ជាតិ
សេដ្ឋកិច្ច
ឥណទានអត្រាការប្រាក់ទាប! នាយករដ្ឋមន្ត្រីឱ្យវិស័យឯកជនចរចាគ្នា ព្រោះរដ្ឋមិនមែនជាអ្នកកំណត់ឡើយ
13, Nov 2023 , 1:20 pm        
រូបភាព
ដោយ: រួបរួម
ចំពោះការស្នើសុំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅលោក សូ ងួន ថា រដ្ឋាភិបាលមិនមានលទ្ធភាពឡើយ ដោយសារអត្រាការប្រាក់ គឺអាស្រ័យលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាអ្នកកំណត់។ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកឯកជន «ក្រុម ច» លោក សូ ងួន បានស្នើសុំគោលការណ៍ពីប្រមុខរដ្ឋាភិបាល ឱ្យជួយជំរុញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ឥណទានដែលមានអត្រាការប្រាក់ឬទាបសម្រាប់លើកទឹកចិត្តក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់ឱ្យមានលទ្ធភាពអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

សម្តេច ហ៊ុន ម៉ាណែត បានតបវិញថា រាជរដ្ឋាភិបាលក៏អត់មានលទ្ធភាពដែរ ពោលគឺសម្តេចមិនអាចទៅប្រាប់វិស័យធនាគាររៀបចំយ៉ាងម៉េចនោះឡើយ ដោយសម្តេចលើកទឹកចិត្តឱ្យវិស័យឯកជន និងឯកជនចរចាគ្នា ហើយរដ្ឋាភិបាលនឹងគាំទ្រនូវកិច្ចព្រមព្រៀងណាមួយ។

សម្តេចស្នើវិស័យខាងដឹកជញ្ជូនចរចាជាមួយខាងវិស័យធនាគារឱ្យពិនិត្យតាមលទ្ធភាពជាក់ស្តែង។ សម្តេចគូសបញ្ជាក់ពីផលវិជ្ជមានសម្រាប់វិស័យឯកជនដែលនាំគ្នាចរចាក្នុងការស្វែងរកដំណោះស្រាយ ព្រោះជួនកាល មានករណីពាក់ព័ន្ធគ្នា ដោយអតិថិជនផ្នែកដឹកជញ្ជូន ក៏អាចជាអតិថិជនធនាគារផងដែរ។

«ខ្ញុំមិនមែនអ្នកជំនាញទេ តែលើកទឹកចិត្ត និងសុំការយោគយល់»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ដោយបានអះអាងបន្ថែមពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយសេវាកម្មផ្សេងៗ ដែលជាបន្ទុករបស់វិស័យឯកជន៕
© រក្សាសិទ្ធិដោយ thmeythmey.com