែបនេះ។
 
ការសែនក្បាលទូកជាជំនឿដែលចាស់បុរាណ ក៏ដូចជាក្រុមកីឡាករអុំទូក ប្រកាន់ខ្ជាប់ជាយូរណាស់មកហើយ។មុននឹងចេញទៅប្រកួត អ្នកដឹកនាំទូក និងកីឡាករ ត្រូវរៀបចំ សែនក្បាលទូកជាមុនដើម្បីសុំសេចក្តីសុខដល់ចំណុះទូក ជួយឱ្យទូកលឿន និងរម្លឹកគុណដល់អ្នកថែរក្សាទូក។ក្រៅពីសែនក្បាលទូក ក្រុមកីឡាករវិញ ក៏ត្រូវរក្សាកម្លាំងឱ្យស្វាហាប់ និងតមពាក្យសម្តីជាដើម៕

លោកអាចារ្យ ប៊ុត ពិសិដ្ឋ គណៈកម្មាការគ្រប់គ្រងវត្តពិជ័យរង្សី




Tag:
 ជំនាងទូក
  អុំទូក
  ប៊ុត ពិសិដ្ឋ
  វត្តពិជ័យរង្សី
© រក្សាសិទ្ធិដោយ thmeythmey.com