ជាតិ
សង្គមជាតិ
ករណីទេសចរវៀតណាមថតវីដេអូនៅអង្គរវត្ត! អាជ្ញាធរអប្សរា ថា មានលក្ខណៈញុះញង់ក្នុងសង្គម
12, Nov 2023 , 7:36 pm        
រូបភាព
ភ្នំពេញ៖ នៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បានផ្ទុះការវែកញែកជុំវិញវីដេអូរបស់ស្រ្តីជនជាតិវៀតណាម្នាក់ ដែលថតនៅប្រាសាទអង្គរ អមដោយព្រះឆាយលក្ខណ៍ស្ដេចថៃ និងភ្លេងថៃ។ សកម្មភាពវីដេអូឃ្លីបខ្លីនេះ អាជ្ញាធរអប្សរា អះអាងថា មានលក្ខណៈញុះញង់ក្នុងសង្គម។


 
វីដេអូដែលស្រ្តីជនជាតិវៀតណាម បានថតនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប គឺកើតឡើងកាលពីថ្ងៃទី២៣ តុលាមកម៉្លេះ។ ប៉ុន្តែនាពេលថ្មីៗនេះ មានការលេចឡើងនូវវីដេអូខ្លី ដែលមានរយៈពេលជាង ១នាទី ថតនៅអង្គរវត្ត អមដោយសម្លៀកបំពាក់ថៃ ភ្លេងថៃ ទង់ជាតិថៃ និងព្រះឆាយលក្ខណ៍ស្ដេចថៃផងដែរ។
 
ក្រោយវីដេអូនេះ ចែកចាយលើបណ្ដាញសង្គម ពលរដ្ឋកម្ពុជាជាច្រើន បានជជែកគ្នាជុំវិញសកម្មភាពទាំងនេះ និងទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបកស្រាយ។ តាមរយៈសកម្មភាពទាំងនេះ អាជ្ញាធរអប្សរា បានចេញសេចក្ដីជូនដំណឹង និងបកស្រាយផងដែរ។ 
 
បើតាមអាជ្ញាធរអប្សរា កាលពីថ្ងៃទី២៣ តុលា ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់ទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិតជាមួយសម្ភារមួយចំនួន។ ក្រោយហាមឃាត់សម្ភារមួយចំនួន ភ្នាក់ងារទេសចរណ៍ ក៏បានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផងដែរ។ 
 
ទោះបីភ្នាក់ងារទេសចរណ៍ស្នើសុំឱ្យលុបចោលក្ដី ក៏នៅមានវីដេអូ និងរូបភាពដែលសមាជិករបស់ទេសចរណ៍បានថត និងយកមកកាត់តបញ្ចូលសំឡេង ដើម្បីផ្សព្វផ្សាយក្នុងបំណងមិនល្អ។ ជុំវិញបញ្ហានេះ អាជ្ញាធរអប្សរា ក៏បានទទួលកំហុស ចំពោះការខ្វះខាតមួយចំនួន ដែលកើតឡើងជាយហេតុ និងប្ដេជ្ញាពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត។
 
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់យ៉ាងដូច្នេះ៖ «ដោយសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំក្រុមហ៊ុនបណ្ដាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប»។ លើសពីនេះ អាជ្ញាធរអប្សរា ក៏បានសំណូមពរដល់សាធារណជនទាំងអស់ កុំចូលរួមចែករំលែកបន្ត ដែលជាការគាំទ្រនូវការញុះញង់ដល់សកម្មភាពអវិជ្ជមានទាំងនោះ៕
 

Tag:
 អង្គរវត្ត
  ទេសចរ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com