ជាតិ
សូមជួលមគ្គុទ្ទេសក៍ដែលចេះពីតំបន់អង្គរច្បាស់ កុំជួលអ្នកពូកែកំប្លែង ឬល្បីតាមបណ្តាញសង្គម
13, Nov 2023 , 9:19 am        
រូបភាព
លោក យូ ខេមរៈ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង
លោក យូ ខេមរៈ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង
សៀមរាប៖ មគ្គុទ្ទេសក៍ទេសចរណ៍ ប្រៀបបានទៅនឹងទូតសុឆន្ទៈផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរបរទេស និងទៅកាន់ពិភពលោក។  មគ្គុទ្ទេសក៍ទេសចរណ៍ ក៏ជាតួអង្គសំខាន់ ក្នុងការបញ្ជ្រាបចំណេះដឹងប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ទៅកាន់ភ្ញៀវទេសជាតិដែរ។ ការជួលសេវាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គររបស់ទេសចរជាតិ នៅតំបន់អង្គរ នារយៈពេលចុងក្រោយនេះ ហាក់មានការកើនឡើង ហើយនិន្នាការនេះ ពិតជាបានរួមចំណែកបង្កើនជីវភាពរបស់ មគ្គុទ្ទេសក៍ ដែលបានតស៊ូយ៉ាងត្រដាបត្រដួសតាំងពីវិបត្តិកូវីដ-១៩មកនោះ។ យ៉ាងណាក៏ដោយ លោក យូ ខេមរៈ ជាមគ្គុទ្ទេសក៍ទេសចរណ៍ចាស់វស្សាមួយរូបនៅតំបន់អង្គរ កត់សម្គាល់ឃើញថា មានមគ្គុទ្ទេសក៍ខ្លះដែលមានឈ្មោះបោះសំឡេង តាមបណ្តាញសង្គម កំពុង ផ្សព្វផ្សាយព័ត៌មានប្រវត្តិសាស្ត្រខុសទៅកាន់អ្នកគាំទ្រខ្លួន។   លោក យូ ខេមរៈ ចាត់ទុកថានេះគឺរឿងគ្រោះថ្នាក់ និងបង្កឱ្យមានការភាន់ច្រឡំប្រវត្តិសាស្ត្រ។ លោក ស្នើឱ្យក្រសួងវប្បធម៌ អាជ្ញាធរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ករណីនេះ និងស្នើឱ្យទេសចរជាតិ ជួលសេវាមគ្គុទ្ទេសក៍ដែលមានចំណេះច្បាស់លាស់ពីតំបន់អង្គរ ជាជាងជួលមគ្គុទ្ទេសក៍ដែលពូកែកំប្លែង និងល្បីល្បាញតាមបណ្តាញសង្គម។

 
សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង អ្នកស្រី អ៊ីសា រ៉ហានី និងលោក យូ ខេមរៈ ដូចតទៅ៖
 
 
ការជួសជុលសេវាមគ្គុទ្ទេសក៍ទេសចរណ៍ពីទេសចរខ្មែរ មាននិន្នាការកើនឡើង ចាប់តាំងពីកំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ កំណើននេះ បានជួយសម្រាលជីវភាពមគ្គុទ្ទេសក៍មួយផ្នែក ជំនួសឱ្យការបាត់បង់ទេសចរអន្តរជាតិនាគ្រានោះ។ មូលហេតុមួយទៀត ពេលដែលមានមគ្គុទ្ទេសក៍ពន្យល់ ធ្វើឱ្យទេសចរខ្មែរអាចដឹងរឿងរ៉ាវប្រវត្តិសាស្រ្ត លើចម្លាក់ជញ្ជាំង ប្រាសាទ ឬដែលគេតែងនិយមនិយាយលេចថា អាចឱ្យថ្មនិយាយបាន។ 
 
មគ្គុទ្ទេសក៍ទេសចរណ៍ នៅតំបន់ប្រាសាទមានច្រើនភាសា ខ្លះបានចងក្រងបង្កើតជា សមាគម តាមភាសារៀងៗខ្លួន។ ដើម្បីទាក់ទាញអតិថិជនមគ្គុទ្ទេសក៍ខ្លះ បានប្រើជំនាញ ផ្ទាល់ខ្លួនដែលមាន និយាយបែកកំប្លែង កាយវិការប្លែកៗ។ល។ យ៉ាងណា មគ្គុទ្ទេសក៍ខ្លះ យល់ថា ការធ្វើដូច្នោះមិនសមរម្យទេ ហើយការនិយាយប្រវត្តិសាស្រ្តរបស់មគ្គុទ្ទេសក៍ខ្លះ ក៏មិនត្រឹមត្រូវផងដែរ។
 
មគ្គុទ្ទេសក៍ទេសចរណ៍ចាស់វស្សាមួយរូប លោក យូ ខេមរៈ បានកត់សម្គាល់ឃើញថា មគ្គុទ្ទេសក៍ខ្លះបានឆ្លៀតធ្វើឱ្យខ្លួនល្បីល្បាញក្នុងបណ្ដាញសង្គម មានអ្នកគាំទ្រច្រើន ទាំងដែលខ្លួនកំពុងធ្វើខុស។ ធ្វើខុសត្រង់ថា គេកំពុងនិយាយប្រវត្តិសាស្រ្តខុសប្រាប់ ដល់ភ្ញៀវនៅតាមប្រាសាទ ឬអ្នកទស្សនារាប់ពាន់នាក់លើបណ្ដាញសង្គម។ មគ្គុទ្ទេសក៍ ភាសាបារាំងរូបនេះពន្យល់ថា មគ្គុទ្ទេសក៍ត្រូវបានគេចាត់ទុកដូចជាអង្គទូតមួយរូប ដែលនិយាយរៀបរាប់រឿងរ៉ាវប្រវត្តិសាស្រ្តប្រាប់ភ្ញៀវ ដូច្នេះការនិយាយមិនត្រឹមត្រូវ នាំឱ្យមានការភាន់ច្រឡំខ្លាំង។ 


 
លោក ខេមរៈ ស្នើឱ្យពលរដ្ឋទាំងអស់ កុំជួលសេវាមគ្គុទ្ទេសក៍ណាដែលគ្រាន់តែល្បីតាមគ្នា តែគួរជ្រើសរើសមគ្គុទ្ទេសក៍ដែលមានចំណេះដឹងច្បាស់លាស់ មានវិជ្ជាជីវៈ ស្របច្បាប់ និងស្ដង់ដាត្រឹមត្រូវ។ លោកបន្ថែមថា៖« ពីព្រោះគេស្មានថា សកម្មភាពគាត់មានការទទួលស្គាល់ ពេញនិយម ពលរដ្ឋដែលខ្វះខាតចំណេះដឹងលើវប្បធម៌ ហើយក្មេងជំនាន់ក្រោយដែលឃើញគាត់ល្បី ថាអាហ្នឹងត្រឹមត្រូវទើបល្បី ហើយនាំគ្នាធ្វើតាម ដែលជារឿងគ្រោះថ្នាក់មួយសម្រាប់សង្គម ប្រវត្តិសាស្រ្ត»។
 
ទីប្រឹក្សាសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរអង្គររូបនេះ ស្នើឱ្យក្រសួងទេសចរណ៍គួរមានវិធានការបន្ទាន់ ដើម្បីចាត់ការលើមគ្គុទ្ទេសក៍ដែលធ្វើខុសវិជ្ជាជីវៈ និងនិយាយខុសប្រវត្តិសាស្រ្ត ដ្បិតវាប៉ះពាល់ធ្ងន់ធ្ងរដល់ ប្រវត្តិសាស្រ្ត និងវប្បធម៌ទាំងមូល។ 
 
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក្រ្ត បានឱ្យដឹងថា កន្លងមកក្រសួងតែងមានវគ្គវិក្រឹត្យការដើម្បីបណ្ដុះបណ្ដាល និងពង្រឹងជំនាញវិជ្ជាជីវៈដល់មគ្គុទ្ទេសក៍ទេសចរណ៍នៅតាមតំបន់ ដោយធ្វើយ៉ាងណាឱ្យពួកគេមានសីលធម៌ និងវិជ្ជាជីវៈក្នុងការ បំពេញតួនាទី។ លោកបញ្ជាក់ថា ក្នុងករណីដែលមគ្គុទ្ទេសក៍រូបនេះមិនបានគោរពតាមការណែនាំរបស់មន្ទីរ នោះក្រសួងមានសិទ្ធិដកអាជ្ញាបណ្ណបានគ្រប់ពេល។ 
 
លោក តុប សុភ័ក្រ្ត បន្ថែមថា៖« មគ្គុទ្ទេសក៍ជាអ្នកនាំសារ នាំព័ត៌មានដល់ទេសចរបានដឹង យើងត្រូវមានភាពច្បាស់លាស់ក្នុងការរ៉ាយរ៉ាប់ប្រាប់ទេសចរ ហើយការនិយាយខុសប្រាស់ចាកការពិត ពិសេសប្រវត្តិសាស្រ្តគឺគ្រោះថ្នាក់ខ្លាំងណាស់»៕

Tag:
 មគ្គុទ្ទេសក៍ទេសចរណ៍
  រមណីយដ្ឋានអង្គរ
  យូ ខេមរៈ
© រក្សាសិទ្ធិដោយ thmeythmey.com